ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence រិះគន់​លោក Biden រឿង​ថវិកា​ប៉ូលិស​នៅ​ចំ​ពេល​មាន​ភាព​ចលាចល​ជាតិ​សាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងអំឡុងពេលសន្និបាតគណបក្សសាធារណរដ្ឋនៅយប់ទីបីក្នុងក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងអំឡុងពេលសន្និបាតគណបក្សសាធារណរដ្ឋនៅយប់ទីបីក្នុងក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ដោយ​មាន​ភាព​ចលាចល​រឿង​ជាតិសាសន៍​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រាប់​អ្នក​បោះឆ្នោត​ថា «អ្នក​នឹង​មិន​មាន​សុវត្ថិភាព​ទេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក Joe Biden» ដោយ​បាន​វាយប្រហារ​ដោយ​ពាក្យ​សម្តី​លើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ ថា​មាន​បំណង​ចង់​ទប់ស្កាត់​ការ​ផ្តល់​ថវិកា​ដល់​ផ្នែក​ប៉ូលិស។

លោក Pence បាន​និយាយ​នៅ​យប់​ទី ៣ នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ថា៖ «លោក Joe Biden និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្រកាន់​ជាតិ​សាសន៍​ជា​ប្រព័ន្ធ និង​ថា ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​មាន​ភាព​លម្អៀង​ប្រឆាំង​នឹង​ជាតិសាសន៍​ភាគ​តិច។ ហើយ​នៅ​ពេល​គេ​សួរ​លោក​ថា​តើ​នឹង​គាំទ្រ​ការ​កាត់​បន្ថយ​ថវិកា​ដល់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ លោក Biden បាន​ឆ្លើយ​ថា ប្រាកដជាគាំទ្រ»។

លោក Pence បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​នៅ Fort McHenry ក្នុង​ទីក្រុង Baltimore រដ្ឋ Maryland ថា៖ «ការពិត​គឺ​ថា អ្នក​នឹង​មិន​មាន​សុវត្ថិភាព​ទេ​នៅក្នុង​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក Joe Biden»។

កន្លង​មក លោក​ប្រធានាធិបតី Donald Trump និង​អ្នកគាំទ្រ​ជាច្រើន​ទៀត​របស់​លោក បាន​ចោទប្រកាន់​លោក Biden ថា​ បាន​គាំទ្រ​ចលនា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» និង​គាំទ្រ​ការ​អំពាវនាវ​របស់​សកម្មជន​សេរី​និយម​ផ្សេង​ទៀត ដែល​ចង់​ឲ្យកាត់​បន្ថយ​ការ​ផ្ដល់​ថវិកា​ដល់​មន្ទីរ​ប៉ូលិស​មូលដ្ឋាន។ លោក Biden បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងនេះ៕

XS
SM
MD
LG