ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជជែក​ដេញដោល​ចុងក្រោយ​រវាង​លោក Trump និង​លោក Biden នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​វិន័យ​ថ្មី


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិកលោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិកលោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ការជជែក​ដេញដោល​ដ៏​តានតឹង​និង​វីវក់​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។

ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​រវាង​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ដោយ​មាន​វិន័យ​ថ្មី​ដើម្បី​រារាំង​បេក្ខជន​មិន​ឲ្យ​កាត់​សម្ដី​គ្នា។

លោក​ប្រធានាធិបតី Trump សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​បែប​នេះ ដោយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទោះបីជា​លោក​គិត​ថា «វា​អយុត្តិធម៌​ខ្លាំង​ក៏​ដោយ» ក៏​លោក​នឹង​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​នេះ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee។

លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ចូលរួម ប៉ុន្តែ​វា​អយុត្តិធម៌​ណាស់​ដែល​ពួកគេ​ប្ដូរ​ប្រធានបទ ហើយ​វា​អយុត្តិធម៌​ណាស់​ដែល​ជា​ថ្មី​ម្ដង​ទៀត យើង​មាន​អ្នក​សម្របសម្រួល​ដែល​លម្អៀង​ទាំង​ស្រុង»។

អ្នកស្រី Kristen Welker អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍ NBC ប្រចាំ​សេតវិមាន គឺ​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញដោល​នេះ និង​បាន​ត្រៀម​សំណួរ​ដើម្បី​សួរ​លោក Trump និង​លោក Biden អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ បញ្ហា​របស់​ក្រុម​គ្រួសារ​អាមេរិកាំង បញ្ហា​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​សន្តិសុខ​ជាតិ និង​ភាព​ជា​អ្នក​ដឹកនាំ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ជជែក​ដេញដោល​គួរ​ផ្តោត​ខ្លាំង​លើ​បញ្ហា​អន្តរជាតិ។

ចំណែក​ឯ​យុទ្ធនាការ​របស់​លោក Biden វិញ​ថា លោក Trump ចង់​គេចវេស​ពី​ការ​ពិភាក្សា​លើ​របៀប​ដែល​រដ្ឋបាល​របស់​លោក​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ថា ភាគី​ទាំងពីរ​បាន​យល់ស្រប​រួច​ទៅ​ហើយ​ថា​ឲ្យ​អ្នក​សម្រប​សម្រួល​ជា​អ្នក​ជ្រើសរើស​ប្រធានបទ​សម្រាប់​ការ​ជជែក​ដេញដោល​នេះ៕

XS
SM
MD
LG