ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ដំណើរ​មក​អាមេរិក​នៃ​ថ្នាក់​ដឹកនាំ​កម្ពុជា​​ជួយ​រក្សា​តុល្យភាព​ជាមួយ​ចិន​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ស្វាគមន៍​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ស្វាគមន៍​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក្នុង​កិច្ច​សម្ភាស​កាលពី​សប្តាហ៍​កន្លង​ទៅ​ជាមួយ ​VOA​ ​​អ្នក​ជំនាញ​នៃ​គោលន​យោបាយ​ការបរ​ទេស​នានា​ ​បាន​លើកឡើង​ថា​កម្ពុជា​ពុំ​គួរ​ផ្តេក​ផ្តួល​ខ្លាំង​ពេក​ចំពោះ​ជំនួយ​ដ៏​គំហុក​ពី​ប្រទេស​ចិន​តែ​​មួយ​គត់​ ​ដែល​អាច​ជះ​ឥទិ្ធពល​យ៉ាង​ខ្លាំង​ដល់​គោល​ជំហរ​អព្យាក្រិត​​របស់​ប្រទេស​ដ៏ក្រីក្រ​នេះ។​​​​​​

នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​ ASEAN ​និង​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នា​សប្តាហ៍​ខាង​មុខ​ ​អ្នកស្រាវជ្រាវនិង​អ្នក​សិក្សា​គោល​នយោបាយ​ការបរទេស​ ​ក្នុង​ប្រទេស​កម្ពុជា​ឃើញ​ពី​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​ក្នុង​គោល​នយោបា​យ​ទំនាក់​ទំនង​អន្តរ​ជាតិ​រវាង​ប្រទេស​មហាអំណាចនានា​និង​ប្រទេស​ចិន។​

ទំនាក់​ទំនង​កម្ពុជា​ចិន​និង​កម្ពុជា​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ប្រទាញ​ប្រទង់​គ្នា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​រដ្ឋមន្ត្រី​ ការបទេស​សហរដ្ឋ​អាមេរិក​នា​ចុងខែ​មករា​កន្លងទៅ ​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ក៏​ធ្វើ​ដំណើរ​ជា​បន្ទាន់​ទៅ​ទីក្រុង​ប៉េកាំង​ភ្លាមៗ​ជា​អ្វី​ដែល​អ្នកវិភាគ​កម្ពុជា​យល់ថាដំណើរ​ទស្សនកិច្ច​នេះ​គឺ​«ប្រទេស​កម្ពុជា​ត្រូវ​តែ​ទៅ​ចិន​ដើម្បី​លួង​លោម​ចិន»។ ​ក៏ប៉ុន្តែ​ការរិះគន់​នេះ​ត្រូវ​បាន​ទាត់ចោល​ភ្លាមៗ​ ដោយ​លោក ​ហោ ណាំហុង​ និង​លោក​ ហ៊ុន សែន។

ក្នុង​កិច្ច​សម្ភាស​កាលពី​សប្តាហ៍​កន្លង​ទៅ​ជាមួយ ​VOA​ អ្នក​ជំនាញ​នៃ​គោលន​យោបាយ​ការបរ​ទេស​នានា​ ​បាន​លើកឡើង​ថា​កម្ពុជា​ពុំ​គួរ​ផ្តេក​ផ្តួល​ខ្លាំង​ពេក​ចំពោះ​ជំនួយ​ដ៏​គំហុក​ពី​ប្រទេស​ចិន​តែមួយ​គត់​ ​ដែល​អាច​ជះ​ឥទិ្ធពល​យ៉ាង​ខ្លាំង​ដល់​គោល​ជំហរ​អព្យាក្រិត​ របស់​ប្រទេស​ដ៏ក្រីក្រ​នេះ។

លោក​ ឈាង វណ្ណារិទ្ធ​ ​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ ​សាកល​វិទ្យា​ល័យ​ ​Leeds​ ​នៅ​ចក្រភព​អង់គ្លេស​ប្រាប់​ VOA ថាកម្ពុជា​គួរតែ​យក​ឱកាស​កិច្ច​ប្រជុំ​ ASEAN ​សហរដ្ឋ​អាមេរិក​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការ​បរទេស​និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត​រួម​ទាំង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​ដើម្បី​បង្កើន​តុល្យភាព​កម្ពុជា​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។​ ​អ្នកស្រាវ​ជ្រាវ​រូប​នេះ​ក៏​មើល​ឃើញ​ផង​ដែរ​ពី​ ​ជំនូន​ដ៏​គំហុក​ពី​ប្រទេស​ចិន​ ​រួម​ទាំង​ពាណិជ្ជកម្ម​ ​ទ្វេភាគី​និង​ទេសចរណ៍​ចិន​ដ៏​ច្រើន​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ ASEAN​ ​ឆ្នាំ​២០១២​នៅ​កម្ពុជា​ ពេល​ដែល​ប្រទេស​ASEAN​ ​ខកខាន​មិន​ធ្វើ​សេចក្តី​ប្រកាស​រួម​លើក្រម​ប្រតិបត្តិសមុទ្រ​ចិន​ខាងត្បូង ​COC​ ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

លោក​សាស្ត្រា​ចារ្យ ឈាង វណ្ណារិទ្ធ​បញ្ជាក់​ថា​៖«នៅពេល​ដែល​សេដ្ឋកិច្ច​យើង​មិន​រឹង​ហើយ​យើង​ពឹង​ពាក់​សេដ្ឋកិច្ច​របស់​យើង​ហ្នឹង​ទៅ​ប្រទេស​ណាមួយ​គឺ ​យើង​មិន​អាច​គេ​ហៅ​ថា​មាន​ឯករាជ្យ​ភាព​នយោបាយ​ការបរទេស​នឹង​ពេញលេញ​ទេ។ ​អញ្ចឹង​ទេ​យើង​ត្រូវពង្រឹង​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​ ហើយ​យើង​ត្រូវ​មាន​ដៃគូ​អភិវឌ្ឍន៍​ហ្នឹង​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ក្នុង​ការអនុវត្ត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ហ្នឹង។​ ​ហើយ​ទីពីរ​យើង​ត្រូវការ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​ គណបក្ស​នយោបាយ​ផ្សេងៗ​គឺ​ត្រូវ​មាន​គោល​ជំហរ​រួមពិភាក្សា​គ្នា​ឲ្យ​ស៊ី​ជម្រៅ​ ទាក់ទង​នឹង​គោល​នយោបាយ​ការបរទេស​ បើ​មិន​អញ្ចឹង​នោះ​ទេ​ ​គណបក្ស​នយោបាយ​អាច​នឹង​មាន​ការ​បែកបាក់​គ្នា​ ​មាន​ការ​ឈ្លោះគ្នា​ ​ប្រទេស​មហា​អំណាច​គេ​អាច​នឹង​កាន់​ជើង​ម្ខាងៗ​ ធ្វើ​ឲ្យ​ប្រទេស​យើង​បែកបាក់»។ ​

លោក​បន្ត​ថា ​រដ្ឋបាល​លោក ​ហ៊ុន សែន​ ​ក៏​បាន​ព្យាយាម​ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​ផង​ដែរ​ ​ហើយ​សហរដ្ឋ​អាមេរិក​ ​ក៏​ព្យាយាម​បន្ទន់​ឥរិយាបទ​ ​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចន​ឃែរី​ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ​ដោយ​លោក​ផ្តោត​សំខាន់​លើ​ពាណិជ្ជ​កម្ម​ទេ្វភាគ។​ ​យ៉ាងណា​ក៏​ដោយ​លោក​ថា​កម្ពុជា​អាច​ស្រូប​យក​ ​ផលចំណេញ​ទាំង​សងខាង​ពី​ប្រទេស​ចិន​ ​និង​អា​មេរិក​ ពេល​ដែលកំពុង​មាន​ភាព​ប្រទាញប្រទង់​បែប​នេះ។​

«ខ្ញុំ​គិត​ថា​ឥឡូវ​ហ្នឹង​យើង​កំពុងតែ​ ឈរ​លើ​ខ្សែ​ ​ហើយ​យើង​កំពុងតែ​ដើរ​លើ​ខ្សែ​ យើង​ត្រូវ​តែ​ប្រយ័ត្ន​មែនទែន​ពីព្រោះ​ថា​ឲ្យ​មាន​តុល្យភាព​នៅ​ពេល​យើង​កំពុងតែ​ដើរ​លើ​ខ្សែ​ ​វា​ពិបាក។​ ក៏ប៉ុន្តែ​ វា​ទាមទារ​ឲ្យ​មាន​គេ​ហៅ​ថា​ អ្នកការទូត​ដែល​មាន​ភាព​ជំនាញ​ ដែល​អាច​ពន្យល់​ទៅ​សាធារណជន​ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ហ្នឹង​ពី​គោល​ជំហររបស់​កម្ពុជា។​ បើ​យើង​អាច​រក្សា​បាន​គោល​ជំហរ​ អព្យាក្រឹត​ ហើយ​មាន​តុល្យភាព​ហ្នឹង​យើង​អាច​ស្រូប​យក​បាន​ទាំង​សង​ខាង»។ ​

លោក​ កែម ឡី​ អ្នកស្រាវជ្រាវ​សង្គម​ និង​អ្នក​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​មើល​ឃើញ​ពី​ឥទ្ធិពល​ដ៏​ធំ​របស់​ប្រទេស​ចិន​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​ «ចំណង​ការទូត​ចងក»​ បន្ទាប់​ពី​កម្ពុជា​លះបង់​តុល្យភាព​នៃ​ការ​ទទួល​ជំនួយ​ ​និង​វិនិយោគ​ពី​បរទេស​ក្នុង​ឆ្នាំ២០១២។​ លោក​ឲ្យ​ដឹង​ថាពេល​ដែល​នោះ​កម្ពុជា​មាន​យន្ត​ការ​សម្រប​សម្រួល​ជំនួយ(CDCF)​ កម្ពុជា​ទទួល​ជំនួយ​ពី​ចិន​ត្រឹម​តែ​៤​ភាគរយ​តែ​ប៉ុណ្ណោះ​ ​បើ​ធៀប​សព្វ​ថ្ងៃ​ កើន​ឡើង​លើស​ពី៥០ភាគរយ​នៃ​ជំនួយ​សរុប។ ​លោក​ កែម ឡី​ថា​ការ​លុប​យន្តការ​សម្រប​សម្រួល​ជំនួយ​ ​(CDCF)​នា​ឆ្នាំ​ ២០១២ ​បាន​បើក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ ធ្វើការ​ដោយ​ផ្ទាល់​ជា​មួយ​ប្រទេស​ម្ចាស់​ជំនួយ​ជា​ពិសេស​ចិន​ដែល​ផ្តល់​ជំនួយ​និង​បំណុល​ ជាច្រើន​ដល់​កម្ពុជា​ដោយ​ផ្ទាល់​តាម​រាជ​រដ្ឋាភិបាល។​

«នៅ​ពេល​ដែល​គាត់​ ធ្វើ​ទំនាក់​ទំនងផ្ទាល់​ជាមួយ​ម្ចាស់​ជំនួយ​ ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​គាត់​បាត់​បង់​តុល្យភាព​អំណាច។ អញ្ចឹង​ចិន​ វិនិយោគ​ ទាំង​លុយ​ជំនួយ​ និង​បំណុល​ខ្លាំង។​ ដល់​ខ្លាំង​ វា​ធ្វើ​ឲ្យ​ចិន​ហ្នឹង​មាន​ឥទ្ធិពល​ ​ដល់​ពេល​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ចង់​ដក​មក​វិញ ​គេ​ហៅ​ថា​ ចំណង​ ការ​ទូត​ចង​ក​ហ្នឹង​ណា។​ ខ្ញុំ​មើល​ទៅ​បើទោះ​បីជា​មាន​ដំណើរ​ទស្សនកិច្ច​របស់​ ចន ឃែរី ឬ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្មែរ​យើង​ដក​អត់​រួច​ទេ​ ដោយ​សារ​យើង​លុប​ចោល​ហ្អា​ យន្តការ​សម្របសម្រួល​ជំនួយ និង​បំណុល។ ​ពីព្រោះ​ខ្មែរ​យើង​ត្រូវ​ការ​លុយ​ប្រហែល​ ១ពាន់លានជាង​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ដំណើរ​ការ​ជា​ធម្មតា​របស់​រដ្ឋាភិបាល​ អញ្ចឹង​បើ​ចង់​បែរ​ទៅ​គាំទ្រ​ សមុទ្រ​ចិន​ឬ​មិន​គាំទ្រ​សមុទ្​រចិន​ ​ឬគាំទ្រ​យន្តការ​ ASEAN​ ​ចិន​ក៏វា​ពិបាក»។

យ៉ាង​ណាមិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ធ្លាប់​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន​កាល​ថ្ងៃ​សុក្រ​កន្លង​មក ​ថា​កម្ពុជា​មាន​គោល​«នយោបាយ​ការបរទេស​ ​អព្យាក្រិត​និង​ ​ឯករាជ្យ»​ ​ដោយ​ចង់​ចង​មិត្ត​ជាមួយ​ប្រទេស​នានា​ លើ​ពិភពលោក​ ហើយ​ក៏មិន​ចង់​ឲ្យ​មាន​សត្រូវ​ដែរ។​ ​ការ​លើក​ឡើង​នេះ​វា​ស្រ​ដៀង​នឹង​លោក​ ​ហោ ណាំហុង​ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ចេញ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ថា​៖​ «យើង​មិន​រើស​ប្រទេស​ណាៗ​ នោះ​ទេ​ ​យើង​ធ្វើ​នយោបាយ​ការបរទេស​គឺ​ដើម្បី​ ធ្វើ​យ៉ាង​ម៉េច​ ​ឲ្យ​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ និង​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា​ ​កាន់​តែ​កើន​ឡើងៗ។ លោក​ John Kerry ​ដែល​មក​ជួប​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​នេះ​ថា អាមេរិក​មិន​ឲ្យ​កម្ពុជា​រើស​ចិន​ឬ​អាមេរិក​ទេ។ ហើយ​ខ្ញុំ​ជម្រាប​គាត់​ពេល​នោះ​ថា កម្ពុជា​មិត្ត​នឹង​ចិន។​ អ្នកណា​ក៏​ដឹង។ ប៉ុន្តែ​កម្ពុជា​ក៏​ចង់​ជិត​ស្និទ្ធ​នឹង​អាមេរិក​ដែរ»។​

ថា្នក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ ASEAN ​នឹង​ប្រទេស​ជាច្រើន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នា​សប្តាហ៍​នេះ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ អាមេរិក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ​ចាប់​ថ្ងៃ​ទី​ ១៥​ដល់​ថ្ងៃទី​១៦​ កុម្ភៈ​ នេះ​ នា​ក្រុង​លំហែកាយ ​Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា។​ ​ក្នុង​នោះ​នឹង​មាន​ការ​ចូល​រួម​ដោយ ​លោក​ប្រធានា​ធិបតី​ ​Barack Obama​ ​ថ្នាក់​ដឹកនាំ​កំពូលៗ​មក​ពី​ប្រទេស​ធំៗ​លើ​សកលលោក​ ​និង​ប្រទេស​សមាជិក​ ASEAN ​រួមទំាង​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​នៃ​កម្ពុជា​ក៏​នឹង​ចូលរួម​ផង​ដែរ។

គេ​ដឹង​ថា​ក្នុង​កិច្ច​ប្រជុំ​នោះ​ក៏​នឹង​មាន​ការ​ពិភាក្សា​ទាក់​ទិន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ក្រុម​ប្រទេស​ ASEAN​ ​ការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​និង បញ្ហា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​

លោក​ឈាង វណ្ណារិទ្ធ​ ​នៃ​សាកល​វិទ្យា​ល័យ​ ​Leeds​ ចក្រភព​អង់គ្លេស​យល់​ថា​ «កម្ពុជា​អាច​នឹង​ជ្រើស​យក​នយោបាយ​បិទមាត់​មិន​និយាយ​រឿង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង»​ ​ហើយ​អាច​នឹង​ព្យា​យាម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​និង​ជំនួយ។​ លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​កម្ពុជា​ដែល​ទៅ​អាមេរិក​ប្រជុំ​នឹង​គឺ​ ខ្ញុំ​គិត​ថា​បញ្ហា​សេដ្ឋកិច្ច​គឺជា​ចម្បង​ ​ហើយ​បញ្ហា​សន្តិសុខ​ដែន​សមុទ្រ​អី​ណឹង​ប្រហែល​ជា​ពុំ​យក​ចិត្តទុក​ដាក់​ខ្លាំងទេ។​ ​អញ្ចឹង​ទេ​សម្ពាធ​ឬ​យ៉ាង​ណា​ ខ្ញុំ​ក៏​មិនអាច​ដឹង​បាន​ទេ​ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា​កម្ពុជា​យើង​ ​ប្រហែល​ជា​យក​ ​វិធីសាស្ត្រ​ការទូត​មួយ​ដោយ​ ​មិន​លើ​យក​បញ្ហា​នឹង​មក​ពិភាក្សា​ ​ហើយ​មិន​មាន​ប្រតិ​កម្ម​ណាមួយ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទាក់ទិន​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូងហ្នឹង»។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ កែម ឡី​ យល់​ថាកម្ពុជា​គឺ​ហាក់​ដូច​ជា​នៅ​ជាប់​ចិន​ ខ្លាំង​ដោយ​សារ​តែ​ជំនួយ​និង​ទំនាក់​ទំនង​ ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​គាំទ្រ​ភាគីណា​មួយ​ដោយ​ចេញ​មុខ​មាត់​ ចំពោះ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។​

«ទោះ​បី​ជា​មាន​ប្រជុំ​អាស៊ាន​ US​ ​ប្រជុំ​អាស៊ាន​បូក​មួយ​នៅ​សហរដ្ឋ​អាមេរិក​អ្វី​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​ខ្មែរ​មិន​អាច​សម្រេច​ទៅ​តាម​អាស៊ាន​ ​ទៅ​តាម​អាមេរិក​បាន​ទេ​ ​ពីព្រោះ​យើង​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​អញ្ចឹង​ណាស់»។​

​លោក​ក៏​ព្រមាន​ផង​ដែរ​ថា​កម្ពុជា​កំពុង​តែ​ដើរ​លើ​គន្លង​ចាស់​ ​នា​ទសវត្សរ៍៦០​ ​ពេល​ដែល​កម្ពុជា​គាំទ្រ​ចិន​ពេញ​ទំហឹង​នោះ។​ លោក​ កែម ឡី​បញ្ជាក់​ថា​៖«ហ្អាហ្នឹង​វាផុង​ដូច​កាល​ជំនាន់​សម្តេចតា​អញ្ចឹង​ ​បើ​យើង​នៅ​ឯករាជ្យ​ ​គោរព​តាម​រដ្ឋធម្មនុញ្ញ​អត់មាន​ប្រទេស​ណា​មួយធ្ងន់​លើ​ប្រទេស​ណា​មួយ​ ​ចំណង​ការទូត​ដូចៗ​គ្នា​ គាត់​មាន​ភាព​វ័យឆ្លាត​គឺ​វា​ល្អ។​ ​ប៉ុន្តែ​ក្រោយ​ពី២០១២​ ​មក​គឺគាត់​ផុត​ហើយ​ គាត់​ផុង​ដូច​សីហនុ​ អញ្ចឹង​ ​ដល់​ផុង​ហើយ​អាច​មាន​ផល​វិបាក​ វា​អាចអូស​ឲ្យទៅជាមាន​សង្គ្រាម​ទៅ​ទៀត​នៅ​ចុង​ក្រោយ​ ពីព្រោះ​អាមេរិក​ វា​ចូលចិត្ត​បោះ​ភ្លើង​ឲ្យ​ប្រទេស​គេ​ណា។​ កាល​ណា​យើង​ងាក​ទៅ​ណា​ខ្លាំង​ វា​បោះ​គល់​គប់​មក​ផាច់​មក ​សង្គ្រាម​បន្ត​២០ ​៣០​ឆ្នាំ​តទៀត។ ​វា​មិន​ខុស​គ្នា​ពីនៅ​អ៊ីរ៉ាក់ ​អាហ្វហ្កានីស្ថាន ស៊ីរី អេហ្ស៊ីប និង​ម៉ារ៉ុក​ស្អី​ទេ»។​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ចិន​ ​និង​រវាង​កម្ពុជា​សហ​រដ្ឋ​អាមេរិក​មាន​ភាពរកាំរកូស​ជា​ច្រើន​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​ នា​អំឡុង​ទសវត្សរ៍​១៩៦០​ ​និង​សង្គ្រាម​វៀតណាម​នាអំឡុង​ទសវត្សរ៍​១៩៧០​។​ ​នៅ​ក្នុង​ឆ្នាំ​១៩៦៥​ ​កម្ពុជា​បាន​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ​ហើយ​បាន​ព្យាយាម​បង្កើន​ទំនាក់​ទំនង​ជា​មួយ​មហាមិត្ត​ចិន​វិញ។​ ក្រោយ​ពីមាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ឪ​នរោត្តម​ ​សីហនុ​នា​ឆ្នាំ​១៩៧០​ ​ប្រទេស​ចិន​បាន​គាំទ្រ​ពួក​ខ្មែរ​ក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​លោក​ លន់ នល់​ ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។ ​ចុង​ក្រោយ​ខ្មែរក្រហម​ដែល​គាំទ្រដោយ​ប្រទេស​ចិន​ បាននាំ​មក​នូវ​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ជាង​១លាន​ ៧សែននាក់ ​និង​សង្គ្រាម​ផ្ទៃ​ក្នុង​រ៉ាំរ៉ៃ​ជាង​៣០ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG