ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន


ទូក​នេសាទ​​តៃវ៉ាន់ ដែល​មាន​ដាក់​ទង់​ជាតិ​តៃវ៉ាន់​​ត្រៀម​ចេញ​ទៅ​កាន់​កោះ Taiping ដែល​ខ្លួន​គ្រប់គ្រង កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា។
ទូក​នេសាទ​​តៃវ៉ាន់ ដែល​មាន​ដាក់​ទង់​ជាតិ​តៃវ៉ាន់​​ត្រៀម​ចេញ​ទៅ​កាន់​កោះ Taiping ដែល​ខ្លួន​គ្រប់គ្រង កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា។

គេ​ឃើញ​មាន​ភាព​តានតឹង​ខាង​វោហាសាស្ត្រ​ផ្សេងៗ​នៅ​ក្នុង​តំបន់ ​បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​ការ​ទាមទារ​ភាគច្រើន​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ​សកម្មភាព​ផ្នែក​ការទូត​មួយ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​នូវ​បទដ្ឋាន​នៃ​ការ​អនុវត្ត​ដែល​ទទួល​យក​បាន នៅ​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ​នោះ។ នេះ​នឹង​ក្លាយ​ជា​ចំនុច​ស្នូល​សម្រាប់​ការ​ពិភាក្សា​មួយ​នៅ​ពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​តំបន់​ទាំង​អស់​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ក្នុង​សប្តាហ៍​នេះ ​នៅ​ក្នុង​ប្រទេស​ឡាវ។

លោកស្រី ​Colin Willett ​ឧបការី​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា៖ «សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​បញ្ហា​នយោបាយ និង​សន្តិសុខ​ចម្បង​មួយ​នៅ​ក្នុង​តំបន់ ​ហើយ​ដោយសារ​តែ​អញ្ចឹង​ហើយ​បាន​ជា​បញ្ហា​នេះ​ត្រូវ​លើក​យក​មក​ពិភាក្សា​យ៉ាង​ទូលំទូលាយ​នៅ​ពេល​ដែល​យើង​មាន​កិច្ចប្រជុំ​ពហុភាគី​ទាំង​នេះ‍»។

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ប្រទេស​សមាជិក​អាស៊ាន​បាន​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​ក្រម​ប្រតិបត្តិ​ដែល​តម្រូវ​ឲ្យ​គោរព​តាម​សម្រាប់​បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​បន្ត​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ករណី​នេះ​គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ ទោះ​បីជា​បន្ទាប់ពី​មាន​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ក៏ដោយ។

លោក Gregory Poling ប្រធាន​គម្រោង​គំនិត​ផ្តួចផ្តើម​តម្លាភាព​កិច្ចការ​សមុទ្រ​ទទួល​បន្ទុក​ទ្វីប​អាស៊ី​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for Strategic and International Studies) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «គំនិត​ដែល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ឯកភាព​ទទួល​យក​ក្រម​ប្រតិបត្តិ​ដែល​នឹង​ដាក់​កំហិត​ដល់​សកម្មភាព​របស់​ប្រទេស​ចិន​នោះ គឺ​មិន​អាច​ទៅរួច​នោះ​ទេ នា​ពេល​ឥឡូវ​នេះ‍»។

លោក​ Poling​ និង​អ្នក​វិភាគ​ផ្សេង​ទៀតបាន​ព្រមាន​ថា​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ប្រកួត​ប្រជែង​គ្នា​ដដែល។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទទូច​ចង់​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ ហើយ​យោធា​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ល្បាត​ត្រួត​ពិនិត្យ​មើល​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវ​ទឹក ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្តេជ្ញា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណា​មួយ​នៅ​ក្នុង​ដែន​ទឹក​ដែល​ខ្លួន​បាន​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់​មុខ​នោះ៕

XS
SM
MD
LG