ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​អង្គការ​ WHO ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង ខណៈ​​​វ៉ាក់សាំង AstraZeneca​ មក​ដល់​កម្ពុជា


វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ខាន់​ សុគុំមនោ/​វីអូអេ​)

មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

ការ​អំពាវនាវ​របស់​លោកស្រី Li Ailan តំណាង​អង្គការ​ WHO ធ្វើ​ឡើង​ ខណៈ​កម្ពុជាបានទទួលវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca ចំនួន​ ៣២៤.០០០ ដូស ​នៅ​យប់ថ្ងៃ​អង្គារ​នេះ តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​កូវីដ​១៩ ជា​សាកល​របស់​អង្គការ​ WHO ដែល​ហៅ​ថា​កូវ៉ាក់ (COVAX)។

វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​នេះ ​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ពី​ប្រទេស​ឥណ្ឌា​ ហើយ​មក​ដល់​កម្ពុជា​ នៅ​ម៉ោង​ជិត​ ៨ ​យប់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១។

មុនពេល​វ៉ាក់សាំង​មក​ដល់​កម្ពុជា លោកស្រី Li Ailan តំណាង​អង្គការ​ WHO បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ប្រសិនបើ​ដល់​វេន​ដោយសារ​វ៉ាក់សាំង​មាន​កម្រិត ​ហើយ​ត្រូវ​ផ្តល់​អាទិភាព​ដល់​ក្រុម​ងាយ​រង​គ្រោះ។

លោកស្រី​បាន​ថ្លែង​ថា៖ «ដោយសារ​វ៉ាក់សាំង​មាន​កំណត់ យោបល់​របស់​ខ្ញុំ​ទៅ​កាន់​សាធារណជន​កម្ពុជា គឺ​ប្រសិន​បើ​វា​ដល់​វេន​របស់​អ្នក​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ សូម​ទៅ​ចាក់​ឲ្យ​បាន​ច្រើន។ ប្រសិន​បើ​មិន​ទាន់​ដល់​វេន​របស់​អ្នក សូម​រង់ចាំ​ដោយ​អត់ធ្មត់»។

ទោះ​មាន​វ៉ាក់សាំង​ក៏​ដោយ លោកស្រី​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បន្ត​ការពារ​ខ្លួន​ដោយ​អនុវត្ត​តាម​វិធានការ​សុខភាព​ ដោយសារ​វ៉ាក់សាំង​មួយ​មុខ មិន​អាច​ជួយ​បាន​នោះ​ទេ។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅ​ថ្ងៃ​អង្គារថា ក្រុម​អាទិភាព​សម្រាប់​ចាក់​វ៉ាក់សាំង​នេះ នឹង​ត្រូវ​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៤ ខែ​មីនា នៅ​ពេល​លោក​គ្រោង​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ តាម​យន្តការ​កូវ៉ាក់ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ ២០% ​នៃ​ចំនួន​ប្រជាជន ​១៦ ​លាន​នាក់ ដែល​ស្មើ​នឹង ​៣,២​ លាន​នាក់ ឬ​ស្មើ​នឹង​វ៉ាក់​សាំង​ចំនួន ​៦,៤ ​លាន​ដូស។

កម្ពុជា​កំពុង​បន្ត​ចាក់​វ៉ាក់សាំង ​Sinopharm របស់​ចិន ចាប់​តាំង​ពី​ខែ​កុម្ភៈ។ ​រហូត​មក​ដល់​ពេល​នេះ​ មាន​ប្រជាជន​ជាង​ ៨ ម៉ឺន​នាក់​ហើយ ​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «នេះ​ជា​តួ​លេខ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនុក​ចិត្ត​ខ្ពស់​របស់​ប្រជាជន​កម្ពុជា​ទៅ​លើ​វ៉ាក់សាំង​ចិន»។

ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ។

កាល​ពីថ្ងៃ​ច័ន្ទ​ ប្រទេស​ចិន​បាន​ប្រកាស​ថា ​វ៉ាក់សាំង​ ៤០ ​ម៉ឺន​ដូស​ទៀត ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ចាក់​មនុស្ស​ប្រមាណ​ ២០ ​ម៉ឺន​នាក់ នឹង​មក​ដល់​កម្ពុជា នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG