តំបន់អាស៊ាននៅតែមានសារៈសំខាន់ផ្នែកពាណិជ្ជកម្មនិងសន្តិសុខចំពោះសហរដ្ឋអាមេរិកហើយមន្ត្រីនានាជំរុញឱ្យអាស៊ានខិតខំធ្វើការដើម្បីឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។
លោក ជេហ្វ្រី ហ្គឺរីសតំណាងរងនៃការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងប្រាប់ដល់តំណាងក្រុមហ៊ុនអាមេរិកាំងនិងអ្នកការទូតអាស៊ាននៅឯពិធីជួបជុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖
«នៅពេលដែលយើងក្រឡេកមើលបណ្តាប្រទេសនៅអាស៊ាន យើងឃើញឱកាសដ៏ធំសម្បើមដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់យើង បង្កើនការរីកចម្រើនការងារនិងសេដ្ឋកិច្ចនិងពង្រីកការនាំចេញរបស់សហរដ្ឋអាមេរិក។ យើងមានចំណាប់អារម្មណ៍ថាក្នុងពេលធានាថាអាស៊ានពង្រឹងសមាហរណកម្មផ្ទាល់ខ្លួនតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ានគឺនៅបន្តជាទីដៅចំហរ សេរីនិងត្រឹមត្រូវសម្រាប់ការនាំចេញនិងការធ្វើពាណិជ្ជកម្ម»។
ទំហំបណ្តូរពាណិជ្ជកម្មទ្វេភាគីអាស៊ាននិងសហរដ្ឋអាមេរិកមានចំនួន២៧៣ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនាំទំនិញនិងសេវាកម្មទៅអាស៊ានបានចំនួនជាង១០០ពាន់លានដុល្លារដែលនៅមានអតុល្យភាពពាណិជ្ជកម្មជាមួយនឹងតំបន់នេះ។ នេះបើតាមតួលេខរបស់ក្រុមប្រឹក្សាកិច្ចការជំនួញសហរដ្ឋអាមេរិក-អាស៊ាន។
រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ ព្យាយាមធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយនឹងដៃគូពាណិជ្ជកម្មនានានិងជំរុញឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរីនិងត្រឹមត្រូវតាមច្បាប់។
លោក ជេហ្រ្វី ហ្គឺរីសបានបន្ថែមថា៖
«សហរដ្ឋអាមេរិកធ្វើកិច្ចការជាច្រើនឱ្យអាស៊ានបានចូលមកទីផ្សារ។ យើងត្រូវការឱ្យអាស៊ានធ្វើកិច្ចការបន្ថែមទៀតសម្រាប់យើងវិញ។ បញ្ហាពាណិជ្ជកម្មខ្លះរវាងសហរដ្ឋអាមេរិកនិងអាស៊ានជាបញ្ហាថ្មីហើយខ្លះទៀតមានយូរហើយ។ ទោះបីជាបញ្ហានោះពាក់ព័ន្ធនឹងការនាំចូលផលិតផលកសិកម្មទៅប្រទេសថៃ ការរារាំងយានយន្តនៅវៀតណាម តម្រូវការមូលដ្ឋាននៅឥណ្ឌូនេស៊ីឬរបាំងពាណិជ្ជកររហូតដល់សេវាទូទាត់អេឡិកត្រូនិកនៅប្រទេសជាច្រើនក៏ដោយក៏យើងនឹងធ្វើការជាមួយនឹងដៃគូអាស៊ានរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានជោគជ័យដើម្បីផលប្រយោជន៍យើងទាំងពីរ»។
អាស៊ានគឺជាតំបន់មានការរីកចម្រើនដ៏លឿនដែលមានផលទុនសរុបចំនួនជាង២,៥លានលានដុល្លារហើយគឺជាដៃគូពាណិជ្ជកម្មដ៏ធំទីបួនរបស់សហរដ្ឋអាមេរិកបន្ទាប់ពីចិន កាណាដា និងម៉ិកស៊ិក។
លោក វ៉ាឃីន កាស្ត្រូ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋតិចសាសដែលមកពីខាងគណបក្សប្រជាធិបតេយ្យនិងជាប្រធានក្រុមអ្នកតំណាងរាស្ត្រទទួលបន្ទុកកិច្ចការអាស៊ានបានចាត់ទុកថាតំបន់អាស៊ានមានសារៈសំខាន់ស្មើនឹងដៃគូពាណិជ្ជកម្មដទៃទៀតដែលមានដូចជាជប៉ុន អូស្រ្តាលី និងឥណ្ឌាដែលរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំកំពុងតែលើកដម្កើងដែរ។
«ខ្ញុំជឿថាតំបន់អាស៊ាននឹងក្លាយជាតំបន់ជោគជ័យក្នុងសម័យនេះ។ ពលរដ្ឋសកម្មនិងវ័យក្មេងចំនួន៦៥០លាននាក់ក្នុងតំបន់នេះ សេដ្ឋកិច្ចដែលមានការច្នៃប្រឌិតដែលឡើងជិតដល់៣លានលានដុល្លារ និងទីតាំងដ៏សំខាន់ចំច្រកពាណិជ្ជកម្មគឺនឹងនាំឱ្យតំបន់នេះមានជោគជ័យ។ សហរដ្ឋអាមេរិកត្រូវតែគាំទ្រនិងធ្វើជាផ្នែកមួយនៃភាពជោគជ័យនេះ»។
អាស៊ាននៅមានទីផ្សារខុសៗគ្នា ការអភិវឌ្ឍសេដ្ឋកិច្ចមិនស្មើគ្នានិងវប្បធម៌នយោបាយចម្រុះហើយមានប្រវត្តិនៃការគោរពសិទ្ធិមនុស្សមិនល្អក្នុងប្រទេសមួយចំនួនដូចជាភូមា ហ្វីលីពីន វៀតណាមនិងកម្ពុជាជាដើម។
លោក វ៉ាឃីន កាស្ត្រូ យល់ថាការអភិវឌ្ឍសេដ្ឋកិច្ចក៏មិនអាចចោលបញ្ហាសិទ្ធិមនុស្សដែរ។
«យើងមិនអាចនៅស្ងៀមលើបញ្ហាសិទ្ធិមនុស្សនិងបាននិយាយជាសាធារណៈថាក្នុងនាមជាសហប្រធាននៃក្រុមការងារទទួលបន្ទុកកិច្ចការអាស៊ាន ខ្ញុំចង់ជួយអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងនៅក្នុងសភាសម្រាប់ប្រជាជាតិអាស៊ានប៉ុន្តែយើងក៏ត្រូវតែហ៊ាននិយាយនិងប្រាប់ពួកគេនៅពេលណាដែលមានការរំលោភសិទ្ធិមនុស្សដែរ»។
ប្រទេសចិនក៏កំពុងតែពង្រីកឥទ្ធិពលទាំងនយោបាយនិងសេដ្ឋកិច្ចពាណិជ្ជកម្មនៅតំបន់អាស៊ានផងដែរ។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនមើលឃើញថា នេះជាឱកាសល្អសម្រាប់តំបន់នេះព្រោះជាការប្រកួតប្រជែងមួយ។
«ហ្នឹងវាល្អទាំងអស់គ្នា។ កាលណាយើងមានអ្នកវិនិយោគចូលច្រើនការប្រជែងគ្នាដើម្បីយកឈ្នះយកចាញ់ហ្នឹងដើម្បីយកចំណេញរៀងៗខ្លួនវាល្អសម្រាប់កម្ពុជាយើងហើយវាក៏ល្អសម្រាប់គេដែរ។ បើគេឃើញថាយើងជាដៃគូល្អហើយគេមិនអាចនឹងឱ្យដៃគូហ្នឹងធ្លាក់ទៅអ្នកណាផ្សេងទៀតទេ។ វៀលែងតែយើងមិនស្វាគមន៍គេ។ បើយើងស្វាគមន៍ទាំងអស់គឺគេទេដែលទៅក្រោយគេគឺបានផលប្រយោជន៍ក្រោយគេអីចឹងទៅ»។
រដ្ឋបាលលោកប្រធានាធិបតីត្រាំបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP) ដែលធ្វើឡើងក្នុងរដ្ឋបាលលោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា រវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចំនួន១១ផ្សេងទៀតនៅតាមតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក អាឡិចសាន់ឌ័រ ហ្វេលមែន អគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សាកិច្ចការជំនួញសហរដ្ឋអាមេរិក-អាស៊ានយល់ថា កិច្ចព្រមព្រៀងTPPនេះមានសារៈប្រយោជន៍។
«ពួកយើងនៅឯក្រុមប្រឹក្សាកិច្ចការជំនួញសហរដ្ឋអាមេរិក-អាស៊ានជឿលើការធ្វើពាណិជ្ជកម្មសេរីនិងត្រឹមត្រូវនិងកិច្ចព្រមព្រៀងTPPថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អអស្ចារ្យហើយយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងពិចារណាវិលត្រឡប់ចូលវិញជាមួយនឹងប្រទេស១១ទៀត។ លោកប្រធានាធិបតីក៏បាននិយាយដល់បញ្ហានេះថាលែងជាបញ្ហាដែលលោកដកចេញពីតុទៀតហើយហើយយើងក៏ស្វាគមន៍កិច្ចព្រមព្រៀងទ្វេភាគីផងដែរ។ កិច្ចព្រមព្រៀងជាមួយនឹងប្រទេសហ្វីលីពីនហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែក៏មានបញ្ហាប្រឈមសម្រាប់ភាគីទាំងពីរក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន។ ដូច្នេះយើងមានសុទ្ធិដ្ឋិនិយមប៉ុន្តែបើទោះបីជាមានឬគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺយើងនឹងនៅបន្តប្រកួតប្រជែងនិងបន្តធ្វើពាណិជ្ជកម្មបានល្អដែរ»។
សហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងជាមួយនឹងអាស៊ានជាង៤០ឆ្នាំហើយ។ លោកប្រធានាធិបតីដូណាល់ ត្រាំបានចូលរួមក្នុងពិធីរំលឹកខួបលើកទី៤០នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីខែវិច្ឆិកាឆ្នាំមុនដែលគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់រដ្ឋបាលរបស់លោកក្នុងតំបន់នេះ៕