ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយកាណ៍ថា សហរដ្ឋអាមេរិកនិងប្រទេសចិនបានឌឺដងពាក្យសម្តីគ្នា ខណៈដែលភាពតានតឹងខាងយោធាកាន់តែកើនឡើងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោកនេះ។
ប្រទេសទាំងពីរកំពុងមានការទាស់ទែងគ្នាក្នុងផ្នែកជាច្រើនរួចទៅហើយ តាំងពីវិស័យបច្ចេកវិទ្យា និងសិទ្ធិមនុស្សរហូតដល់សកម្មភាពយោធាចិន នៅក្នុងសមុទ្រចិនខាងត្បូងជាដើម ដោយភាគីទាំងសងខាងចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្ករឿងមុនដោយចេតនា។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនចិនចំនួន ២៤ ក្នុងបញ្ជីខ្មៅរបស់ខ្លួន និងកំណត់បុគ្គលមួយចំនួនទាក់ទងនឹងសកម្មភាពសាងសង់ និងសកម្មភាពយោធាក្នុងសមុទ្រចិនខាងត្បូង។
ក្នុងថ្ងៃពុធនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានថ្លែងនៅកោះហាវ៉ៃ ថារដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងធ្វើទំនើបកម្មយ៉ាងខ្លាំងលើផ្នែកយោធាចិន ដើម្បីបង្ហាញអំណាចជាសាកលរបស់ខ្លួន ដែលលោកថា ជាឫសគល់នៃសកម្មភាពបង្កហេតុដូចនៅក្នុងសមុទ្រចិនខាងត្បូងជាដើម។
លោក Esper ថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងទស្សនកិច្ចនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយលោកបានពិព័ណ៌នាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថា ជាចំណុចកណ្តាលនៃ «ការប្រកួតប្រជែងរវាងមហាអំណាចជាមួយប្រទេសចិន»។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះថ្លែងថា សហរដ្ឋអាមេរិកនឹងមិន «លះបង់សូម្បីទំហំមួយអ៊ីញ» នៃដែនដីតំបន់ប៉ាស៊ីហ្វិកនេះ ទៅឲ្យប្រទេសណាដែលគិតថាប្រព័ន្ធនយោបាយនិងទស្សនៈខ្លួន អំពីសិទ្ធិមនុស្សនិងសេរីភាព ប្រសើរជាងប្រទេសផ្សេងទៀតនោះ។
យ៉ាងណាក្តី លោកថា សហរដ្ឋអាមេរិកចង់ធ្វើការជាមួយប្រទេសចិន ដើម្បីឲ្យប្រទេសនេះងាកមកគោរពតាមច្បាប់និងទម្លាប់អន្តរជាតិវិញ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកនយោបាយអាមេរិកមួយចំនួនកំពុងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងយោធារវាងចិននិងអាមេរិក នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកាខាងមុខ។ លោកថា ទង្វើនេះអាចនាំឲ្យមានការប៉ះទង្គិចគ្នាខាងយោធា និងការបាត់បង់ជីវិតដល់ទាហានជួរមុខរបស់ប្រទេសទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍ដែរ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានព្រមានថា ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ព្រមទាំងសមយុទ្ធយោធាដែលចិនកំពុងធ្វើក្នុងសប្តាហ៍នេះ នាំឲ្យមានការបារម្ភអំពីឧប្បទ្ទហេតុនៃការប៉ះទង្គិចគ្នាខាងយោធា៕