ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រើ​អំណាច​ទន់​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​លើ​សមុទ្រ​ចិន​ខាង​ត្បូង


អាគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់។
អាគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់។

កាល​ពី​សប្តាហ៍​មុន​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​នៃ​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​បាន​ផ្តល់​ជ័យ​ជំនះ​ឱ្យ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​បណ្តឹង​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​អំពី​សិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ទំនាក់​ទំនង​សាធារណៈ​ធំ​មួយ​ដើម្បី​ជំរុញ​គោល​ជំហរ​របស់​ខ្លួន។

ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ប្រទេស​ចិន​មាន​រួម​បញ្ចូល​ការ​បង្កើន​ការ​គាំទ្រ​អន្តរជាតិ​ដើម្បី​បរិហារ​រិះគន់​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ និង​ទាក់ទង​ជា​មួយ​ប្រទេស​ជាតិ​ឯ​ទៀតៗ​ឱ្យ​បញ្ចេញ​ការ​ទ្រទ្រង់​របស់​ពួក​គេ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​ប្រទេស​ចិន​ជា​ប្រទេស​ទី​មួយ​ដែល​បានធ្វើ​ដូច​នេះ។​

តើ​ចិន​អាច​សម្រេច​បាន​អ្វី​ខ្លះ​តាម​រយៈការ​ប្រើនូវ​អ្វី​ដែល​គេ​ហៅ​ថា​ ការ​ទូត​នយោបាយ​ការទូត​ដោយ​ការ​ផ្តល់​ជំនួយ​នេះ?

លោក​ Curtis S. Chin ​ជា​អ្នកស្រាវ​ជ្រាវ​អំពី​ទ្វីប​អាស៊ី​នៅ​ឯវិទ្យាស្ថាន​ Milken។​លោក​បាននិយាយ​ថា៖ «ខ្ញុំ​យល់​ថា​ប្រទេសចិន ​ក៏​ដូច​ជា​ប្រទេស​ឯទៀតៗ​ក្នុង​ពិភព​លោក​ដែរ កំពុង​ខិត​ខំព្យាយាម​ជំរុញ​ផល​ប្រយោជន៍​ជាតិ​របស់​ផង​ខ្លួន​ផ្ទាល់ តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍ តាម​រយៈ​ការទូត​ តាម​រយៈ​កម្លាំង​ដោយ​មិន​ប្រើ​អាវុធ​របស់​ខ្លួន។ ​ដូច្នេះ​ ជា​ការ​ច្បាស់​លាស់​ណាស់ ​នៅ​ពេល​លោក​អ្នក​ក្រឡេក​មើល​អាស៊ី​អាគ្នេយ៍ ប្រទេស​ចិន​ជា​អ្នក​មាន​មុខ​នាទី​មួយ​នៅ​ទី​នោះ​ ទោះ​ណា​ជា​មាន​ផល​ល្អ​បំផុត​ឬ​អាក្រក់​បំផុត​ក៍​ដោយ។ ​យើង​ឃើញ​មាន​ការណ៍​នេះ​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​ប្រទេសជាតិ​នានាក្នុង​អាស៊ី​អាគ្នេយ៍...ក៏​ប៉ុន្តែ​ជា​ការ​ពិត​ នៅ​ក្នុង​ទ្វី​បអាស៊ី​ទាំង​មូល​ ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​មួយ ហើយ​ដូច្នេះ​អ្វី​ដែល​ប្រទេស​ចិន​កំពុង​ធ្វើក្នុង​នយោបាយ​ការទូត​ដោយ​ប្រើរ​ជំនួយ​របស់​ផង​ខ្លួន​ ជា​ការ​ខិត​ខំ​ព្យាយាម​ដោយ​ពិតប្រាកដ​ដើម្បី​ឱ្យ​មាន​មិត្តភ័ក្តិ​និង​ដៃ​គូ​តាម​រយៈការ​បណ្តាក់​ទុន​របស់​ខ្លួន»។

លោក ​Scott Harold​ នាយក​រង​នៃ​មជ្ឈ​មណ្ឌល​សម្រាប់​គោល​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឯសាជីវកម្ម Rand​ និយាយ​ថា ​រដ្ឋ​ជា​សមាជិក​នៃសមាគម​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន​ ជា​ទូទៅ​មាន​និន្នាការ​ចាត់ទុក​ អាស៊ាន​ថា​ជា​វិធី​មួយ​សម្រាប់​ពួក​រដ្ឋអាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​ទាំង​អស់​នេះ​ខ្សោយ​ជាង​ពួក​ប្រទេស​មហា​អំណាច​នៅ​ជុំវិញ​ខ្លួន​ គឺ​មាន​ប្រទេស​ចិន ជប៉ុន, ស.រ.អា. ឥណ្ឌា រុស្ស៊ី ​និង​ប្រទេស​អូស្ត្រាលី។ ​ពួក​រដ្ឋជា​សមាជិក​ចាត់​ទុក​ទម្រង់ អាស៊ាន​ ដូចជា​វិធី​មួយ​ស​ម្រាប់​ពួក​ប្រទេស​ជាតិ​ក្នុង​អាស៊ី​អាគ្នេយ៍​ដែល​ខ្សោយ​និង​តូច​ឱ្យ​មាន​ឥទ្ធិពល​ជាង​មុន»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក ​Harold ​បាន​ថ្លែង​ថា​ការ​ចូល​រួមក្នុង​អាស៊ាន ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​គិត​គូរ​អំពី​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ។

លោក​ Harold​ បាន​និយាយថា៖ «ជាឧទាហរណ៍ ពួក​រដ្ឋ​ជា​សមាជិក​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ខិត​ខំ​ព្យាយាម​ប្រមែ​ប្រមូល​ពួក​ប្រទេស​ជិតខាង​របស់​ខ្លួន​ក្នុង​អាស៊ី​អាគ្នេយ៍​ឱ្យ​ព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ...»។ លោក ​Harold បាន​កត់​សម្គាល់​ថា​ ជា​ច្រើន​ដង​មក​ហើយ ​ពួក​រដ្ឋ​ជា​សមាជិក​ខិតខំព្យា​យាម​ធ្វើ​សកម្មភាព​ស្រប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដូចជា​បញ្ហា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម។

លោក​ Harold ​បាន​មាន​ប្រសាសន៍​ថា៖ «ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេស​ចិន​និយាយ​ច្បាស់​លាស់​ដល់​រដ្ឋ​ខ្លះ​ដែល​ខ្សោយ​ តូច​និង​ពុក​រលួយ​ថា​ខ្លួន​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នេះ​បង់​ខាត​ក្នុង​ការ​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​នោះ​លោក​អ្នក​ឃើញ​ប្រទេស​ខ្លះ​ដូច​ជា​ប្រទេស​កម្ពុជា​និង​ប្រទេស​លាវ​ជា​ដើម​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ធ្វើឱ្យ​មាន​ការ​មូល​មតិ​គ្នា​ក្នុង​ចំណោម​ពួក​ប្រទេស​អាស៊ាន»៕

XS
SM
MD
LG