ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​ហ៊ុន សែន ​បដិសេធ​ព័ត៌មាន​ដែល​ថា ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​រិះគន់​លោក

  • ហ៊ាន សុជាតា

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំ​មិន​មាត់ ​មិន​ក​អី​ទេ​ ទុក​ឲ្យ​ជប៉ុន​ឆ្លើយ​តប​ចុះ​ ឆ្លើយ​តប​ថា ​អត្ថបទ​ហ្នឹង​ត្រឹម​ត្រូវ​ ឬ​អត់។​ ខ្ញុំ​ធុញ​ទ្រាន់​នឹង​អាការ​ត្រូវ​គេ​មួរ​បង្កាច់​ណាស់»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ច្រាន​ចោល​ជា​សាធារណៈ​អំពី​ព័ត៌មាន​ដែល​ថា​ លោក​ ស៊ីនហ្ស៊ូ អាបេ ​(Shinzo Abe)​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​ស្តី​បន្ទោស​លោក​ទាក់ទង​នឹង​ជំហរ​កម្ពុជា​ចំពោះ​សាលដីការបស់​តុលាការ​អន្តរជាតិ​ ដែល​កាត់​សេចក្តី​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ប្រទេស​ចិន​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដណ្តើម​កម្ម​សិទ្ធិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ខេត្ត​បាត់ដំបង​ ក្រោយ​ពេល​ដែល​មាន​បណ្តាញ​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ លោក​ត្រូវ​លោក ​Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្តី​បន្ទោស​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ក្នុង​ទីក្រុង​អ៊ូឡង់បាទ័រ​ (Ulaan Baatar)​ ប្រទេស​ម៉ុងហ្គោលី​ ពេល​ដែល​មេ​ដឹកនាំ​ទាំងពីរ​ស្ថិត​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ លើក​ទី​១១​ កាលពី​សប្តាហ៍​មុន។​

«វា​បែរ​ជាមាន​សារ​ព័ត៌មាន​មួយ​នៅ​ភ្នំពេញ​ វា​ទៅ​ជា​ថា ​Abe​ ស្តី​បន្ទោស​ឲ្យ​ហ៊ុន សែន​ណា​ទៅវិញ!​ នៅលើ​លោក​នេះ​ អត់មាន​អ្នក​ណា​ហ៊ាន​ស្តី​បន្ទោស​ឲ្យ​ ហ៊ុន សែន​ ទេ។​ សូម្បី​តែ​ប្រធានាធិបតី​អាមេរិក ​អូប៉ាម៉ា​ មក​ខ្មែរ ក៏​មិន​មែន​ស្តី​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ទេ»។​

អត្ថបទ​កាសែត​ក្នុង​ស្រុក​មួយ​ កាលពី​ថ្ងៃ​អង្គារ​ ទី​១៩​ ខែ​កក្កដានេះ​ ​បាន​ចុះ​ផ្សាយ​ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា​៖ «លោក​ Shinzo Abe​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាក់​រិះគន់​ខ្លាំងៗ​ចំពោះ​ជំហរ​របស់​កម្ពុជា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​លើក​ឡើង​ថា​ សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​ការ​អះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​ដោយ​ប្រទេស​ចិន​គួរ​តែ​ត្រូវ​បាន​គោរព»។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​បង្វិល​ការ​បកស្រាយ​ទៅ​ឲ្យ​ឯក​អគ្គរាជទូត​ជប៉ុន​ដែល​ចូលរួម​ក្នុង​ពិធី​នោះ ​ដើម្បីឆ្លើយ​តប​នឹង​អត្ថបទ​ដែល​លោក​ថា ​ខុស​នោះ។

«ខ្ញុំ​មិន​មាត់ ​មិន​ក​អី​ទេ​ ទុក​ឲ្យ​ជប៉ុន​ឆ្លើយ​តប​ចុះ​ ឆ្លើយ​តប​ថា ​អត្ថបទ​ហ្នឹង​ត្រឹម​ត្រូវ​ ឬ​អត់។​ ខ្ញុំ​ធុញ​ទ្រាន់​នឹង​អាការ​ត្រូវ​គេ​មួរ​បង្កាច់​ណាស់»។​

លោក​ មឿន ឈានណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ ជា​ទូទៅ​អ្នក​សារ​ព័ត៌មាន​វិជ្ជា​ជីវៈ​ស្វាគមន៍​ចំពោះ​ការ​រិះគន់​ស្ថាបនា​ដើម្បី​កែ​លំអ​កំហុស​ខ្លួន។ ហើយ​លោក​ថា​ ការ​ជ្រើស​រើស​យក​យុទ្ធសាស្ត្រ​«ឆ្លើយ​តប​ដោយ​ការ​មិន​ឆ្លើយ​តប»​របស់​ថ្នាក់​ដឹក​នាំ​នេះ​ គឺ​ដើម្បី​ចៀស​វាង​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​តាន​តឹង​ជាង​មុន។​

«កន្លង​មក​ខ្ញុំ​តែ​ង​សង្កេត​ឃើញ​អ្នក​នយោបាយ​នៅ​កម្ពុជា​យើង​មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​ឆ្លើយតប​ទៅ​លើ​ហេតុ​ការណ៍​ដែល​កើត​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ គាត់​តែ​ង​តែ​ឆ្លើយ​តប​ដោយ​ការ​មិន​ឆ្លើយ​តប។​ សង្គម​ប្រជាធិបតេយ្យ​យើង​ចង់​បាន​អញ្ចឹង មិន​ចង់​ឲ្យ​មាន​ការ​គំរាម​កំហែង​ទេ។​ ការ​ឆ្លើយ​តប​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ យើង​ស្វាគមន៍​ជានិច្ច»។​

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ចាប់ដៃ​គ្នា​ជាមួយលោកនាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe (ឆ្វេង) នៅ​ក្នុង​វិមាន​សន្តិភាព នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ចាប់ដៃ​គ្នា​ជាមួយលោកនាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe (ឆ្វេង) នៅ​ក្នុង​វិមាន​សន្តិភាព នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣។

ទោះ​ជាយ៉ាង​នេះ​ក្តី​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​អត្ថបទ​ផ្សាយ​ជា​សាធារណៈ​នេះ។​ លោក​អះអាង​ថា​ ការ​ចុះ​ផ្សាយ​នេះ​មាន​ចេតនា​បំពាន​ការណ៍​ពិត ​និង​បំភាន់​សាធារណ​មតិ​ ដែល​ថា​កម្ពុជា​«កាន់​ជើង​ចិន»​នោះ។​

ក៏​ប៉ុន្តែ​ លោក​ Naoaki Kamoshida ​ជាមន្ត្រីកុងស៊ុល​ប្រចាំ​ស្ថានទូត​ជប៉ុន​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​មិនមាន​បំណង​ធ្វើការ​រិះគន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នោះ​ទេ​ ក៏​ប៉ុន្តែ​លោក ​Abe​ គ្រាន់​តែ​បញ្ជាក់​ពី​គោល​ជំហរ​របស់​ជប៉ុន​ ដែល​ថា​ សាលដីការបស់​តុលាការ​អន្តរជាតិ​សម្រាប់បណ្តឹងរបស់​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ចិន​ទាក់​ទង​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គឺ​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​ និង​ចាំបាច់​ត្រូវ​តែ​គោរព​តាម។​ ការ​បញ្ជាក់​ជំហរ​នេះ​គឺ​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១៦​កន្លង​ទៅ​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​នោះ។​

VOA ​បាន​ព្យាយាម​ផ្ញើ​អេឡិចត្រូនិច​ ឬ​អ៊ីម៉ែល​ដើម្បីសុំ​ការ​បកស្រាយ​ពី​ស្ថាប័ន​កាសែត​ The Cambodia Daily ​តែ​មក​ដល់​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ VOA​ ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។​

ប្រទេស​កម្ពុជា​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​សាល​ដីកា​តុលាការ​ដូច​ប្រទេស​ចិន​ ដែល​ជា​មិត្ត​ជិតដិត​ និង​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។​ ហើយ​ជា​រឿយៗ​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គួរតែ​ដោះស្រាយ​រវាង​ប្រទេស​ចិន​ និង​បណ្ដា​រដ្ឋ​ជា​ភាគី​ជម្លោះ​ មិនមែន​អាស៊ាន​ទាំងមូល​នោះ​ទេ។

កាល​ពីថ្ងៃ​ទី​១២​ ខែ​កក្កដា​កន្លង​ទៅនេះ​ ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​ បាន​ចេញ​សាល​ដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រឆាំង​នឹង​ចិន​កាលពី​ឆ្នាំ​២០១៣។

ក្រៅ​ពី​ទំនាស់​រវាង​ចិន​ និង​ហ្វីលីពីន​ក្នុង​ការ​ដណ្តើម​គ្នា​កាន់​កាប់​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ នៅ​មាន​ប្រទេស​ចំនួន​បួន​ផ្សេង​ទៀត​ក៏​កំពុង​ប្រទាញ​ប្រទង់​គ្នា​ក្នុង​ការកាន់​កាប់​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។ ​ប្រទេស​ទាំង​នោះ​ រួមមាន​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​វៀតណាម។​

ភាព​ចម្រូង​ចម្រាស់​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​គេ​ដឹង​ថា​ បាន​បង្ក​ភាព​តានតឹង​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ នយោបាយ​ ពាណិជ្ជកម្ម ​និង​ទំនាក់​ទំនង​អន្តរជាតិ​ជា​ដើម។​ ហើយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៀត​សោត​ ហាក់​ដូច​ជា​គ្មាន​គោល​ជំហរ​រួម​តែ​មួយក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ឡើយ​នោះ​ទេ៕​

XS
SM
MD
LG