ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ជាង ៣ សែន​ដូស​នៅ​ដើម​ខែ​មីនា


វ៉ាក់សាំង​ប​ង្ការ​ជំងឺ​កូវីដ១៩​ របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​ចាក់​ជូន​ពលរដ្ឋ​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ Wellcome ក្រុង Ilford ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ (AP Photo/Frank Augstein)
វ៉ាក់សាំង​ប​ង្ការ​ជំងឺ​កូវីដ១៩​ របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​ចាក់​ជូន​ពលរដ្ឋ​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ Wellcome ក្រុង Ilford ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ (AP Photo/Frank Augstein)

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤.០០០ ដូស​នៅ​ថ្ងៃទី២ ខែមីនា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ។

វ៉ាក់សាំង​ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​នេះ ត្រូវ​បាន​ទទួល​អាជ្ញាបណ្ណ​ផលិត​ដោយ​វិទ្យាស្ថាន Serum នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​រោងចក្រ​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

វ៉ាក់សំាង​នេះ​នឹង​ផ្ដល់​ជូន​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ហៅ​ថា COVAX។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «តាម​គម្រោង កូវ៉ាក់ [COVAX] នឹង​ផ្តល់​អោយ​យើង​ចំនួន ២០ ភាគរយ នៃ​ចំនួន​ប្រជាជន ១៦ លាន​នាក់ ដែល​ស្មើ​នឹង ៣ លាន ២ សែន​នាក់ ឬ​ស្មើ​នឹង​វ៉ាក់សាំង​ចំនួន ៦ លាន ៤ សែន​ដូស»។

កម្មវិធី COVAX នេះ ទិញ​វ៉ា់ក់សាំង​កូវីដ១៩ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​អ្នក​មាន​ដើម្បី​ធ្វើ​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើ​ភាព​ទៅ​ឲ្យ​បណ្តា​ប្រទេស​នានា ជា​ពិសេស​ប្រទេស​ក្រីក្រ។ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ៤ ពាន់​លាន​ដុល្លារ ដល់​កម្មវិធី COVAX នេះ៕

XS
SM
MD
LG