ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Trump ចូលរួម​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា


លោក​ប្រធានាធិបតី Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ចូលរួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា។

ការ​ជជែក​ដេញដោល​គ្នា​លើក​ទី ២ រវាង​លោក​ប្រធានាធិបតី Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden គួរតែ​ធ្វើ​ឡើង​ទល់​មុខ​គ្នា ក៏​ប៉ុន្តែ​ក្រោយ​ពី​លោក Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា​ថា លោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩ មក អ្នក​រៀបចំ​កម្មវិធី​ជជែក​ដេញដោល​នេះ​បាន​ស្នើ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​តាម​អនឡាញ ប៉ុន្តែ​លោក Trump បាន​បដិសេធ​មិន​ព្រម​ចូលរួម។

ជំនួស​មក​វិញ បេក្ខជន​ទាំង​ពីរ​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា ដែល​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​និង​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង គឹ​រដ្ឋ Pennsylvania និង​រដ្ឋ Florida។

លោក Trump ដែល​ស្ថិត​នៅ​ពី​ក្រោយ​លោក Biden នៅ​ក្នុង​ការ​ស្ទង់​មតិ ប្រឹងប្រែង​ទាក់ទាញ​ការ​គាំទ្រ។

វេទិកា​សាធារណៈ​របស់​លោក Trump ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ NBC News។

លោក Trump និយាយ​ដូច្នេះ​ថា៖ « ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​រដ្ឋ North Carolina និង​បាន​ជួបជុំ​ដ៏​ធំ​មួយ​ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម ហើយ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់។ យើង​មាន​អ្នក​គាំទ្រ​នៅ​គ្រប់​កន្លែង​ទាំងអស់​នៅ​ក្នុង​រដ្ឋ Florida និង​រដ្ឋ Pennsylvania»។

លោក Trump បាន​ការពារ​វិធានការ​របស់​លោក​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ ថា​លោក​បាន​រារាំង​ការ​ហោះហើរ​នៃ​ជើង​យន្តហោះ​មក​ពី​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​មករា។

លោក Biden ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ដែល​សម្របសម្រួល​ដោយ​លោក George Stephanopoulos នៃ​ទូរទស្សន៍ ABC News បាន​បញ្ជាក់​ថា វិធានការ​របស់​លោក Trump នោះ មិន​ត្រឹមត្រូវ​ទេ។

លោក Biden និយាយ​ដូច្នេះ​ថា៖ «វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រធានាធិបតី​ដែល​ត្រូវ​ដឹកនាំ​វិធានការ​ទប់ទល់​នឹង​ជំងឺ​នេះ ប៉ុន្តែ​លោក Trump មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ លោក Trump មិន​បាន​និយាយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ទេ ដោយសារតែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ លោក​ព្រួយ​បារម្ភ​អំពី​ទីផ្សារ​ភាគហ៊ុន»។

លោក Biden បាន​លើក​ឡើង​ថា នៅ​ពេល​នោះ លោក Trump គួរ​ជំរុញ​អភិបាល​រដ្ឋ និង​អភិបាល​ក្រុង​ឱ្យ​ពង្រឹង​ការ​រឹតត្បិត​ដែល​លោក​បាន​និយាយ​ថា​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​បាន​ច្រើន។

អ្នកស្រី Amy Coney Barrett ដែល​លោក Trump បាន​ស្នើ​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល​ កាល​ពី​សប្ដាហ៍​មុន បាន​ចូលរួម​នៅ​ក្នុង​សវនាការ​ចោទ​សួរ​របស់​ព្រឹទ្ធសភា​អំពី​បេក្ខភាព​របស់​អ្នកស្រី។ ប្រសិន​បើ​អ្នកស្រី Barrett ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​យល់ព្រម អ្នកស្រី​អាច​ជួយ​សម្រេច​នៅ​ក្នុង​តុលាការ​កំពូល ប្រសិនបើ​មាន​ការ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក Trump បាន​និយាយ​ថា៖ «ករណី​នេះ​គឺ​អាស្រ័យ​លើ​អ្នកស្រី​ទាំងស្រុង។ ខ្ញុំ​យល់​ថា អ្នកស្រី​អាច​សម្រេច​គាំទ្រ​ខ្ញុំ ​ឬ​មួយ​ប្រឆាំង​នឹង​ខ្ញុំ។ ខ្ញុំ​មិន​ឃើញ​ថា​មាន​បញ្ហា​អ្វី​ទាំងអស់»។

លោក Biden មិន​បាន​ច្រានចោល​អំពី​ការ​បង្កើន​ចំនួន​ចៅក្រម​តុលាការ​កំពូល​ដើម្បី​ផ្លាស់ប្ដូរ​តុល្យភាព​នោះ​ទេ។

លោក Biden និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​គាំទ្រ​រឿង​នេះ​ទេ។ វា​អាស្រ័យ​លើ​ថា​តើ [សវនាការ​តែងតាំង​អ្នកស្រី Barrett] នឹង​ក្លាយទៅជា​យ៉ាង​ម៉េច»។

បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​យល់ស្រប​គ្នា​លើ​ចំណុច​មួយ។

លោក Trump ថ្លែង​ថា៖ «យើង​មាន​ការ​បោះឆ្នោត​ដែល​ជិត​ចូល​មក​ដល់។ ខ្ញុំ​យល់​ថា ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់​យើង»។

លោក Biden បាន​សន្យា​ថា​នឹង​ធ្វើការ​ជាមួយ​អ្នក​សាធារណរដ្ឋ ប្រសិន​បើ​លោក​ជាប់​ឆ្នោត ដោយ​លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពីព្រោះ​មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​ពិតជា​យល់ស្រប​គ្នា»។

ក៏​ប៉ុន្តែ មាន​បញ្ហា​ជា​ច្រើន​ដែល​គណបក្ស​ទាំង​ពីរ​នេះ​នៅ​ខ្វែង​គំនិត​គ្នា។ ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​បាន​ចាប់ផ្តើម​ធ្វើ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន ហើយ​លោក Trump បាន​ព្រមាន​ថា ​អាច​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ច្រើន។ អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​ភាគ​ច្រើន​បាន​និយាយ​ថា ករណី​បែប​នេះ​មិន​បាន​កើតឡើង​នោះ​ទេ។

លោក Trump ត្រូវ​បាន​អ្នក​សម្របសម្រួល​សួរ​នៅ​ក្នុង​វេទិកា​សាធារណៈ​ក្នុង​រដ្ឋ Florida ថា តើ​លោក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឬ​ក៏​អត់ ហើយ​លោក Trump បាន​ឆ្លើយ​ថា៖ «ចម្លើយ​គឺ ខ្ញុំ​នឹង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។ ក៏​ប៉ុន្តែ​ខ្ញុំ ក៏​ដូចជា​អ្នក​ដទៃ​ទៀត​គ្រប់​គ្នា​ដែរ គឺ​ចង់​ឱ្យ​ការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៀង​ត្រង់»។

លោក Trump និង​លោក Biden គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​ទល់​មុខ​គ្នា​លើក​ចុងក្រោយ​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG