ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ និង​លោក​ Biden​ នឹង​ជជែក​ដេញ​ដោល​គ្នា​នៅ​ថ្ងៃ​ទី២៩ ​ខែ​កញ្ញា​


ប្រធានាធិបតី ដូណាល់ ត្រាំ (ស្ដាំ) និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី ពី​គណប​ក្ស​ប្រជាធិបតេយ្យ។

បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សហរដ្ឋ​អាមេរិក​​ទាំង​ ២ នឹង​​ធ្វើ​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​ចុង​ខែ​កញ្ញា​នេះ។ ក្រុម​អ្នក​ជំនាញ​ខ្លះ ​ស្នើ​ឲ្យ​អ្នក​សម្រប​សម្រួល​កម្មវិធី​ទទួល​យក​សំណួរ​របស់​ពួក​អ្នក​ជំនាញ​ខាង​នយោបាយ​ផង​ដែរ។

ក្រោយពី​មហាសន្និបាត​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​គណ បក្ស​ទាំង ​២​ បាន​ចប់​សព្វគ្រប់​ហើយ ​កាល​បរិច្ឆេទ​ដ៏​សំខាន់​បន្ទាប់​នៅ​លើ​ប្រតិទិនយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ គឺ​ថ្ងៃ​អង្គារ ​ទី២៩ ខែកញ្ញា ​ដែល​ជា​ថ្ងៃ​ជជែក​ដេញ​ដោល​គ្នា​ជា​លើក​ទី១​របស់បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ទាំង​២។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ខាង​គណបក្ស​សាធារណ​រដ្ឋ​និង​លោក ​Joe Biden គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​បន្ទាប់ពី​មហា​សន្និបាត​គណបក្ស​ដើម្បី​ចាប់​ផ្តើម​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ខ្លះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ គឺ​រដ្ឋ ​Wisconsin, ​Pennsylvania និង​រដ្ឋ North Carolina។​

លោកស្រី ​Jennifer Mercieca ​សាស្ត្រាចារ្យ​ជំនួយ​ខាង​គមនាគមន៍​នៅ​ឯ​សាកល​វិទ្យា ល័យ​ Texas A&M ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ យើង​អាច​រំពឹង​ថា​នឹង​ឃើញ​ការជជែក​ដេញ​ដោល​ក្តុងក្តាំង​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង២។ បេក្ខជន​ទាំង២​នេះ​ជា​អ្នក​ប្រយុទ្ធ»។

លោក​ស្រី ​Mercieca ​និយាយ​ទៀត​ថា ​ការចង្អុល​បង្ហាញ​ពីរបៀប​ជជែក​ដេញដោល​របស់​លោក ត្រាំ​ អាច​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​របៀប​លោក​ពណ៌នា​ក្នុង​យុទ្ធនា ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ ថាជា​ «វាយ​ប្រហារ​តបត​វិញ»។

លោកស្រី​និយាយ​ទៀត​ថា៖ «លោក ត្រាំ ជា​ធម្មតា​ប្រើ​ការវាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​បុគ្គល​ជា​ជាង​ការ​ជជែក​ឲ្យ​ហេតុផល​របស់​ពួក​គេ។ ហើយ​លោក​ មិន​ខ្មាស់អៀនដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​បែប​នេះ​ទេ ហើយ​និង​សម្លុត​ពួកគេ​ក្នុង​អំឡុង​នៃ​ការជជែក​ដេញ​ដោល។ លោក​បាន​ធ្លាប់​ធ្វើ​ដូច្នេះ​នៅឆ្នាំ​២០១៦»។ លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ប្រវត្តិ​ការជជែក​ដេញ​ដោល​របស់​លោក Biden​ បង្ហាញ​ថា លោក​នឹង​ទប់​ទល់​បាន។

លោកស្រី ​Mercieca បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ យើង​បាន​ឃើញ​ក្នុង​ឆ្នាំ​២០១២ ដែល​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​មាន​លក្ខណៈ​ស្រដៀង​លោកប្រធានាធិបតី​ ត្រាំ។ ពេល​នោះ​លោក ​Biden ​បាន​ចំអក​គូប្រជែង​របស់​លោក​បន្តិច។ លោក Biden បាន​សើច​ចំអក​ឲ្យ​លោក​ Paul Ryan ចំៗ​តែម្តង។ ខ្ញុំ​មិន​គិត​ថា​ លោក​ Biden​ នឹង​មិន​ធ្វើ​ខ្លាំងៗ​ដូច​លោក​ប្រធានាធិបតី​ ត្រាំ​ ក្នុង​ការចំអក​គូ​ប្រឆាំង​ឬ​គំរាម​កំហែង​ពួកគេ​ទេ។ ក៏ប៉ុន្តែ ​លោក​អ្នក​ដឹង​ហើយ​ថា លោក​ Biden ប្រាកដ​មាន​លទ្ធភាព​ទប់ទល់​ហើយ​មិន​អនុញ្ញាតិ​ឲ្យ​ខ្លួន​របស់​លោក​រង​ការបំភិត​បំភ័យ​ទេ»។

របៀប​ជជែក​ដេញដោល

ចាប់​តាំង​ពី​មាន​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​ជាលើក​ទីមួយ​ក្នុងឆ្នាំ​១៩៦០​មក ហើយ​ចាប់​តាំង​ពី​ការ​បន្ត​ការ​ជជែក​ដេញ​ដោល​ឡើង​វិញ​នៅឆ្នាំ​១៩៧៦ មក វិធី​ជជែក​ដេញដោល​ជាទូទៅ​មាន​លក្ខណៈ​ដូចគ្នា​គឺ ​បេក្ខជន​ឆ្លើយ​សំណួរ​របស់​អ្នក​សម្រប​សម្រួល​កម្មវិធី។

លោក John Koch នាយក​នៃ​ការជជែក​ដេញដោល​នៅ​សាកល​វិទ្យាល័យ​ Vanderbilt និយាយ​ថា៖ «ការជជែក​ដេញដោល​គ្នា​នេះ ជា​សន្និសីទ​កាសែត​រួម​ដែល​បេក្ខជន​ទាំង​២ ​ចែក​រំលែក​សំឡេង​គ្នា​ហើយ​ពួកគេ​ស្ថិត​នៅ​សារ​របស់​ពួកគេ​ផ្ទាល់»។

លោក Koch បាន​ស្នើ​វិធី​ជជែក​ដេញដោល​ផ្សេង​ រួម​មាន​ការទទួល​សំណួរ​មកពី​អ្នក​ជំនាញ​ ជំនួស​អ្នក​សម្រប​សម្រួល​កម្មវិធី​ហើយ​នឹង​មើល​ពួក​បេក្ខជន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។

លោក Koch បាន​ពន្យល់​ថា៖ «ការជជែក​ដេញ​ដោល​ នឹង​ចាប់​ផ្តើម​ដោយ​ថា នេះ​ជា​បញ្ហា​ឬស្ថានភាព​នោះ។ លោក​មាន​ពេល​ឧទាហរណ៍​ថា​ត្រឹម​៣០​នាទី​ដើម្បី​ជួប​ជាមួយ​អ្នកផ្តល់​យោបល់​និង​ទីប្រឹក្សា​របស់​លោក​ហើយ​បន្ទាប់​មក​ យើង​ចង់​ឲ្យ​លោក​ត្រឡប់​មក​វិញ ជាមួយ​គោល​ជំហរ​មួយ រួច​ហើយ​ពន្យល់​អំពី​គោលជំហរ​នោះ។ បេក្ខជន​ផ្សេង​ទៀត​នឹង​ពន្យល់​អំពី​គោល​ជំហរ​របស់​ពួកគេ។ ហើយ​បន្ទាប់​មក​ យើង នឹង​មាន​ការ ជជែក​ដេញដោល​មួយ​អំពី​ថាតើ​អ្នក​បាន​សម្រេច​ការ​សម្រេច​នោះ​ដោយ​វិធីណា ​និង​អំពី​គុណភាព​នៃ​ការ​សម្រេច​ទាំង​នោះ ​ពីព្រោះ​អ្វី​ដែល​យើង​ប្រាកដ​ជា​ចង់​បាន​ពី​ប្រធានាធិបតី​គឺ​ជា​មនុស្ស​ដែ​ល​អាច​អាច​ជួប​ជាមួយ​អ្នក​ផ្តល់​យោបល់​ឬទីប្រឹក្សា​របស់​ពួក​គេ​ដើម្បី​ធ្វើការ​សម្រេច​ ហើយ​បន្ទាប់​មក​ការពារ​ការសម្រេច​នោះ​ នៅ​ពេល​មាន​វិបត្តិ​ឬ​នៅ​ពេល​ដែល​មាន​បញ្ហា​ណា​មួយ»។​

លោក​ស្រី ​Mercieca ​និយាយ​ទៀត​ថា៖ «អ្នក​បោះ​ឆ្នោត​អាច​ឃើញ​ភាព​ខុសគ្នា​រវាង​បេក្ខជន​ទាំង​២។ ដូច្នេះ​ការ​ឮ​ពួក​គេ​និយាយ ការ​ឮ​សំឡេង​ដែល​ពួក​គេ​ប្រើ​ពិត​ជា​សំខាន់​ហើយ ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដែរ​នោះ​គឺការ​ស្តាប់​អំពី​គោល​នយោបាយ​របស់​ពួកគេ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្ទាល់​អំពី​វិធី​បំពេញ​ការងារ។ ហើយ​វាក៏​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ការឆ្លើយ​តប​ដើម្បី​ឲ្យ​ពួក​គេ​អាច​ការពារ​ខ្លួន​គេ​បាន»។

តើ​ការជជែក​ដេញដោល​ផ្លាស់​ប្តូរចិត្ត​គំនិត​អ្នក​បោះឆ្នោត​ដែរ​ឬទេ?

នៅ​ឆ្នាំ ​២០១៦ ​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​៨៤​លាន​នាក់បាន​មើល​ការជជែក​ដេញ​ដោល​លើក​ទី​១​ រវាង​លោក ដូណាល់ ត្រាំ​ ដែល​ពេល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក​ស្រី​ Hillary Clinton ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ ​អាច​នាំ​ឲ្យ​មាន​ទស្សនិកជន​ច្រើន​ជាង​ពេល​កន្លង​មក​ទាំងអស់ ក៏ប៉ុន្តែ​ថា​តើវា​មានឥទ្ធិពល​លើពួក​អ្នក​បោះឆ្នោត​ដែរ​ឬ​ទេ​នោះ វា​នៅ​តែ​ជា​ចម្ងល់​នៅ​ឡើយ។

លោក Koch បាន​និយាយ​ថា៖ «ការស្រាវ​ជ្រាវ​ជាច្រើន​ស្តីពី​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​ បាន​បង្ហាញ​ថា​ ការជជែក​ដេញ​ដោល​នេះ អនុញ្ញាត​ឲ្យ​អ្នក​បោះ ឆ្នោត​យល់​អំពី​ផ្នត់​គំនិត​របស់​បេក្ខជន​ដែល​គេ​គាំទ្រ​ជាស្រេច​ទៅ​ហើយ​នោះ និង​អនុញ្ញាត​ឲ្យ​ពួកគេ​ឃើញ​ថាតើ​អ្នកណា​ខ្លះ​គាំ​ទ្រ​ជំហរ​ដូច​ពួកគេ​ដែរ​នោះ។ មិន​មាន​ភស្តុតាង​ច្រើន​ដែល​បង្ហាញ​ថា ​ការជជែក​ដេញ​ដោល​ទាំង​នោះ​ផ្លាស់ប្តូរ​ការគាំទ្រ​របស់​អ្នក​បោះឆ្នោត​ទេ»។​

តាម​អង្គការ​ស្រាវជ្រាវ​ Pew Research​ បាន​ប្រាប់​ឲ្យ​ដឹងថា ពួក​អ្នក​បោះឆ្នោត​ចំនួន​១០​ភាគ​រយ​នៅ​ឆ្នាំ​២០១៦ បាន​និយាយ​ថា ពួកគេ​សម្រេច​ចិត្តការបោះឆ្នោត​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ឬ​បន្ទាប់ពី​ការជជែក​ដេញដោល។ លោក​ស្រី​ Mercieca ​បាន និយាយ​ទៀត​ថា វាជា​«ការខ្មាស់អៀន​»ដែល​ការ​ប្រេះ​ឆារ​ខាង​នយោបាយ​របស់​ប្រទេស​អាមេរិក​ បាន​ធ្លាក់​ដល់​ស្ថានភាព​អាក្រក់​បែប​នេះ។

លោក​ស្រី​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​ដើម្បី​ឲ្យ​ការជជែក​ដេញ​ដោល​ទាំងនេះ​មាន​ប្រសិទ្ធភាព ពួកអ្នក​ស្តាប់មាន​ការទទួល​ខុស​ត្រូវ​ដើម្បី​ស្តាប់​ដោយ​មិន​ធ្វើការ​សម្រេច​ចិត្ត​ជាមុន»៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG