ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញឱ្យ​លោក ហ៊ុន ម៉ាណែត បើក​លំហ​សិទ្ធិ​ពលរដ្ឋ និង​គោរព​សិទ្ធិ​មនុស្ស


ឯកអគ្គរដ្ឋទូតស.រ.អ.លោក W. Patrick Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបជាមួយមន្ត្រីបំពេញទស្សនកិច្ចមកពីគណៈកម្មាធិការបែងចែកថវិកាជាតិនៃព្រឹទ្ធសភាអាមេរិកនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ (Facebook / U.S. Embassy Phnom Penh, Cambodia)
ឯកអគ្គរដ្ឋទូតស.រ.អ.លោក W. Patrick Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបជាមួយមន្ត្រីបំពេញទស្សនកិច្ចមកពីគណៈកម្មាធិការបែងចែកថវិកាជាតិនៃព្រឹទ្ធសភាអាមេរិកនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ (Facebook / U.S. Embassy Phnom Penh, Cambodia)

តំណាង​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ និង​រដ្ឋាភិបាល​ថ្មី​កម្ពុជា​បើក​លំហ​សេរី​ភាព​ គោរព​សិទ្ធិ​មនុស្ស ​និង​ធ្វើ​ឱ្យ​មាន​វឌ្ឍន​ភាព​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក ​W. Patrick Murphy ​និង​មន្ត្រី​បំពេញ​ទស្សន​កិច្ច​មក​ពី​គណៈ​កម្មាធិការ​បែង​ចែក​ថវិកា​ជាតិ​នៃ​ព្រឹទ្ធ​សភា​អាមេរិក​ បាន​ជួប​លោក​ ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​វិមាន​សន្តិភាព ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​សហ​រដ្ឋ​អាមេរិក-កម្ពុជា ​និង​សន្តិសុខ​ក្នុង​តំបន់។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

នៅ​ក្នុង​ជំនួប​នោះ ​លោក​ឯកអគ្គ​រដ្ឋទូត​ Murphy​ និង​គណៈ​ប្រតិភូ​បាន​ស្វាគមន៍​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ចីរភាព​លើ​បញ្ហា​សំខាន់ៗ​ក្នុង​តំបន់ ​និង​ពិភព​លោក​ ប៉ុន្តែ​ក៏​បាន​«ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​និង​រដ្ឋាភិបាល​ថ្មី​នេះ ​បើក​ឡើង​វិញ​នូវ​លំហ​សិទ្ធិ​ពលរដ្ឋ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដោយ​ធានា​ថា​ ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​ចូល​រួម​បាន ដោយ​សេរី​ក្នុង​ដំណើរ​ការ​នយោបាយ»។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក។​

សហ​រដ្ឋ​អាមេរិក​ក៏​បាន​ជំរុញ​ឱ្យ​ដោះ​លែង​បុគ្គល ​និង​សកម្ម​ជន​នយោបាយ ​រួមមាន​លោក ​កឹម សុខា ​និង​កញ្ញា ​សេង ធារី​ មេធាវី ​និង​សកម្មជន​តស៊ូ​មតិ​សញ្ជាតិ​ខ្មែរ​អាមេរិក។​

ស្ថានទូត​បញ្ជាក់​ថា៖ ​«លោក​ឯក​អគ្គ​រដ្ឋទូត​ និង​គណៈ​ប្រតិភូ ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​សហ​រដ្ឋ​អាមេរិកចំពោះ​ប្រជាជន​កម្ពុជា​ និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​សម្រាប់​ប្រទេស​ដែល​មាន​វិបុល​ភាព​ ប្រជា​ធិបតេយ្យ​និង​ឯក​រាជ្យ ​ដែល​គ្រប់​សំឡេង​ត្រូវ​បាន​ស្តាប់ ​និង​គោរព»។​

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា​ សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​ ទើប​ពួកគេ​មក​ជួប​លោក​ផ្ទាល់។​ លោក​ ហ៊ុន ម៉ាណែត ​ដែល​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពេល​ជួប​កម្មករ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ។​

លោក​ ហ៊ុន ម៉ាណែត ​បន្ថែម​ថា ​តំណាង​ទូត​បរទេស​ដែល​ជួប​រូប​លោក​បាន​បង្ហាញ​សុឆន្ទៈ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ។​

លោក​ថ្លែង​ថា៖​ «ឥឡូវ​បើ​សិន​ជា​រដ្ឋា​ភិបាល​នេះ​ខុស​ច្បាប់​ មាន​ពី​ណា​មក​ធ្វើ​ការ​ជា​មួយ?​ ខ្ញុំ​សូម​បញ្ជាក់​អ៊ីចឹង។​ ខ្ញុំ​សូម​យក​ឱកាស​នេះ​បក​ស្រាយ​ជូន​ ព្រោះ​ឃើញ​ខ្ញុំ​មិន​មាត់​ ​ជេរ​រហូត»។​

ទោះ​ជា​យ៉ាងណា​ លោក​មិន​បាន​បញ្ជាក់​អំពី​ការ​ជំរុញ​របស់​អាមេរិក​ឱ្យ​កម្ពុជាស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​បើក​លំហ​សេរីភាព​ និង​ដោះ​លែង​លោក ​កឹម សុខា ​និង​កញ្ញា ​សេង ធារី ​ឡើយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ​ចុះ​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២៣ ​លោក​ ហ៊ុន ម៉ាណែត​ ដែល​បាន​ជួប​លោក​ Alex Carnes​ ប្រតិភូ​ព្រឹទ្ធ​សភា​អាមេរិក​ថា​ កម្ពុជា​បើក​ចំហ​រាល់​កិច្ច​សហ​ប្រតិបត្តិការ​និង​ស្វាគមន៍​គំនិត​ផ្តួច​ផ្តើម​នានានិង​ថា​កម្ពុជា​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​ ដោយ​ការ​គោរព​និង​ផ្តល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​លើស​ពី​ផល​ប្រយោជន៍​នយោបាយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖​ «ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​បន្ថែម​ទៅ​លើ​កិច្ច​ការងារ​មួយ​ចំនួន​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស បញ្ហា​សិទ្ធិ​មនុស្ស​ សន្តិ​សុខ​ សុវត្ថិ​ភាព ​និង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ច»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ កត់​សម្គាល់​ថា​ ក្នុង​ការ​ដឹកនាំ​ប្រទេស​អាណត្តិ​មុនៗ​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន​ គឺ​កម្ពុជា​ទទួល​រង​ការ​រិះ​គន់​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​ដូច្នេះ​លោក​យល់​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​ដែល​នឹង​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត​ ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​អាច​ទាញ​ផល​ប្រយោជន៍​នានា។​

លោក​ថ្លែង​ថា៖​ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា ​រដ្ឋាភិបាល​ថ្មី​នឹង​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទង​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្ពុជា​យើង​មាន​ការ​កែ​លម្អ ​និង​ភាព​ល្អ​ប្រសើរ​ទាក់​ទង​លំហ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នេះ។ ​ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន»។​

លោក​បន្ថែម​ថា ​ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​សេរីភាព​សារ​ព័ត៌មាន​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស ​គឺ​ទាមទារ​ឆន្ទៈ​របស់​អ្នក​នយោបាយ​ ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ល្អ​ប្រសើរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG