ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្មារតី​ជាតិ​និយម​វៀតណាម​កើន​ឡើង​បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​លើ​សមុទ្រ​ចិន​ខាង​ត្បូង


ប៉ូលិស​ម្នាក់​ (រូប​ស្តាំ) មាន​ប្រតិកម្ម​នៅ​ពេល​មាន​សកម្មជន​របស់​បាតុកម្ម​កាន់​បដា​ប្រឆាំង​នឹង​ចិន នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

ឥស្សរជន​ល្បីៗ​របស់​វៀត​ណាម​កំពុង​បង្ហាញ​ពួក​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់​លាន​នាក់​​ពីជំហរ​របស់​ខ្លួន​លើ​ការ​សម្រេច​ដ៏​សំខាន់​របស់​តុលាការ​កាល​ពី​សប្តាហ៍​មុន​ដែល​ផ្តល់​ជ័យ​ជម្នះ​ដល់​ប្រទេស​ហ្វីលីពីន​លើ​ការ​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ច្រើន​ពី​សំណាក់​​​រដ្ឋាភិបាល​ក្រុងប៉េកាំង។ ​

សេចក្តី​សម្រេច​កាល​ពី​សប្តាហ៍​មុន​ដោយ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ដែល​មាន​ទីតាំងនៅ​ក្នុង​ទីក្រុង​ឡាអេ ​បាន​សម្រេច​ថា ​ចិន ​មិន​មាន​មូលដ្ឋាន​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​ប្រជុំ​កោះ​នៅផ្ទៃ​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​និង​មាន​ជម្លោះ​ទេ។ សេចក្តី​សម្រេចនេះ ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ពួក​មន្ត្រី​ចិន​និង​សិល្បករ​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​ជា​ប្រទេស​ទាម​ទារ​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

ក្នុង​ការ​ឆ្លើយតប​ដែល​ហាក់​ដូចជា​រៀប​ចំ​ឡើង​អ្នក​ចម្រៀង​វៀតណាម​ល្បីៗ​ខ្លះ​ បាន​តុបតែង​ទំព័រ​ Facebook ​របស់​ខ្លួន​ដោយ​មាន​ពាក្យ​ថា​ «ទេ‍» ​ដាក់​នៅ​លើ​ផែនទី​ដែល​បង្ហាញ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដាច់ៗ​ជា៩​ចំណុច​របស់​ចិន​ដែល​បានគូស​ពី​ការ​ទាមទារ​ផ្ទៃ​សមុទ្រ​នោះ​ច្រើន​របស់​ចិន។

ក្នុង​ចំណាត់ការ​ប្រកប​ដោយ​ការ​ក្លាហាន​មួយ​ទៀត​ដែល​ទំនង​ជា​បាន​ទទួល​ការ​យល់​ព្រម​ពី​អង្គការ​ឃ្លាំមើល​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​វៀតណាម​ខាង​ត្បូង ​បាន​ផ្អាក​ការ​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​របស់​ចិន​បន្ទាប់​ពី​តួសម្តែង​ដ៏​សំខាន់​ម្នាក់​បាន​សម្តែង​នូវ​ការ​គាំទ្រ​ការ​ទាម​ទារ​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

ក្នុង​ខណៈ​នោះ​ដែរ មាន​សេចក្តី​រាយការណ៍​ថា ​ពួក​មន្ត្រី​អន្តោប្រវេសន៍​វៀតណាម​នៅ​តំបន់​ព្រំដែន​ចិន បាន​បដិសេធ​ពុំ​ព្រម​បោះត្រា​លើ​លិខិត​ឆ្លង​ដែន​ទេសចរណ៍​ចិនដែល​មាន​រូបភាព​តំបន់​ផ្ទៃ​សមុទ្រ​ដែល​បាន​កំណត់​ព្រំ​ដែន​រួច​ហើយ​បាន​បោះត្រាទិដ្ឋាការ​នៅ​លើ​ឯកសារ​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ជំនួស​វិញ។

ខណៈ​នោះ​ដែរ ​ពួក​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ​ការ​បដិសេធ​ពុំ​ព្រម​បោះត្រា​លើ​លិខិត​ឆ្លងដែន ​អាច​កំញើញ​ពួក​អ្នក​ធ្វើ​ដំណើរ​កុំ​ឲ្យ​ទៅ​ទស្សនា​វៀតណាម ​លោក Tran Cong Truc អតីត​មន្ត្រី​ដែល​បាន​ដោះ​ស្រាយ​ជាមួយ​ប្រទេស​ចិន​ពី​បញ្ហា​ព្រំ​ដែន ​បាន​ហៅ​ការ​បដិសេធ​នេះ​ថា ​ជា​ចំណាត់​ការ​ត្រឹម​ត្រូវ។

លោក Tran ​និយាយ​ថា «ការ​បោះត្រា​លើ​លិខិត​ឆ្លង​ដែន​របស់​ពួកគេ ​នឹង​ទទួល​ស្គាល់​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ យើង ​មិន​អាច​ទទួល​យក​ការ​ទាម​ទារ​ដោយ​គ្មានហេតុ​ផលដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​តុលាការ​សម្រប​សម្រួល​អន្តរជាតិ​នោះ​ទេ‍»។

នៅ​លើ​ទំព័រ Facebook ​របស់​ VOA​ ផ្សាយ​ជា​ភាសា​វៀត​ណាម​ អ្នក​អាន​ម្នាក់​មាន​ឈ្មោះ​ថា Van Giang ​បាន​យល់​ស្រប ​ខណៈ​ដែល​លោក Hong An Nguyen បាន​និយាយ​ថា ​របប​វៀត​ណាម​ ​កំពុង​អុច​អាល​ឲ្យ​មាន​មនោសញ្ចេតនា​ជាតិ​និយម​ដើម្បី​គេច​ចេញ​ពី​បញ្ហា​សំ​ខាន់ៗ​ផ្សេង​ទៀត​នៅ​ខាង​ក្នុង​ប្រទេស​ដូចជា​អំពើ​ពុករលួយ​ ការ​បំពុល​បរិស្ថាន ឬ​បំណុល​ជាតិ។

ខណៈ​ដែល​គាំទ្រ​វិធានការ​នានា​ដើម្បី​ការពារ​អ្វី​ដែល​លោក​ហៅថា​អធិបតេយ្យ​ភាព​របស់​វៀតណាម ​លោក Truc ​បានព្រមានប្រឆាំង​មនោសញ្ចេតនាជាតិ​និយម​ជ្រុល​ដែល​អាច​ធ្វើ​ឲ្យ​អស្ថិរភាព​ក្នុង​សង្គម។ ​ចំពោះ​ជន​ជាតិ​វៀតណាម​ជា​ច្រើន ​ការកើន​ឡើង​នូវ​មនោសញ្ចេតនា​ជាតិ​និយម ​ធ្វើ​ឲ្យ​នឹក​ឃើញ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០១៤ ​នៅ​ពេល​ដែល​កុបករ​រាប់​ពាន់​នាក់ ​បាន​វាយ​ប្រហារ​ក្រុមហ៊ុន​នានា​ដែល​គេ​មើល​ឃើញ​ថា​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចិន ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​បាន​តម្លើង​ការដ្ឋានខួង​ប្រេង​ដ៏​ធំមួយនៅ​ក្នុង​ផ្ទៃ​ទឹក​ដែល​រដ្ឋាភិបាល​ទីក្រុងហាណូយ ​បាន​ទាមទារ​ថា​ជា​របស់​ខ្លួន​ដែរ។

នៅ​ក្នុង​ការ​រិះគន់​ដ៏​កម្រ​មួយ​ដែល​ទំនង​បង្ហាញ​ពី​ការ​មិន​ស្រុះ​ស្រួល​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​កាលពី​ថ្ងៃ​ច័ន្ទ​ បណ្តាញ​ព័ត៌​មាន​វៀតណាម​ បាន​ស្តី​បន្ទោស​សារព័ត៌មាន​រដ្ឋ​ចិន​ចំពោះ​សេចក្តី​រាយការណ៍​មិន​ពិត​ថា ​លោក Nguyen Xuan Phuc ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ បាន​ប្រាប់​លោក​ Li Keqiang ​នាយក​រដ្ឋ​មន្ត្រី​ចិន​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី​កាល​ពី​សប្តាហ៍​មុន​ថា​វៀតណាម ​គោរព​ជំ​ហរ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ស្តី​ពី​ការ​សម្រេច​ហើយ​នឹងចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ការ​ចរចា​ទ្វេភាគី​ស្តីពី​ផ្ទៃ​ទឹក​មាន​ជម្លោះ​នោះ។

លោក Le Hai Binh ​អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​វៀត​ណាម ​កាល​ពី​ដំបូង​បាន​ស្វា​គមន៍​សេចក្តី​សម្រេចនោះ ​ដោយ​និយាយ​ឡើង​វិញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយដល់​ដំណោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​មធ្យោ​បាយ​សន្តិវិធី។​ លោក Binh ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម ​បាន​ឈប់​និយាយ​ថា​តើ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​នឹង​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​ការទាម​ទាររបស់​ចិន​នោះ​ដែរ​ឬ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​សប្តាហ៍​មុន ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​២​រូប​គឺ​លោក John McCain ​មក​ពីរដ្ឋ​ Arizona ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​ព្រឹទ្ធ​សភា ​និង​លោក Dan Sullivan ​នៃ​រដ្ឋ​អាឡាស្កា «បាន​លើក​ទឹក​ចិត្ត​ប្រទេស​ទាម​ទារ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដទៃ​ទៀត ​រួម​មាន​វៀត​ណាម​ឲ្យ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ប្រហាក់​ប្រហែល​គ្នា​ដល់​ជម្លោះដែន​សមុទ្រតាម​រយៈ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​និង​តាម​ការ​ចរចា​ក្នុង​ចំណោម​ភាគី​នានា‍»។

នៅពេល​សួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ទីក្រុង​ហាណូយ គួរ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ​លោក Sullivan ​បាន​ហៅ​ដំណោះ​ស្រាយ​នោះ​ថា​ជា «មធ្យោបាយ​មួយ​ដើម្បី​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ដល់​បញ្ហា​ប្រឈម​ក្នុង​តំបន់‍»។

លោក​សមា​ជិក​ព្រឹទ្ធ​សភា ​បាន​មាន​ប្រសាសន៍​ខណៈ​ដែល​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៅឯ​សន្និសីទ​ស្តីពី​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​បាន​រៀប​ចំដោយ​មជ្ឈ​មណ្ឌល​ការ​សិក្សា​យុទ្ធ​សាស្ត្រ និង​អន្តរជាតិ​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «សហ​រដ្ឋ​អាមេរិក​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ដំណោះ​ស្រាយ​នេះ​ដោយ​សន្តិវិធី។ ប្រសិនបើ ​មាន​ឥរិយាបថ​ពី​ចិន​ថា ​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​ដាច់ៗ​ជា៩​ចំណុច​នៅតែ​មាន ​បន្ទាប់​មក​ខ្ញុំ ​គិតថា ​ប្រទេស​នានា​នឹងជំទាស់​ប្រឆាំង​ដល់​បញ្ហា​នេះ‍»។

នៅ​លើ​បណ្តាញ​សង្គម​វិញ ​ជន​ជាតិ​វៀតណាម​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​សម្តែង​នូវ​ការ​រំជួល​ចិត្តអំពី​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថាជា​ជ័យជម្នះ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីលលើ​ប្រទេស​ចិន ​ហើយ​ជន​ជាតិ​វៀតណាម​ជា​ច្រើន ​បាន​ចោទ​សួរ​ថា​តើ​វៀតណាម ​ត្រូវ​តែ​ធ្វើ​តាម ​ប្តឹង​ការ​ទាម​ទារ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែរ​ឬ​ទេ។

នៅ​ក្នុង​ការ​បង្ហាញ​ពី​ការ​សាមគ្គីភាព​ជាមួយ​ប្រជា​ពលរដ្ឋ​ហ្វីលីពីន​ ក្រុម​សកម្មជន​វៀតណាម​នៅ​ដើម​សប្តាហ៍​នេះ ​បាន​ឈរ​នៅ​ខាង​ក្រៅ​ស្ថានទូត​ហ្វីលីពីន​ក្នុង​ទីក្រុង​ហាណូយ​ដើម្បី​សម្តែង​នូវ​ការ​គាំទ្រ។មុន​ពេល​បាតុកម្ម​ដ៏​តូច​មួយ​នេះ ​បាន​ត្រូវ​បំបែក ​ពួកគេ ​បាន​កាន់​ផ្លាក​សញ្ញា​មាន​ន័យ​ថា «អរគុណ ហ្វីលីពីន។ អ្នក​មាន​រដ្ឋាភិបាល​ដ៏​ក្លាហាន​មួយ‍»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន​

XS
SM
MD
LG