ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ ត្រាំ ​ថ្លែង​អំពី​គ្រោះ​ថ្នាក់​នៃ​វីរុស​កូរ៉ូណា​​​ថា​«ខ្ញុំ​មិន​បាន​កុហក​ទេ»


ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ចាក​ចេញ​តាម​​ជិះ​យន្ត​ហោះ Marine One ពី​វាល​ស្មៅ South Lawn នៃ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា។
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ចាក​ចេញ​តាម​​ជិះ​យន្ត​ហោះ Marine One ពី​វាល​ស្មៅ South Lawn នៃ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា។

«ខ្ញុំមិន​កុហក​ទេ» គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ​ នៅ​ឯ​សន្និសីទ​កាសែតនាសេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បន្ទាប់​ពី​អ្នកយក​ព័ត៌មាន​ម្នាក់​បាន​សួរ​លោក​ថា​ «ហេតុអ្វី​បាន​ជា​លោក​ភូត​កុហក​ពលរដ្ឋ​អាមេរិកាំង?»។

សំណួរ​នេះ​ត្រូវ​បាន​ចោទ​សួរ​ដោយ​លោក Jon Karl អ្នក​យកព័ត៌មាន​របស់​ទូរទស្សន៍ ABC ​ប្រចាំ​សេតវិមាន​បន្ទាប់​ពី​ខ្សែ​អាត់ថត​សំឡេង​មួយ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​លោក​ Bob Woodward ដែល​ជា​អ្នកកាសែត​និង​អ្នក​និពន្ធ។ នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​នោះ ​លោក​ប្រធានាធិបតី ត្រាំ​ បាន​ទទួល​ស្គាល់​នៅ​ដើមឆ្នាំ​នេះ​ថា ​លោក​ចង់​បន្ធូ​បន្ថយ​ការ​គំរាមកំហែងពី​វីរុស​កូរ៉ូណា។

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ឆ្លើយ​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​បង្ហាញ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​បំភ័ន្ត​មតិជាតិ​ដោយ​ចេតនា​អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩​ ដោយ​លោក​និយាយ​ «ខ្ញុំ​មិន​ចង់​ហក់​ចុះ​ហក់​ឡើង​ហើយ​ស្រែក​ថា​ ស្លាប់! ស្លាប់! នោះ​ទេ»។

លោក​ប្រធានាធិបតី ត្រាំ​ ក៏​បាន​ស្វះ​ស្វែង​ធ្វើ​ឲ្យ​ស្ងប់​ដល់​ការ​រិះគន់​អំពី​កិច្ច​សម្ភាសន៍​ចំនួន​១៨​ដែល​លោក​បាន​ធ្វើ​ជាមួយ​លោក ​Woodward ដែល​បាន​លេច​ចេញ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ « Rage»​ឬ​«កំហឹង»។

លោក​ប្រធានាធិបតី ត្រាំ​ បាន​និយាយ​ថា ​ប្រសិនបើ​លោក ​Woodward គិត​ថា​អត្ថាធិប្បាយ​របស់​លោក​អំពី​វីរុស​កូរ៉ូណា​ ជា​ការ​អាក្រក់​ខ្លាំង ​លោក Woodward ​គួរ​ប្រាប់​សាធារណជន​ឲ្យ​ដឹង​ភ្លាមៗ​ ជា​ជាង​រង់ចាំ​ជា​ច្រើន​ខែ​ដើម្បី​បញ្ចេញ​ខ្សែ​អាត់​ថត​សំឡេង​នោះ។

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ លោក Joe Biden បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្សតិ៍​ថា ​លោក ត្រាំ​ ភូត​កុហក​សាធារណជន​អាមេរិកាំង​ដោយ​ចេតនា ​អំពី​គ្រោះ​ថ្នាក់​នៃ​វីរ៉ុស​នេះ​អស់​ពេល​រាប់​ខែ ហើយ​ថា​លោក​ ត្រាំ​ បរាជ័យ​ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​ដោយ​ចេតនា៕

XS
SM
MD
LG