ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​អាមេរិកាំង​ពិចារណា​អំពី​ការ​គ្រប់​គ្រង​កាំភ្លើង​នៅ​ពេល​មាន​ការ​បាញ់​កាំភ្លើង​និង​មាន​បាតុកម្ម​ជា​ច្រើន​​


អ្នស្រី Tracy Astorino ទម្លាក់សន្លឹកឆ្នោតនៅ​ការិយាល័យ​បោះឆ្នោត Douglas County ក្នុង​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២០។
អ្នស្រី Tracy Astorino ទម្លាក់សន្លឹកឆ្នោតនៅ​ការិយាល័យ​បោះឆ្នោត Douglas County ក្នុង​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២០។

ការ​ជជែក​ដេញដោល​គ្នា​ដោយ​មាន​ការ​មិន​ស្រុះស្រួល​គ្នា​អំពី​ Second Amendment​ គឺ ​សិទ្ធិ​មាន​អាវុធ​និង​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​កាំភ្លើង​គឺជា​ប្រធាន​បទ​សំខាន់​នៅ​ក្នុង​មហា​សន្និបាត​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ទាំង​ពីរ​ក្នុង​ខែ​សីហា។​

ក្រុម​សាធារណរដ្ឋ​បាន​បង្ហាញ​គោល​ការណ៍​សំខាន់ៗ​អំពី​បញ្ហា​នេះ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី២៤​ខែ​សីហានៅ​ពេល​ដែល​ប្តី​ប្រពន្ធ​ពីរ​នាក់​នៅ​ក្នុង​ក្រុង​St. Louus​ រដ្ឋ​ Missouri​ ដែល​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ដោយ​បាន​ភ្ជង់​កាំភ្លើង​ដាក់​ពួក​បាតុករ​គាំទ្រ​ចលនា​ជីវិត​ជន​ស្បែក​ខ្មៅ​មាន​សារៈ​សំខាន់ ​Black Lives Matter​ ​នោះ​បាន​និយាយ​គាំទ្រ​លោក​ប្រធានាធិបតី​ Donald Trump​ (ដូណាល់​ត្រាំ)។​

សិទ្ធិ​មាន​កាំភ្លើង​ជា​សិទ្ធិ​មួយ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ស.រ.អា.​ដែល​លោក​ប្រធានាធិបតី​Donald Trump​ (ដូណាល់​ត្រាំ) ​ពោល​អះអាង​ថា​នឹង​ត្រូវដក​ចេញ​ដោយ​ពួក​ប្រជា​ធិបតេយ្យ​ប្រសិន​បើ​ពួក​គេ​ឈ្នះ​ឆ្នោត​កាន់​តំណែង​ជាន់ខ្ពស់​ក្នុង​សេតវិមាន​គឺ​ប្រធានាធិបតី។​ លោក​ Donald Trump ​បាន​និយាយ​ថា៖

«ប្រជា​ធិបតេយ្យ​នឹង​ដក​ហូត​កាំភ្លើង​លោក​អ្នក​ហើយ​នេះ​ជា​ការណ៍​ពិត​ដូច​នៅ​ពេល​លោក​អ្នក​កំពុង​នៅ​ទី​នេះ​ឬ​ឈរ​នៅ​ទី​នេះ។​ ពួក​គេ​នឹង​ដក​ហូត​យក​កាំភ្លើង​លោក​អ្នក​ឬ​ធ្វើ​ឱ្យ​វិនាស​ Second Amendment​ គឺ​សិទ្ធិ​មាន​អាវុធរបស់​លោក​អ្នក»។​

សិទ្ធិ​ក្នុង​ Second Amendment ​គឺ​សិទ្ធិ​មាន​អាវុធ​នេះ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ពិភាក្សា​នយោបាយ​ក្នុង​ប្រទេស​អាមេរិក​ដោយសារ​មុខ​នាទី​កាំភ្លើង​ក្នុង​ការ​បង្កើត​ប្រទេស​អាមេរិក។​ លោក​Alex Clayton ​នៃ​សាកលវិទ្យាល័យ ​American University និយាយ​ថា៖​

«សិទ្ធិ​មាន​អាវុធ​ចែង​ក្នុង​ន័យ​ថា​អាច​ការពារ​មិន​ឱ្យ​មាន​រដ្ឋាភិបាល​កាន់​អំណាច​ផ្តាច់ការ។​ ហើយ​ដោយសារ​មាន​បំណង​ការពារ​នៅ​រាល់​ពេលវេលា​ ​សិទ្ធិ​មាន​អាវុធ​នេះ​មាន​វត្តមាន​ឆ្លងកាត់​សង្គម​អាមេរិកាំង​ទាំងអស់»។​

សិទ្ធិ​មាន​កាំភ្លើង​បាន​ត្រូវ​គូស​បញ្ជាក់​ដោយ​ប្តី​ប្រពន្ធ​ឈ្មោះ​ Mark ​និង​ Patricia McCloskey ​មេធាវី​នៅ​រដ្ឋ​ Missouri​ នៅ​ក្នុង​យប់​ទី​មួយ​នៃ​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ។​ប្តី​ប្រពន្ធ​ពីរនាក់​នេះ​ល្បី​ឈ្មោះ​តាម​បណ្តាញ​សង្គម​ដោយសារ​បាន​ភ្ជង់​កាំភ្លើង​ដាក់​ក្រុម​បាតុករ​នៃ​ចលនា​ជីវិត​ជនស្បែក​ខ្មៅ​មាន​សារៈសំខាន់ ​Black Lives Matter​ នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់។​លោក ​Mark McCloskey​ បាននិយាយ​ថា៖​

«លោក​ប្រធានាធិបតី​ Trump​ នឹង​ការពារ​សិទ្ធិ​ដែល​ជា​អាទិទេព​ផ្តល់ឱ្យ​ប្រជារាស្ត្រ​អាមេរិកាំង​គ្រប់គ្នា​ដើម្បី​ការពារ​ផ្ទះ​សម្បែង​និង​គ្រួសារ​ពួក​គេ»។​

ពួក​អ្នក​គាំទ្រ​សិទ្ធិ​មាន​កាំភ្លើង​និយាយ​បង្ហាញ​ហេតុផល​ថា​ការ​រឹតត្បិត​សិទ្ធិ​មាន​កាំភ្លើង​មិន​មែន​ជា​ចម្លើយ​ទេ។ ​ឪពុក​របស់​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ក្នុង​វិទ្យាល័យ​Parkland​ កាល​ពី​ឆ្នាំ​២០១៨​និយាយ​ថា​លោក​Trump​បាន​ធ្វើការ​ជ្រើសរើស​ត្រឹម​ត្រូវ​ ដោយ​គាំទ្រ​គោល​នយោបាយ​តឹងរ៉ឹង​ឡើង​អំពី​សុវត្ថិភាព​ក្នុង​សាលារៀន។​ លោក ​Andrew Pollack ​បាន​ថ្លែង​ថា៖​

«ខ្ញុំ​មាន​ជំនឿ​ពិត​ប្រាកដ​ថាសុវត្ថិភាព​របស់ពួក​កូនៗ​យើង​អាស្រ័យ​លើ​បុរស​នេះ​ជាប់​ឆ្នោត​ជា​ថ្មី ឬ​មិន​ជាប់»។​

ក៏ប៉ុន្តែ​ការ​បាញ់​កាំភ្លើង​នាំឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​អំពាវនាវ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​កាំភ្លើង។​ការ​ស្ទង់មតិ​សាធារណជន​ឲ្យ​ដឹង​ថា​ ប្រជា​រាស្ត្រ​អាមេរិកាំង​ភាគ​ច្រើន​គាំទ្រ​ឲ្យមាន​ច្បាប់​រឹតត្បិត​ខ្លះៗ​ចំពោះ​ការ​ប្រើ​កាំភ្លើង។​ ដោយសារ​បញ្ហា​នេះ​មាន​ការ​មូលមតិ​គ្នា​ខ្លាំង​បែប​នេះ​ទើប​នាំ​ឱ្យ​បញ្ហា​នេះ​បាន​ត្រូវ​គូស​បញ្ជាក់​នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​ប្រជា​ធិបតេយ្យ​កាល​ពី​សប្តាហ៍​ទី​បី​នៃ​ខែ​សីហា។​

លោក ​Alex Clayton​ នៃ​សាកលវិទ្យាល័យ​ American University ​បាន​និយាយ​ថា៖​

«ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​គោល​នយោបាយ​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ជា​ការណ៍​មួយ​អាច​បង្រួប​បង្រួម​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ។​ដូច្នេះ​នេះ​ជា​ការ​ល្អ​ប្រសើរ​ដោយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​រឿង​នេះ​ជាង​ជា​លើ​អ្វី​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា»។​

លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden ​បាន​មាន​ប្រសសាន៍​ថាប្រសិន​បើ​លោក​ជាប់​ឆ្នោត​ លោក​នឹង​កំណត់​ឱ្យ​មាន​ការ​ឆែកឆេរ​ប្រវត្តិរូប​ជា​ទូទៅ​របស់​អ្នក​ចង់​ទិញ​កាំភ្លើង​ ការ​ហាមប្រាម​មិន​ឱ្យ​មាន​កាំភ្លើង​វែង​និងជំរុញ​ឱ្យ​មាន​ច្បាប់​ដែល​អាច​ដក​យក​កាំភ្លើង​ពី​ពួក​មនុស្ស​ដែល​ត្រូវ​គេ​ចាត់​ទុកថា​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ឬ​មនុស្ស​ឯ​ទៀតៗ។​

លោកស្រី​ Gabby Giffords​អតីត​សមាជិកា​សភា​ស.រ.អា.​ដែល​បាន​ត្រូវ​របួស​ធ្ងន់ធ្ងរ​ដោយ​ជន​ប្រដាប់​អាវុធ​ម្នាក់​ដែល​បាន​បាញ់​លោកស្រី​៩​ឆ្នាំ​មុន​នេះ​និយាយ​ថា ​ ត្រូវមាន​ការ​កែទម្រង់​សំខាន់ៗ។​លោកស្រី​ Gabby Giffords ​បាន​មាន​ប្រសសាន៍​ថា៖​

«យើង​អាច​បណ្តោយ​ឱ្យ​មាន​ការ​បាញ់​ប្រហារ​ត​ទៅ​ទៀត​ឬ​យើង​អាច​ចាត់​វិធានការ​ទប់ស្កាត់។​ យើង​អាច​ការពារ​គ្រួសារ​យើង​និង​អនាគត​យើង។យើង​អាច​បោះឆ្នោត​បាន។ ​យើង​អាច​នៅ​ខាង​ភាគី​ត្រឹម​ត្រូវ​នៃ​ប្រវត្តិ​សាស្ត្រ។​យើង​ត្រូវ​បោះឆ្នោត​ជូន​លោក​Joe Biden»។​

ពួក​អ្នក​វិភាគ​និយាយ​ថា ក្នុង​ការ​បោះឆ្នោត​ដែល​មាន​បញ្ហា​សំខាន់ៗ​ជាច្រើន​ ​កាំភ្លើង​នៅ​តែជា​កង្វល់​ដ៏​សំខាន់​មួយ។ លោក​ Alex Clayton ​នៃ​សាកល​វិទ្យាល័យ ​American University​ បាន​និយាយ​ថា៖​

«មាន​បញ្ហា​ពីរបី​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​នៅ​ក្នុង​ចិត្ត​គំនិត​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​និង​បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​ទាំង​នេះ​គឺ​សិទ្ធិ​មាន​កាំភ្លើង - ដូច្នេះ​មាន​បញ្ហា​ច្រើន​ដែល​ពួក​អ្នក​បោះឆ្នោត​នឹង​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ណា​ម្នាក់​ដែល​មាន​មតិ​ដូច​ពួក​គេ​អំពី​បញ្ហា​សំខាន់​នោះ»។​

ការ​ស្ទង់មតិ​ដោយ​អង្គការ​ស្រាវជ្រាវ ​Pew Research ​នៅ​ខែ​សីហា​ឲ្យ​ដឹង​ថា​ ៥៥​ភាគរយ​នៃ​ប្រជា​រាស្ត្រ​អាមេរិកាំង​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​និយាយ​ថា​គោល​នយោបាយ​អំពី​កាំភ្លើង​ជា​ផ្នែក​សំខាន់​ណាស់​នៅក្នុង​ការ​បោះឆ្នោត​របស់​ពួកគេ​នៅ​ក្នុង​ឆ្នាំ២០២០​នេះ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG