លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក បានបង្ហាញគម្រោងមួយកាលពីថ្ងៃពុធម្សិលមិញ ដើម្បីព្យាយាមការពារអ្នកធ្វើការអាមេរិកាំង ដោយការដំឡើងពន្ធលើក្រុមហ៊ុនណាដែលបញ្ចេញការងារទៅបរទេស។
លោក Biden ដែលនឹងប្រជែងជាមួយលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ បានបង្ហាញសេចក្តីលំអិតអំពីផែនការនេះ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅក្នុងទីក្រុងឧស្សាហកម្ម Warren រដ្ឋ Michigan។
អ្នកបោះឆ្នោតដែលជាអ្នកធ្វើការដែលធ្លាប់គាំទ្រគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Michigan បានគាំទ្រលោក Trump នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦។ លោក Biden សង្ឃឹមថា នឹងទទួលបានការគាំទ្រពីអ្នកទាំងនោះត្រឡប់មកវិញ ដើម្បីជួយលោកឲ្យឈ្នះលោក Trump ដែលកំពុងឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី២។
លោក Trump បានស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធម្សិលមិញ ក៏ប៉ុន្តែនៅថ្ងៃព្រហស្បត៍នេះ លោកក៏នឹងទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋ Michigan ផងដែរ។ រដ្ឋនេះត្រូវបានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកទាំងពីរចាត់ទុកថា ជារដ្ឋមួយដែលត្រូវតែយកឈ្នះឲ្យបានជាដាច់ខាត។
នៅថ្ងៃសុក្រស្អែក ទាំងលោក Biden និងលោក Trump នឹងទៅតំបន់ Shanksville រដ្ឋ Pennsylvania ដើម្បីប្រារព្ធខួបទី ១៩ នៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ របស់ពួក al-Qaida លើទឹកដីសហរដ្ឋអាមេរិក៕