សេដ្ឋកិច្ចស.រ.អា.បានបង្កើតការងារថ្មីៗ២សែន៤ម៉ឺន២ពាន់កាលពីខែមុន។ របាយការណ៍កាលពីថ្ងៃសុក្ររបស់ក្រសួងការងារស.រ.អា.និយាយថា អត្រាគ្មានការងារធ្វើនៅនឹងកាលពីខែកុម្ភៈដោយមានចំនួន៤,៩ភាគរយដែលជាចំនួនទាបបំផុតក្នុងរយៈពេល៨ឆ្នាំ។
ចំនួនការងារដែលបានត្រូវបង្កើតមានច្រើនជាងចំនួនដែលក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបានទស្សន៍ទាយ។ មានកំណើនការងារក្នុងវិស័យថែរក្សាសុខភាព វិស័យលក់រាយ សេវាកម្មម្ហូបអាហារ ការកសាង និងការសិក្សាអប់រំ។ វិស័យរ៉ែដែលមានរួមមានឧស្សាហកម្មប្រេងដែលមានផលមិនល្អដោយសារប្រេងឆៅចុះថ្លៃបានធ្វើឲ្យមានការបាត់បង់ការងារ។
ទិន្នន័យនេះបង្ហាញថា ជនជាតិអាមេរិកាំង៧លាន៨សែននាក់នៅតែមិនទាន់មានការងារធ្វើដែលមានចំនួន៨សែនតិចជាងចំនួនឆ្នាំកាលពីឆ្នាំទៅមិញ។ មានពលរដ្ឋអាមេរិកាំង៦លាននាក់ទៀតដែលចង់មានការងារធ្វើពេញម៉ោងអាចរកបានតែការងារក្រៅម៉ោង។ ចំនួនមនុស្សដែលកំពុងធ្វើការ ឬយ៉ាងហោចណាស់កំពុងស្វែងរកការងារធ្វើដែលគេហៅថា «អត្រាចូលរួម» បានកើនឡើងកន្លះភាគរយកាលពីពីរបីខែមុននេះ។
សេចក្តីរាយការណ៍មួយដាច់ដោយឡែកបង្ហាញថា ឱនភាពពាណិជ្ជកម្មស.រ.អា.អាក្រក់ជាងមុនក្នុងខែមករានៅពេលដែលការដឹកជញ្ជូនទំនិញទៅលក់ឯប្រទេសក្រៅឋិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាង៥ឆ្នាំ។ ប្រាក់ដុល្លារអាមេរិកាំងដែលខ្លាំងមានន័យថា ទំនិញផលិតក្នុងស.រ.អា.មានតម្លៃថ្លៃជាងមុនក្នុងផ្សារសាកលហើយការណ៍នេះនាំឱ្យមានផលប៉ះពាល់មិនល្អដល់ការលក់ផលិតផលអាមេរិកាំង៕