ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​រកឃើញថាអាហារ​កញ្ចប់​មាន​ជាតិ​អំបិល​ក្នុង​កម្រិត​ដែល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​សុខភាព


រូបថត​ឯកសារ៖ អតិថិជន​កំពុង​ពិនិត្យ​មើល​អាហារ​ដែល​ឆ្អិន​ស្រាប់​នៅ​ក្នុង​ហាង​លក់​គ្រៀង​ទេស​មួយ​នៅ​ទីក្រុង​Cincinnati រដ្ឋ​ Ohio។
រូបថត​ឯកសារ៖ អតិថិជន​កំពុង​ពិនិត្យ​មើល​អាហារ​ដែល​ឆ្អិន​ស្រាប់​នៅ​ក្នុង​ហាង​លក់​គ្រៀង​ទេស​មួយ​នៅ​ទីក្រុង​Cincinnati រដ្ឋ​ Ohio។

ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​គ្រប់​គ្រង​និង​ទប់​ស្កាត់​ជំងឺ​ ហៅ​កាត់​ថា​ CDC​ បាន​រក​ឃើញ​ថា​ ជាង​ពាក់​កណ្តាល​នៃ​គ្រឿងទេស​ក្នុង​អាហារ​វេច​ខ្ចប់​នៅ​សហរដ្ឋ​អាមេរិក​មាន​កម្រិត​ជាតិ​អំបិល​លើស​ពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​ណែនាំ។​ អាហារ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​អាហារ​ដែល​អតិថិជន​តែងតែ​ជាវ​ប្រើប្រាស់​ជា​ប្រចាំ។

អំបិល​គឺ​ជា​ធាតុ​ផ្សំ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​កត្តា​មួយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើត​ជំងឺ​បេះ​ដូង។

អ្នក​ស៊ើបអង្កេត​នៅ​ CDC ​បាន​ពិនិត្យ​មើល​ជាតិ​សូដ្យូម​ឬ​អំបិល​ដែល​មាន​នៅ​ក្នុង​គ្រឿង​កញ្ចប់​សម្រាប់​ធ្វើ​ម្ហូប​ចំនួន​ ១០​មុខ។

«យើង​ពិនិត្យ​មើល​នំបុ័ង​ បន្ទះ​សាច់​ធ្វើ​សុំាងវិច​ ភិស្សា​ សាច់​មាន់ទា​ នំប៉័ងសុំាងវិច​ ហ៉្រូម៉ាស់ ​ម្ហូប​ដែល​លាយ​គ្រឿង​ផាស្តា​ដូច​ជា​មី​អ៊ីតាលី​ អាហារ​ដែល​មាន​លាយ​សាច់​ និង​អាហារ​សម្រន់​ដែល​មាន​រសជាតិ​ប្រៃ​ហើយ​ហឹល»។

នេះ​ជា​សម្តី​របស់​លោក​ស្រី​ Linda​ Scheib​ ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជំងឺ​របស់​មជ្ឈមណ្ឌល​ CDC​ ផ្នែក​ទប់​ស្កាត់​ជំងឺ​បេះ​ដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម។

ក្រុម​ស្រាវជ្រាវ​របស់​លោក​ស្រី​ Scheib​ បាន​ពិនិត្យ​មើល​កម្រិត​ជាតិ​អំបិល​ដែល​មាន​ក្នុង​ផលិតផល​អាហារ​ចំនួន​ ៣៨០០​ ដែល​មាន​បញ្ចូល​ជាតិ​សូដ្យូម​ច្រើន​ជាង​គេ​ទៅ​ក្នុង​ម្ហូប​អាហារ។

ពួក​គេ​បាន​រក​ឃើញ​ថា​ អាហារ​ប្រភេទ​សាច់​បន្ទះ​ធ្វើ​សុំាងវិច​ ស៊ុប​ និង​ នំប៉័ងសុំាងវិច​ ដល់​ទៅ​៧០​ភាគរយ​ មាន​ជាតិ​អំបិល​ខ្ពស់​ជាង​កម្រិត​មួយ​ដែល​រដ្ឋបាល​ផ្នែក​អាហារ​និង​ថ្នាំ​សង្កូវ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ។

ដប់​ភាគរយ​នៃ​អាហារ​សម្រន់​ នំបុ័ង​ និង​ហ៉្រូម៉ាស់​ ក៏​មាន​កម្រិត​អំបិល​លើស​ពី​កម្រិត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​អនុសាសន៍​របស់​រដ្ឋបាល​ផ្នែក​អាហារ​និង​ថ្នាំ​សង្កូវ​សហរដ្ឋ​អាមេរិក​ដែរ។​

យោង​តាម​លោក​ស្រី​ Scheib​ អាហារ​ជាច្រើន​ដែល​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​នោះ​ តាម​ពិត​មាន​ពោរពេញ​ដោយ​ជាតិ​អំបិល។

«នំបុ័ង​គឺ​ជា​អាហារ​លេខ​មួយ​ដែល​មាន​ជាតិ​សូដ្យូម​ច្រើន​ជាង​គេ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ។​ អាហារ​ជាច្រើន​ដែល​មនុស្ស​គិត​ថា​គ្មាន​រសជាតិ​ប្រៃ​ តាម​ពិត​អាហារ​ទាំង​នោះ​មាន​ជាតិ​សូដ្យូម​ច្រើន​ណាស់។​ ដូច្នេះ​ យើង​សូម​ណែនាំ​ឲ្យ​មនុស្ស​ទាំង​អស់​ អាន​ផ្លាក​សញ្ញា​ធាតុ​ផ្សំ​នៅ​លើ​កញ្ចប់​ ធ្វើ​ការ​ប្រៀបធៀប​ ព្យាយាម​ជ្រើស​រើស​យក​មួយ​ណា​ដែល​មាន​ជាតិ​សូដ្យូម​ទាប​ ហើយ​ខំ​ទទួលទាន​ផ្លែឈើ​ស្រស់​ បន្លែ​និង​សាច់​ស្រស់​ឲ្យ​បាន​ច្រើន​ឡើង​ ហើយ​ត្រូវ​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ច្រើន​នៅ​ផ្ទះ​ ពីព្រោះ​ធ្វើ​ដូច្នេះ​ អ្នក​អាច​គ្រប់គ្រង​លើ​បរិមាណ​ជាតិ​សូដ្យូម​បាន​ដោយ​ខ្លួន​អ្នក»។

យោង​តាម​ការណែនាំ​របស់​ទីភ្នាក់ងារ​នោះ​ អាហារ​មួយ​មុខៗ​ត្រូវ​មាន​សារធាតុ​សូដ្យូម​មិន​លើស​ពី​៥៨០​មីលីក្រាម​ទេ​ ហើយ​អាហារ​ដែល​ឆ្អិន​ស្រាប់​ រួម​មាន​អាហារ​ផាស្តា​ឬ​មី​អ៊ីតាលី​ និង​ នំប៉័ងសុំាងវិច​ មិន​គួរ​មាន​ជាតិ​អំបិល​លើស​ពី​ ៦០០​មីលីក្រាម​ឡើយ។

កម្រិត​ជាតិ​អំបិល​ដែល​អនុញ្ញាត​ឲ្យ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ដើម្បី​មាន​សុខភាព​ល្អ​គឺ​ត្រូវ​មាន​ជាតិ​អំបិល​ ២៣០០​មីលីក្រាម​ ឬ​ស្មើ​នឹង​មួយ​ស្ថាបព្រា​កាហ្វេ។​ រដ្ឋបាល​អាហារ​និង​ថ្នាំ​សង្កូវ​សហរដ្ឋ​អាមេរិក​ (FDA)​ និយាយ​ថា​ មនុស្ស​ដែល​មាន​ជំងឺ​បេះ​ដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​ក្រលៀន​ គួរ​កម្រិត​ការ​ទទួល​ជាតិ​អំបិល​ឲ្យ​នៅ​ត្រឹម​ ១៥០០​មីលីក្រាម​ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។

ការសិក្សា​អំពី​បរិមាណ​ជាតិ​អំបិល​នៅ​ក្នុង​អាហារ​កញ្ចប់​ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ការ​ទប់​ស្កាត់​ជំងឺ​រ៉ាំរ៉ៃ​ឈ្មោះ​ Preventing​ Chronic​ Disease៕​

ប្រែសម្រួល​ដោយ​ នៀម​ ឆេង

XS
SM
MD
LG