ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អត្រា​គ្មាន​ការងារ​ធ្វើ​នៅអាមេរិក​ធ្លាក់​មក​នៅ​៤.៧​ភាគរយ​តែ​មិន​មាន​ការងារ​ថ្មី​ច្រើន​ទេ


រូបឯកសារ៖ អ្នក​ដើរ​ទិញ​អីវ៉ា់ន់​​បាន​ដើរ​កាត់​ហាង​​មួយ​ដែល​ត្រូវ​ការ​ជ្រើ​រើស​បុគ្គលិក។ របាយការណ៍​ការងារ​បង្ហាញ​ថា អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​បន្តិច តែ​គេ​មិន​ឃើញ​មាន​មនុស្ស​ទទួល​បាន​ការងារ​ថ្មី​ច្រើន​ទេ។

ក្រុមហ៊ុន​របស់​ស.រ.អា.​បាន​បន្ថយ​ការ​ជួល​បុគ្គលិក​កាល​ពី​ខែ​មុន​ មក​នៅ​ត្រឹម​កម្រិតទាប​បំផុត​ក្នុង​រយៈពេល​ជាង​៥ឆ្នាំ​មុន​នេះ​ ក៏​ប៉ុន្តែ​អត្រា​ចំនួន​មនុស្ស​គ្មានការ​ងារ​ធ្វើក៏​ចុះថយ​មក​នៅ​ត្រឹម​តែ​៤,៧ភាគ​រយ។

​ជាសរុប​ ពួក​អ្នកសេដ្ឋសាស្ត្រ​បាន​និយាយ​ថា ​សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃសុក្រ​ជា​ការ​នាំ​ឱ្យ​ស្រងាក​ចិត្ត​ហើយ​ពួក​គេ​បាន​ទស្សន៍ទាយ​ថា ​របាយការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ធនាគារ​កណ្តាល​ស.រ.អា.​រក្សា​ទុក​អត្រាការប្រាក់​សំខាន់ៗ​ឱ្យ​នៅ​ដដែល​នៅ​ពេល​ដែល​ពួក​អភិបាល​ធនាគារ​នេះ​ប្រជុំ​គ្នានៅ​ពេល​បន្ទាប់​មក​ទៀត​នៅ​ខែនេះ។​

ក្រសួង​ការងារ​ស.រ.អា.​បាន​និយាយ​ថា​ សេដ្ឋកិច្ច​ប្រទេស​បាន​ចំណេញ​ការងារ​តែ​៣៨.០០០​ក្នុង​ខែ​ឧសភា​ គឺ​តិច​ជាង​មួយ​ភាគ​បួន​នៃ​ចំនួន​ដែល​ពួក​អ្នកជំនាញ​ការ​ឯករាជ្យ​បាន​ទស្សន៍​ទាយ។ ពួក​សេដ្ឋសាស្ត្រ​បាន​កត់​សម្គាល់​ដោយ​ស្រងាក​ចិត្ត​ថា​ តួ​លេខ​តិច​តួច​នៃ​ចំនួន​ការ​ងារ​ថ្មីៗ​មាន​ឡើង​ក្រោយ​មាន​សញ្ញា​កាល​ពី​ពេលថ្មីៗ​នេះ​នៃ​ការ​លូតលាស់​យឺត​យូរ​នៅ​ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

អត្រា​ចំនួន​មនុស្ស​គ្មានការ​ងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​បាន​ចុះថយ​បី​ភាគ​ដប់​នៃ​មួយ​ភាគ​រយ​ដោយ​មក​នៅ​ត្រឹម​៤,៧ភាគ​រយ​ដែល​ជា​អត្រាទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក។​ ក៏​ប៉ុ​ន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​ភាគ​ច្រើន​នៃ​ការ​ចុះ​ថយ​ចំនួន​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​នេះ​បណ្តាល​មក​ពីការ​រក​ឃើញ​ដោយ​ការ​ស្ទង់​មតិ​ថា ​មនុស្ស​គ្មាន​ការ​ងារ​ធ្វើរាប់​សែន​នាក់​នៅ​ពេល​នេះ​បាន​ឈប់​ស្វែង​រក​ការងារ​ហើយ។​

រដ្ឋាភិបាល​បាន​ដក​ចេញ​ពី​បញ្ជី​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​នូវពួក​បុរស​និង​ស្ត្រី​ដែល​មិន​មាន​ការងារ​ធ្វើ​ដែល​មិន​បាន​ស្វះស្វែង​រក​ការ​ងារ​ដោយ​សកម្ម​ក្នុង​ពេល​យ៉ាង​តិច​ណាស់​បួន​សប្តាហ៍៕

XS
SM
MD
LG