ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្លូវ​រថភ្លើង​​សាងសង់​ដោយ​ចិន​នៅ​​កេនយ៉ា​នឹង​បាត់បង់​អាជីវកម្ម​ ដែល​អាច​នឹង​រុញ​បន្ទុក​សង​បំណុល​ទៅ​លើ​អ្នក​បង់​ពន្ធ


រូបឯកសារ៖ រថយន្ដ​ដឹក​ទំនិញ​កំពុង​បើកបរ​នៅ​តាម​ផ្លូវ​ជាតិ​ពី​ក្រុង​កំពង់ផែ Mombasa ដែល​ស្ថិត​នៅ​ជាយរដ្ឋធានី​ណៃរ៉ូប៊ី ក្នុង​ប្រទេស​កេនយ៉ា ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ រថយន្ដ​ដឹក​ទំនិញ​កំពុង​បើកបរ​នៅ​តាម​ផ្លូវ​ជាតិ​ពី​ក្រុង​កំពង់ផែ Mombasa ដែល​ស្ថិត​នៅ​ជាយរដ្ឋធានី​ណៃរ៉ូប៊ី ក្នុង​ប្រទេស​កេនយ៉ា ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៦។

នៅ​ក្នុង​ឆ្នាំ២០១៩ រដ្ឋាភិបាល​កេនយ៉ា​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​បញ្ចេញ​ទំនិញ​ពី​កំពង់ផែ Mombasa​ នៅ​ជាប់មហាសមុទ្រ​ឥណ្ឌា ទៅ​រដ្ឋធានីណៃរ៉ូប៊ី និង​ទីក្រុង Naivasha ដែល​នៅ​ផ្ទៃក្នុង​ប្រទេស​វិញ។

នៅ​ពាក់​កណ្តាល​ខែ​កញ្ញា លោក​ប្រធានាធិបតី William Ruto បាន​បញ្ជា​ឱ្យ​ប្រតិបត្តិការ​នេះ​ត្រឡប់​ទៅ​ធ្វើ​នៅ​កំពង់ផែ Mombasa វិញ។

លោក​ប្រធានាធិបតី William Ruto បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ចេញ​សារាចរ​ណែនាំ​អំពីការ​បញ្ចេញ​ទំនិញ និង​បញ្ហា​ប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​នាំ​ប្រតិបត្តិការទាំង​នេះ​ទៅ​កំពង់ផែ Mombasa វិញ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​ចំពោះ​ប្រជាជន​កេនយ៉ា។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ស្តារ​ការងារ​រាប់​ពាន់​នៅ​ទីក្រុង Mombasa»។

អតីត​ប្រធានាធិបតី​លោកUhuru Kenyatta បាន​ប្តូរ​ប្រតិបត្តិការ​បញ្ចេញ​ទំនិញទៅ​ទីក្រុង​ណៃរ៉ូប៊ី​ដើម្បី​បង្កើន​ការ​ប្រើប្រាស់បណ្តាញ​ផ្លូវ​រថភ្លើង Standard Gauge ដែល​ត្រូវ​បាន​សាងសង់​ជាមួយ​នឹង​ប្រាក់​កម្ចី​ចំនួន ៤,៥ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន។ វិធានការនេះ​បាន​បង្ខំ​ក្រុមហ៊ុន​នានាឱ្យ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​ដើម្បី​ប្រើប្រាស់​ផ្លូវ​រថភ្លើង ដែល​នេះ​ជា​សេចក្តី​សម្រេច​មួយ​ដែល​ក្រុម​មន្ត្រី​មើល​ឃើញ​ថា​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​សង​ប្រាក់​កម្ចី​វិញ។

ផែនទី​ប្រទេ​សកេនយ៉ា​ដែល​បង្ហាញ​ទីក្រុង​នានា។
ផែនទី​ប្រទេ​សកេនយ៉ា​ដែល​បង្ហាញ​ទីក្រុង​នានា។

សេចក្តី​សម្រេច​របស់​លោក Ruto ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Abdulswamad Shariff Nassir អភិបាល​ក្រុង Mombasa ដែល​ទើប​ជាប់​ឆ្នោត និង​ដែល​បាន​ថ្លែង​ថា ភាព​ចាំបាច់​ក្នុង​ការ​សង​បំណុល​មិន​មែន​ជា​មូលហេតុ​នៃ​ការ​បិទ​អាជីវកម្ម​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​ Mombasa​ នោះ​ទេ។

អភិបាល​ក្រុង​រូប​នេះថ្លែងថា៖ «យើង​បាន​ប្រយុទ្ធ​ជាមួយ​បញ្ហា​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​យើង​បាន​និយាយ​ដោយ​បើក​ចំហ​ថា ទោះ​បី​ជា​ត្រូវ​សង​បំណុល​សម្រាប់​ផ្លូវ​រថភ្លើង Standard Gauge ក៏​ដោយ ក៏​មាន​វិធី​ផ្សេង​ទៀត​ដែល​អាច​សង​បំណុល​បាន។ វា​មិន​ចាំបាច់​ត្រូវ​តែ​សម្លាប់​សេដ្ឋកិច្ច​នៃ​ផ្នែក​មួយ​នៃ​ប្រទេស​នោះ​ទេ«។

បើ​យោង​តាម​ការ​វាយតម្លៃ​សេដ្ឋកិច្ច​ឆ្នាំ២០២២ ការ​ប្រើប្រាស់​ផ្លូវ​រថភ្លើងStandard Gauge បាន​កើន​ឡើង​ ២២,៦% នៅ​ក្នុង​ឆ្នាំ២០២១ និង​ទទួល​បាន​ចំណូល​ចំនួន ១០៨ លាន​ដុល្លារ​អាមេរិក​ដែល​ជា​ចំនួន​កើន​ឡើង​បើ​ធៀប​នឹង​ចំណូល ៨៧ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០២០។ ការ​កើន​ឡើង​នេះ​គឺ​ដោយសារ​ការ​ដឹក​ទំនិញ​ពី​កប៉ាល់​ទៅកាន់​ទីក្រុង​ណៃរ៉ូប៊ី។

នៅ​ពេល​ប្រតិបត្តិការ​បញ្ចេញ​ទំនិញ​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កំពង់ផែ Mombasa វិញ មនុស្ស​ជាច្រើន​មាន​ការ​បារម្ភ​ថា ផ្លូវ​រថភ្លើង​នឹង​បាត់បង់​អាជីវកម្ម​ដែល​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុមហ៊ុន​ដឹក​ទំនិញ​តាម​រថយន្ត​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​រថភ្លើង​នេះ​មាន​ការ​លំបាក​ក្នុង​ការ​សង​បំណុល​ខ្លួន និង​ចុងក្រោយ​រុញ​បន្ទុក​ចំណាយ​សាងសង់​ផ្លូវ​រថភ្លើង​នេះ​ទៅ​ឱ្យប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បង់​ពន្ធ។​

អ្នក​ជំនួញ​មួយ​ចំនួន​និយាយ​ថា ក្នុងពេល​កន្លង​មក កំពង់ផែ Mombasa មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ និង​ដឹកជញ្ជូន​កុងតឺន័រ។

រូបឯកសារ៖ រថយន្ដ​មួយ​គ្រឿង​បើក​ពី​ក្រោម​ស្ពាន​មួយ ដែល​មាន​រថភ្លើង​កំពុង​ឆ្លងកាត់​ នៅ​ក្រុង Athi River ប្រទេស​កេនយ៉ា ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ រថយន្ដ​មួយ​គ្រឿង​បើក​ពី​ក្រោម​ស្ពាន​មួយ ដែល​មាន​រថភ្លើង​កំពុង​ឆ្លងកាត់​ នៅ​ក្រុង Athi River ប្រទេស​កេនយ៉ា ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។

លោក Gerrishon Ikiara គ្រូ​បង្រៀន​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ណៃរ៉ូប៊ី​ព្យាករណ៍​ថា កំពង់ផែ Mombasa នឹង​មិន​អាច​រ៉ាប់រង​ការ​ទទួល​ខុសត្រូវ​ដែល​កើន​ឡើង​នេះ​បាន​ទេ។

លោក Ikiara បាន​ថ្លែងថា៖ «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ យើង​នឹង​ចាប់​ផ្តើម​ទទួល​រង​ផលប៉ះពាល់​ពី​ការ​ដឹកជញ្ជូន​យឺតយ៉ាវ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​មាន​ចរាចរណ៍​មមាញឹក​នៅ​លើផ្លូវ​ជាតិ​ពី Mombasa និង​មាន​អំពើ​ពុករលួយ​ក្នុង​ចំណោម​ប៉ូលិស​ចរាចរណ៍​នៅ​គ្រប់​ចំណុច​ទាំង​អស់»។

លោក Alfred Omenya អ្នក​ជំនាញ​អភិបាលកិច្ច និង​អភិវឌ្ឍន៍​ក្រុង​សង្ឃឹម​ថា បញ្ហា​ទាំង​នេះ​អាច​ដោះស្រាយ​បាន ប្រសិនបើ​រដ្ឋាភិបាល​ចាត់តាំង​អ្នក​គ្រប់គ្រង​ល្អ​ដើម្បី​ប្រតិបត្តិការ​កំពង់ផែ​នេះ។

លោក Alfred Omenya បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​សម្រេច​ត្រឹមត្រូវ។ យើង​សង្ឃឹម​ថា វា​មិន​មែនជា​សកម្មភាព​នយោបាយតាម​តែ​នឹកឃើញ​នោះ​ទេ ប៉ុន្តែ​វា​ជា​សកម្មភាព​ដែល​ផ្អែក​លើ​ការ​ធ្វើ​ផែនការ​ជាក់លាក់ យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​សម្រាប់​ប្រទេស​យើង»។

ស្ថានភាពអាក្រក់​បំផុត​ដែល​អាច​កើត​ឡើង​ពេល​អនាគត​នោះ​គឺ ការ​កកស្ទះ និង​អំពើ​ពុករលួយ​នៅ​កំពង់ផែ Mombasa នឹង​ធ្វើ​ឱ្យ​អ្នក​ជំនួញ​មក​ពី​ប្រទេស​ជិតខាង​ជ្រើសរើស​យក​កំពង់ផែ​ផ្សេង ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​កេនយ៉ា​បាត់បង់​ប្រាក់​ចំណូល​ដែល​ត្រូវការ​ខ្លាំង​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ និង​សង​បំណុល​របស់​ខ្លួន៕

XS
SM
MD
LG