ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ទិវា​ពលកម្ម​អាមេរិក លោក Trump និង​លោក Biden ផ្តោត​លើ​អ្នក​ធ្វើការ​អាមេរិកាំង


លោក Joe Biden (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump (ស្ដាំ) បេក្ខជន​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ។
លោក Joe Biden (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump (ស្ដាំ) បេក្ខជន​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ។

នៅ​ក្នុង​ទិវា​ពលកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ផ្ដោត​លើ​ជោគ​វាសនា​របស់​អ្នក​ធ្វើការ​អាមេរិកាំង​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

មិន​ដល់ ៦០ ថ្ងៃ​ទៀត​ទេ ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ វិច្ឆិកា​នឹង​ចូល​មក​ដល់ ហើយ​លោក Trump បាន​សរសេរ​លើ Twitter ថា៖ «ចំនួន​ការងារ និង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច មើល​ទៅ​ល្អ​ណាស់។ រីករាយ​ទិវា​ពលកម្ម!»។ បន្ទាប់​មក​លោក​ក៏​បាន​សរសេរ​លើ Twitter មួយ​ទៀត​ថា៖ «ការស្ដារឡើង​វិញ​នៃ​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត និង​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក Trump បាន​និយាយ​ថា​ឆ្នាំ ២០២១ «នឹង​ក្លាយជា​ឆ្នាំ​ល្អ​បំផុត» លើក​លែងតែ​ក្នុង​ករណី​ដែល​លោក Biden ជាប់​ឆ្នោត និង​កាន់​អំណាច​នៅ​ខែ​មករា​តែ​ប៉ុណ្ណោះ។ លោក Trump បាន​អះអាង​ថា ប្រសិនបើ​លោក Biden ជាប់​ឆ្នោត នោះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង​ដាំ​ក្បាល​ចុះ ដោយសារតែ​ការ​យក​ពន្ធ​ខ្ពស់​ដែល​លោក Biden បាន​និយាយ​ថា​ចង់​អនុវត្ត​លើ​អ្នក​ដែល​អាច​រក​ចំណូល​បាន ៤ សែន​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ។

រីឯ​លោក Biden វិញ លោក​បាន​ចោទ​លោក Trump ថា​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ១៩ មិន​ត្រឹមត្រូវ បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​មាន​ភាព​វឹកវរ​កាន់​តែខ្លាំង និង​អ្នក​ធ្វើ​ការ​រាប់​លាន​នាក់​បាត់បង់​ការងារ៕

XS
SM
MD
LG