មនុស្សភាគច្រើននៅប៉ែកខាងលិចនៃទ្វីបអឺរ៉ុប ចង់ឱ្យលោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ វិច្ឆិកាខាងមុខ នេះបើតាមការស្ទង់មតិថ្មីបំផុតមួយដោយអង្គការ YouGov ដែលបានសាកសួរមនុស្សរាប់ម៉ឺននាក់អំពីការបោះឆ្នោតនៅថ្ងៃទី៣វិច្ឆិកា។
ការស្ទង់មតិនេះបានធ្វើនៅក្នុងចក្រភពអង់គ្លេស ប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងស៊ុយអែត។ ពលរដ្ឋដាណឺម៉ាកបានបង្ហាញការគាំទ្រខ្លាំងបំផុតដល់លោក Joe Biden ដោយមានចំនួន៨០ភាគរយសង្ឃឹមថា គណបក្សប្រជាធិបតេយ្យនឹងឈ្នះក្នុងការបោះឆ្នោត ចំណែកឯ៦ភាគរយបាននិយាយថា ពួកគេចង់ឱ្យលោក Donald Trump ឈ្នះក្នុងការបោះឆ្នោតសម្រាប់អាណត្តិទីពីរ។
ប្រទេសអ៊ីតាលី បានបង្ហាញកម្រិតនៃការគាំទ្រខ្ពស់បំផុតដល់លោក Trump ដោយមានចំនួន២០ភាគរយ សង្ឃឹមឱ្យគណបក្សសាធារណរដ្ឋឈ្នះឆ្នោត។ ក៏ប៉ុន្តែជាងពាក់កណ្តាលនៃប្រជារាស្ត្រអ៊ីតាលីដែលចូលរួមក្នុងការស្ទង់មតិគឺ៥៨ភាគរយ បាននិយាយថា ពួកគេចង់ឱ្យលោក Biden ឈ្នះ។
នៅក្នុងចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តតាមប្រពៃណីខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកក្នុងបណ្តាពួកសម្ព័ន្ធមិត្តឆ្លងកាត់មហាសមុទ្រ Atlantic ប្រជារាស្ត្រចំនួន៦១ភាគរយបាននិយាយថា ពួកគេចង់ឱ្យលោក Biden ឈ្នះឆ្នោត ហើយមានតែ១៣ភាគរយទេដែលចង់ឱ្យលោក Trump ឈ្នះ។ នៅក្នុងប្រទេសបារាំង តួលេខប្រជារាស្ត្រគាំទ្រលោក Biden មាន៦៤ភាគរយ ហើយអ្នកគាំទ្រលោក Trump មាន១៤ភាគរយ។ នៅក្នុងប្រទេសអាល្លឺម៉ង់វិញ ប្រជារាស្ត្រ៧១ភាគរយ ចង់ឱ្យអ្នកប្រជាធិបតេយ្យឈ្នះហើយអ្នកគាំទ្រលោក Trump មាន១១ភាគរយ។
អ្នកស្រុកអល្លឺម៉ង់ភាគច្រើនដែលបាននិយាយជាមួយវីអូអេ បានថ្លែងថា ពួកគេសង្ឃឹមថា នឹងមានការផ្លាស់ប្តូរមេដឹកនាំនៅក្នុងសេតវិមាន។
លោក Lukas Andereck បាននិយាយប្រាប់វីអូអេថា «តាមមតិផ្ទាល់របស់ខ្ញុំ ខ្ញុំសង្ឃឹមថា លោក Biden នឹងជាប់ឆ្នោតទោះណាជាការណ៍នេះគ្មានផលប៉ះពាល់ផ្ទាល់ដល់ខ្ញុំ ហើយខ្ញុំមិនរស់នៅក្នុងប្រទេសអាមេរិកក៏ដោយ»។
មនុស្សខ្លះទៀត បានរិះគន់ដល់ការប្រើពាក្យសម្តីក្នុងការឃោសនាបោះឆ្នោត។ លោក Andreas Eberlein ដែលរស់នៅក្នុងទីក្រុងប៊ែរឡាំង បាននិយាយថា «ការឃោសនារកសំឡេងឆ្នោត លែងជាការប្តូរការនិយាយបង្ហាញហេតុផលទៀតហើយ។ ម្នាក់ៗមានយោបល់រៀងៗខ្លួន ហើយពួកគេខ្វែងគំនិតគ្នាខ្លាំងណាស់ ហើយរឿងនេះ នាំឱ្យខ្ញុំភ័យខ្លាច»។
នៅក្នុងក្រុងប៉ារីស អ្នកស្រុកច្រើននាក់បាននិយាយថា ពួកគេមិនបានដឹងច្រើនអំពីលោក Biden ទេ។
អ្នកស្រី Sophie Chiles ដែលជាអ្នករស់នៅក្នុងទីក្រុងប៉ារីស បាននិយាយថា «ខ្ញុំចង់ឱ្យលោក Trump ចាញ់ឆ្នោត តែខ្ញុំមិនប្រាកដថា លោកនឹងចាញ់ទេ ពីព្រោះលោកមានអ្នកគាំទ្រច្រើនណាស់។ ខ្ញុំមិនសូវស្គាល់លោក Biden ទេ»។
លោក Pierre Le Goff ជាអ្នករដ្ឋការរដ្ឋាភិបាល។ លោកបាននិយាយប្រាប់វីអូអេថា «ខ្ញុំមិនដឹងទេថាតើលោកប្រធានាធិបតី Biden នឹងជាប្រធានាធិបតីល្អជាងឬបែបណាទេ។ តែខ្ញុំសង្ឃឹមថា បើមានការផ្លាស់ប្តូររដ្ឋបាលយើងអាចធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយសហរដ្ឋអាមេរិកជាថ្មីវិញ»។
នៅក្នុងក្រុង Barcelona ប្រទេស Espagne មនុស្សច្រើននាក់រំពឹងថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងមានផលប៉ះពាល់ដល់ជីវិតពួកគេ។
លោក Sergi អ្នកស្រុក Barcelona ដែលមិនចង់ប្រាប់ឈ្មោះពេញរបស់លោកបាននិយាយថា «យើងបានឃើញលោក Trump ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ជាមួយទ្វីបអឺរ៉ុប ហើយនៅទីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះ មានផលប៉ះពាល់លើទ្វីបអឺរ៉ុប និងលើទ្វីបអាស៊ីទាំងមូល»។
នៅក្នុងប៉ែកខាងកើតនៃទ្វីបអឺរ៉ុបមានការគាំទ្រលោក Donald Trump ច្រើន។ ការស្ទង់មតិមួយរបស់អង្គការ Pew កាលពីឆ្នាំ២០១៩ បានបង្ហាញថា ជាងពាក់កណ្តាលនៃប្រជារាស្ត្រប៉ូឡូញ មានមតិគាំទ្រលោកប្រធានាធិបតីដែលជាអត្រាខ្ពស់បំផុតក្នុងអឺរ៉ុប។ សេចក្តីសម្រេចរបស់លោក Trump ក្នុងការបង្កើនចំនួនទាហានសហរដ្ឋអាមេរិកក្នុងប្រទេសប៉ូឡូញក្នុងឆ្នាំនេះ បាននាំឱ្យលោកមានប្រជាប្រីយភាពច្រើន។
លោក Trump ក៏បានទទួលការសរសើរនៅក្នុងប្រទេស Kosovo ដែរ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកឱ្យមានការផ្សះផ្សាគ្នារវាងរដ្ឋាភិបាលក្រុង Pristina និងរដ្ឋាភិបាលក្រុង Belgrade។ ពលរដ្ឋកូសូវ៉ូម្នាក់ បានបង់សោហ៊ុយដល់ផ្ទាំងប្រកាសមួយនៅតាមដងផ្លូវទៅកាន់ចំណតអាកាសយាននៃប្រទេសកូសូវ៉ូ ដែលជូនពរឱ្យលោក Donald Trump បានឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។
លោក Naim Murseli ដែលជាជនអំបូរ Kosovar រស់នៅក្នុងប្រទេសស៊ុយអែត បាននិយាយថា «ហេតុផលដែលខ្ញុំបានបង់ប្រាក់សម្រាប់ផ្ទាំងប្រកាសធំនេះ គឺដើម្បីផ្តល់កិត្តិយសជូនប្រជារាស្ត្រអាមេរិកាំង និងប្រធានាធិបតីអាមេរិកាំង»។ លោកបានថ្លែងបា្រប់ទីភ្នាក់ងារព័ត៌មាន Associated Press កាលពីដើមខែតុលាថា «ជនជាតិអាល់បានី ជាក្រុមជនលម្អៀងទៅខាងអាមេរិកាំងខ្លាំងបំផុតក្នុងពិភពលោក ហើយនៅពេលមានដំណឹងថា លោកប្រធានាធិបតី Trump ឆ្លងវីរុសកូរ៉ូណាខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ធ្វើអ្វីមួយក្នុងនាមនៃជនជាតិអាល់បានី លម្អៀងទៅខាងអាមេរិកាំងទាំងអស់ ដូច្នេះខ្ញុំក៏សម្រេចចិត្តជូនពរឱ្យលោកជាសះស្បើយឆាប់រហ័ស មានសុខភាពល្អពេញលេញ និងប្រសិទ្ធិពរជូនប្រជារាស្ត្រអាមេរិកាំង និងប្រទេសទាំងពីររបស់យើង»។
ប្រជារាស្ត្រអឺរ៉ុបច្រើននាក់ មានជំនឿថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់ធំធេងលើផ្នែករបស់ពួកគេនៃមហាសមុទ្រ Atlantic ហើយថា មានការយកចិត្តទុកដាក់ច្រើនជាងមុននៅពេលការឃោសនាបោះឆ្នោតមានភាពខ្លាំងក្លាជាងមុននៅមុនការបោះឆ្នោតនៅថ្ងៃទី៣ វិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ