មួយសប្តាហ៍ក្រោយពីតុលាការអាជ្ញាកណ្តាលអន្តរជាតិបានកាត់សេចក្តីគាំទ្របណ្តឹងរបស់ហ្វីលីពីនប្រឆាំងការកាន់កាប់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនោះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយបានសន្និដ្ឋានដោយប្រយ័ត្នប្រយែងអំពីជំហររបស់ចិន ក្រោយការប្រកាសសាលដីកាដ៏ចម្រូងចម្រាសនេះ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយបានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសចិនមិនព្រមទទួលយកសាលដីកា ដែលចេញដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិនោះទេ ហើយថា មហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះអាចនឹងធ្វើសកម្មភាពអ្វីមួយ ឆ្លើយតបទៅនឹងសុច្ចរិតភាពនៃការកាត់សេចក្តីរបស់តុលាការអន្តរជាតិនេះ។
លោក Michael J. Green អនុប្រធានមជ្ឈមណ្ឌលអាស៊ីសម្រាប់ការសិក្សាផ្នែកយុទ្ធសាស្ត្រអន្តរជាតិ និងជាសាស្រ្តាចារ្យរងនៅឯសាកលវិទ្យាល័យ Georgetown ស្ថិតក្នុងសហរដ្ឋអាមេរិក បានថ្លែងទៅកាន់អ្នកចូលរួមស្តាប់សេចក្តីពន្យល់របស់លោកអំពីជំហាន បន្ទាប់របស់ចិនក្រោយពីការចេញសាលដីកានោះ។ លោកនិយាយថា ប្រទេសចិន ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ដែលជាអ្នកជាតិនិយម នឹងមិនព្រមទទួលយកការសម្រេចរបស់តុលាការនេះ ដោយងាយៗនោះទេ។
លោក Michael J. Green ថ្លែងថា ការជួបសន្ទនាជាមួយមេដឹកនាំប្រទេសនេះគួរតែត្រូវបានធ្វើឡើងនៅទីកន្លែងផ្សេងៗគ្នា ដើម្បីធ្វើឲ្យចិនបន្ធូរបន្ថយការមិនពេញចិត្តរបស់ខ្លួន។
«ខ្ញុំសង្ឃឹម! ខ្ញុំសង្ឃឹមថា យើងអាចសន្ទនាជាមួយចិន នៅទីក្រុងណៃពិដោ ឬយ៉ាងហ្គន ឬទីក្រុងភ្នំពេញ ហើយនឹងប្រទេសដទៃទៀត ដើម្បីឲ្យដឹងថា យើងនឹងធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងដូចម្តេច»។
លោក Michael J. Green បន្តថា ប្រទេសចិនក៏នឹងនៅតែបន្តធ្វើការកសាងកោះក្នុងដែនសមុទ្រជម្លោះ ដោយមិនខ្វល់ពីការចេញសាលដីកានោះទេ។ យ៉ាងណាក៏ដោយ លោកថ្លែងថា ប្រទេសចិននឹងនៅតែបន្តធ្វើឲ្យមានទំនាក់ទំនងបែបស្ថាបនា និងល្អជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ប្រទេសហ្វីលីពីននោះ។ លោកបានបន្ថែមថា ប្រទេសចិនអាចនឹងធ្វើសកម្មភាពកាន់តែច្រើនជាងមុន និងគួរឲ្យកត់សម្គាល់ច្រើនថែមទៀត បន្ទាប់ពីការផ្លាស់ប្តូរប្រធានាធិបតីស.រ.អា.នៅពេលខាងមុខនេះ។ តែលោកមិនអាចបញ្ជាក់បានទេថា តើចិននឹងធ្វើសកម្មភាពបែបណា ឬក៏ក្នុងទ្រង់ទ្រាយបែបណា ក្នុងតំបន់ដែលមានការផ្លាស់ប្តូរពាណិជ្ជកម្ម ដល់ទៅ៥ពាន់លានលានដុល្លារក្នុងមួយឆ្នាំៗនោះ។
កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹងប្រឆាំងនឹងចិន។
ចិនបានឈរលើអំណះអំណាងនៃភស្តុតាងប្រវត្តិសាស្ត្រសម្រាប់ធ្វើការកាន់កាប់ទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង តែតុលាការបានចាត់ទុកថា អំណះអំណាងរបស់ចិនគ្មានតម្លៃតាមផ្លូវច្បាប់នោះឡើយ។
ទោះបីដឹងថា ខ្លួនបានចាញ់ក្តីដោយអំណាចតុលាការអន្តរជាតិនេះក្តី ប្រទេសចិននៅតែបន្តកៀងគររកការគាំទ្រចំពោះការទាមទាររបស់ខ្លួននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិកបានចាត់ទុកថា ជាចំណុចសន្តិសុខផ្នែកនាវាចរដ៏ស្រួចស្រាវមួយរបស់ខ្លួន។
ភ្លាមៗបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិបានសម្រេចកាត់សេចក្តីឲ្យហ្វីលីពីនឈ្នះក្តីនោះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានសន្យានឹងលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ចិនផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់ការអភិវឌ្ឍក្នុងវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះបានធ្វើឡើង បន្ទាប់ពីចិនបញ្ជាក់ជំហរមិនទទួលស្គាល់សាលដីការបស់តុលាការ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសមិនទទួលស្គាល់ដូចជំហរចិនដែរនោះ។
ជំនួយនេះត្រូវបានលោក Li Keqiang ប្រកាសសន្យាផ្តល់ជូន នៅខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១១ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងអ៊ូឡង់បាទ័រ (Ulaan Baatar) ប្រទេសម៉ុងហ្គោលី ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែកក្កដា។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOA ថា កម្ពុជាជាប្រទេសតូច និងពុំទាន់មានឯកភាពជាតិលើគោលនយោបាយការបរទេសនៅឡើយ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជាអាចចងជាសម្ព័ន្ធមិត្តជាមួយចិនបាន តែលោកបារម្ភថា ចិនអាចយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ដោះស្រាយជម្លោះអន្តរជាតិនានា។
លោកថ្លែងថា ការរាប់អានជាមួយប្រទេស ដែលមិនសំឡឹងឃើញប្រយោជន៍ដោយផ្ទាល់ពីប្រទេសកម្ពុជា អាចធ្វើឲ្យកម្ពុជារក្សាអព្យាក្រិត្យភាពរបស់ខ្លួនបាន ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើប្រទេសចិន។
«យើងអាចធ្វើទំនាក់ទំនង ដូចជាប្រទេសឥណ្ឌា ព្រោះអីប្រទេសឥណ្ឌាក៏ជាប្រទេសមួយ ដែលគ្មានផលប្រយោជន៍ពីប្រទេសកម្ពុជាដោយផ្ទាល់ទេ ហើយដោយសារអញ្ចឹង ទំនាក់ទំនងដូចជាប្រទេសឥណ្ឌាជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូងអីហ្នឹងគឺជាប្រទេសដែលអាចមិនមានផលប្រយោជន៍ជាមួយនឹងប្រទេសកម្ពុជាដោយផ្ទាល់ ប៉ុន្តែអាចជួយថែរក្សាលំនឹងកម្ពុជាជាប្រទេសអព្យាក្រិត្យបាន។ យើងអព្យាក្រិត្យមិនមែនបានន័យថា យើងឯកោទេ។ អព្យាក្រិត្យបានន័យ យើងទាក់ទងឲ្យស្មើភាពគ្នានៃមហាអំណាចទាំងអស់»។
ក្រៅពីទំនាស់រវាងចិន និងហ្វីលីពីនក្នុងការដណ្តើមគ្នាកាន់កាប់ទឹកដីក្នុងសមុទ្រចិនខាងត្បូងនោះ នៅមានប្រទេសចំនួនបួនផ្សេងទៀតក៏កំពុងប្រទាញប្រទង់គ្នាកាន់កាប់ទីប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងនេះដែរ។ ប្រទេសទាំងនោះ រួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម៕