ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ​ទំនាក់​ទំនង​ចាប់​ផ្តើម​មាន​ភាព​វិជ្ជមាន ​ក្រោយ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន សែន ​នៅ​ស្ថានទូត​អាមេរិក


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​នៃ​ការ​កសាង​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។​

កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ​ ២០២២​ លោក ​ហ៊ុន សែន ​បាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​គ្រា​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ​គឺលោក Patrick Murphy ​ជិត​ផុត​អាណត្តិ​របស់​លោក។​ រូប​ថត​របស់​លោក​ ហ៊ុន សែន​ អង្គុយ​ជិត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​អម​ដោយ​មន្ត្រី​ផ្សេង​ទៀត​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ស្ថានទូត​អាមេរិក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖​ «ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី ​លោក​ឯក​អគ្គរ​ដ្ឋទូត ​Murphy ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់​ទំនង​ទ្វេ​ភាគី។ ​យើង​រំពឹង​ថា ​ឆ្នាំ​ ២០២៣ ​ល្អ​ប្រកប​ដោយ​ផ្លែ​ផ្កា ​ហើយ​អាច​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្ត​ភាព​រវាង​ប្រជាជន​អាមេរិក​ និង​ប្រជាជន​កម្ពុជា»។ ​

ប៉ុន្តែ​លោក ​ហ៊ុន សែន​ មិន​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ឡើយ។​

លោក ​ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ដំណើរ​ទស្សនកិច្ច​លើក​ទី​ ១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ជា​សញ្ញា​វិជ្ជ​មាន​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និងរដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដោយ​ហេតុ​ថា​ សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​យល់​ពី​កម្ពុជា​ច្រើន​ជាង​មុន ​ក្រោយ​កម្ពុជា​បោះ​ឆ្នោត​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​នៅ​អង្គការ​សហ​ប្រជាជាតិ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះនេះ​គឺជា​ចំណុច​ចាប់​ផ្តើម​ថ្មី​វិជ្ជ​មាន​ ហើយ​សង្ឃឹម​ថា​ ការ​យល់​គ្នា​នឹង​បន្ត​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅម​ក​នៅ​បន្ត​ ហើយ​ទំនាក់​ទំនង​នឹង​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ»។​

បើ​តាម​លោក​ ឈាង វណ្ណារិទ្ធ​ ការ​ដែល​សហរដ្ឋ​អាមេរិក​ងាក​មក​ទំនាក់​ជាមួយ​កម្ពុជា​រាង​សកម្មភាព​ជាង​មុន​ បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​មក​កាន់​កម្ពុជា ​ដោយសារ​តែ​កម្ពុជា​ជា​តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​តំបន់​មេគង្គ ​និង​អាស៊ាន ​ជាពិសេស​សហរដ្ឋ​អាមេរិក​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ជា​រួម ​និង​កម្ពុជា​ដោយ​ឡែក។​

ប្រធាន​វិទ្យាស្ថាន​រូប​នេះ​បញ្ជាក់​ថា៖ ​«អ៊ីចឹង​គោល​នយោបាយ​អាមេរិក​មក​កម្ពុជា​ វា​ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​មក​តំបន់​អាស៊ីអា​គ្នេយ៍​ និង​តំបន់​មេ​គង្គ​ហ្នឹង​ដែរ​ គឺ​មាន​ការ​ប្រែ​ប្រួល​ឥរិយាបថ​មួយ​ចំនួន ​ហើយ​មក​លក្ខណៈ​ជា​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ច្រើន​ ជាពិសេស​ផល​ប្រយោជន៍​ភូមិ​សាស្ត្រ​នយោបាយ​ និង​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ហ្នឹង»។​

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​មាន​ភាព​រកាំ​រកូស​ច្រើន ​តួយ៉ាង​ដូច​ជា​ការ​ចោទ​ប្រកាន់​ថា​ កម្ពុជា​នឹង​ផ្តល់​ទីតាំង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ជា​ទីតាំង​មូលដ្ឋាន​ទ័ព​ចិន ​ដែល​កំពុង​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​មួយ​នេះ។ ​សំណុំ​រឿង​លោក ​កឹម សុខា ​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏​មាន​ការ​ចោទ​ប្រកាន់​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ផង​ដែរ។​

លោក អៀ សុផល​ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា ជំនួប​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ នៅ​ក្នុងស្ថានទូត​អាមេរិកកំពុង​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​លោក​រំពឹង​ថា​ ពួក​គេ​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​ពួកគេ​បាន​និយាយ​គ្នា ​ដើម្បី​ប្រយោជន៍​សាធារណ​ជន។​

បើ​តាម​សាស្ត្រាចារ្យ​រូប​នេះ​ វា​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ឡើយ​ជាមួយដំណើរ​ទស្សនកិច្ច​នៅ​សេតវិមាន​ ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ មិនត្រូវ​បាន​អញ្ជើញ​ទៅ​ជា​លក្ខណៈ​ទេ្វភាគី​ឡើយ ​គឺ​ធ្វើ​ឡើង​ត្រឹម​តែ​ជា​សមាជិក​អាស៊ាន​តែ​ប៉ុណ្ណោះ។

គ្រា​ភាគី​ទាំង​ពីរ​រំពឹង​ចង់​បាន​ទំនាក់​ទំនង​ល្អ លោក​ អៀ សុផល ​បាន​ផ្តល់​ជា​យោបល់​ថា​ វា​អាស្រ័យ​ទៅ​លើ​ឥរិយាបថ​របស់​ភាគី​ទាំង​ពីរ។ ​ប្រសិន​បើ​កម្ពុជា​មាន​តម្លាភាព​ជាង​មុន​ទៅ​លើ​បញ្ហា​រាម​ វា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មាគ៌ា​ដ៏​ត្រឹមត្រូវ។ ​នៅ​លើ​បញ្ហា​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​កម្ពុជា​បាន​ឈាន​ដល់​ចំណុច​ដ៏​អាក្រក់​ដែល​ពិបាក​ត្រឡប់​ក្រោយ។​

សាស្ត្រាចារ្យ​រូប​នេះ​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖​ «ការ​កាត់​ទោស​ជា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​ ៣៦ ​នាក់ជា​រឿង​ដ៏​គួរ​ឱ្យ​អស់​សំណើច ​ហើយ​ការ​ដាក់​ពន្ធនាគារ​កញ្ញា ​សេង ធារី​ ជា​ការ​អាប់យស។ ​ជា​ការពិត​ សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ច្រើន​សម្រាប់​ប្រយោជន៍​កម្ពុជា ​រួមទាំង​ការ​លើក​បញ្ហា​លុប​ចោល​បំណុល​យក​មក​ពិភាក្សាទៅ​លើ​តុ​ ឬ​ក៏​សង​វិញ​តាម​រយៈ​មូល​និធិអប់រំ​ ដូច​ទៅ​នឹង​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ជា​មួយ​ប្រទេស​វៀតណាម...»។​

​សាស្ត្រាចារ្យរូប​នេះ​បញ្ជាក់​ថា​ ការ​ដែល​អាមេរិក​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ញឹក​ញាប់​ជាង​មុន ​ដោយ​សារតែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​មិន​ល្អ​ជាមួយ​គ្នា​ជា​យូរ​លុង​ណាស់​មក​ហើយ។ ហើយ​ការ​ដែល​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​វិជ្ជមាន​ ត្រូវ​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ​ដែរ។​ លោក​បន្តថា​ ការ​ដែល​មាន​ជំនួបជាមួយ​គ្នា​នៅ​ស្ថានទូត​អាមេរិក​អាច​និយាយ​បាន​ថា វា​ជា​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង។​

អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ លោក ​ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ស្ថានទូត​អាមេរិក​ ជា​សញ្ញា​ដ៏​ល្អ​និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ការ​មិន​យល់​គ្នារវាង​កម្ពុជា​និង​អាមេរិក​កន្លង​មក​គឺ​ពាក់​ព័ន្ធ​ជាមួយ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ជាពិសេស​បញ្ហា​នៅ​រាម។​

លោក​ថ្លែ​ង​ថា៖​ «វត្តមាន​របស់​សម្តេច​ជា​លើក​ទី​ ១ ​ហើយ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​ហ្នឹង​គឺជា​ការ​ចាប់​ផ្តើម​ពង្រឹង​បន្ថែម​ទៀត​អំពី​ទំនាក់​ទំនង​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក»។​

លោក​ លឹម ឆាយ​ ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​នយោបាយ​ការ​បរទេស​នៃ​មូលនិធិ​ខុនរ៉ាដ អាដិនណៅអ៊ែរ ​(Konrad-Adenauer-Stiftung Cambodia) ​ប្រចាំ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការកម្រ​ បើ​ទោះ​ជា​មិន​មាន​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ថ្នាក់​ដឹក​នាំ​ដ៏​ដោយ។​

បើ​តាម​លោក ​លឹម ឆាយ​ អាមេរិក​បាន​កោត​សរសើរ​ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​នៅ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែលការ​គាំទ្រ​ចំពោះ​ភាព​ជា​ប្រធាន​អាស៊ាន​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​សាជា​ថ្មី​របស់​អាមេរិក​ ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​

លោក​ លឹម ឆាយ ​បញ្ជាក់​ក្នុង​សារ​ជា​អក្សរ​តាម​តេឡេក្រាម​ថា៖ ​«អាមេរិក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន​ (Comprehensive Strategic Partnership-CPS) ​វា​កាន់​តែ​គូស​បញ្ជាក់​ឲ្យ​ឃើញ​ចំពោះ​ការ​ចូល​រួមរ​បស់​អាមេរិក​ក្នុង​តំបន់​នេះ ​មិន​ឲ្យ​ចាញ់​ចិន​នោះ​ឡើយ​ ដោយ​ចិន​បាន​ក្លាយ​ជា​ដៃគូ ​CPS​ តាំង​ពី​ឆ្នាំ​មុន។ ​ក្រៅ​ពី​កិច្ច​ការ​តំបន់ ​អាមេរិក​ក៏ចង់​បង្ហាញ​ពី​ការ​ទាមទារ​ឲ្យ​កម្ពុជា​បើក​ចំហ​លម្ហ​នយោបាយ​បន្ថែម​ទៀត ​ដោយ​ក្នុងនោះ​រួម​មាន​រឿង​ក្ដី​លោក​ កឹម សុខា​ ដែល​គេ​រំពឹង​ថា នឹង​បញ្ចប់​មុន​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់»។​

លោក ​លឹម ឆាយ​ បន្ត​ថា កម្ពុជា​កំពុង​តែ​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា​ កម្ពុជា​មិន​ដើរ​ទៅ​តាម​គោល​នយោបាយ​ដោយ​ពឹង​ផ្អែក​តែ​ទៅ​លើ​ចិន​នោះ​ឡើយ​ តាម​រយៈ​ការ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ​ក៏​ដូច​ជា​ប្រទេស​លោក​ខាង​លិច​ ដែល​លោក​ថា នេះ​ជា​សញ្ញា​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ចម្រុះ​ពណ៌។​

លោក​បន្ត​ថា៖ ​«ខ្ញុំ​គិតថា​ ទោះ​ក្រោម​រដ្ឋាភិបាល​ណា​ក៏​ដោយ ក៏​កម្ពុជា​មិន​ចង់​បាត់​បង់​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​មហា​អំណាច​អាមេរិក​នោះ​ទេ ​ប៉ុន្ដែ​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេភាគី​នេះ​កាន់​តែ​ប្រសើរ​នោះ​ វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​ច្រើន​ ការ​យល់​ពីគ្នា​ឲ្យ​កាន់​តែ​ច្បាស់​ និង​ការ​សម្រុះ​សម្រួល​គ្នា​ពី​សំណាក់​ភាគី​ទាំង​សង​ខាង»៕

XS
SM
MD
LG