ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ កម្ពុជា​​ត្រូវ​មាន​ការ​ប្រយ័ត្ន​«ខ្ពស់​បំផុត»​ជុំវិញ​ការ​ដណ្ដើម​ឥទ្ធិពល​លើ​កម្ពុជា​ពី​សំណាក់​មហាអំណាច​ចិន​និង​អាមេរិក


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

ការ​ថ្លែង​របស់​ពួក​គេ​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ចិន​បាន​កោះ​អញ្ជើញ​ប្រមុខ​​ការទូត​កម្ពុជា​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​របស់​​លោក John Kerry។​

អ្នក​វិភាគ​នយោបាយ​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ទំនាក់​ទំនង​កម្ពុជា​ និង​បរទេស​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ខ្ពស់​បំផុត​ពី​ការ​ប្រទាញប្រទង់​នៃ​ការ​ប្រជែង​អំណាច​រវាង​មហា​អំណាច​ចិន​ និង​អាមេរិក។

ការ​ថ្លែង​របស់​ពួក​គេ​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ចិន​បាន​កោះ​អញ្ជើញ​ប្រមុខការទូត​កម្ពុជា​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក ​មក​កាន់​កម្ពុជា​កាល​ពី​ចុង​ខែមុន​នេះ។​

ខណៈ​ដែល​លោក​ ចន ឃែរី​ (John Kerry) ទើប​តែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ បាន​មិន​ទាន់​មួយ​សប្ដាហ៍​ផង​នោះ​ ប្រមុខ​ការទូត​កម្ពុជា​ គឺ​លោក​ ហោ ណាំហុង​ ត្រូវ​បាន​ភាគី​ចិន​ អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​សប្ដាហ៍​នេះ។

បើ​យោង​ទៅ​តាម​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ ទី​២៩​ ខែ​មករា​ ឆ្នាំ​ ២០១៦​ លោក​ យ៉ាង​ ជាឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​អញ្ជើញ​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃ​ទី​ ៣​ ដល់​ថ្ងៃ​ទី​ ៥​ ខែ​កុម្ភៈ។

លោក​ ហោ ណាំហុង​ នឹង​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំ​លើក​ទី​៣​ នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណៈ​ប្រជាមានិត​ចិន សម្រាប់​ការ​អនុវត្ត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ។​

ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ​ ក៏​នឹង​ជួប​ជាមួយ​ លោក​ Li Keqiang​ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ផងដែរ ​នៅ​អំឡុង​ពេល​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​នោះ។

លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
លោក John Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​អ្នកស្រាវជ្រាវ​ ទំនាក់​ទំនង​កម្ពុជា​ និង​បរទេស​ ថ្លែង​ថា​ ការអញ្ជើញ​ពី​ភាគី​ចិន​ ដែល​មាន​លក្ខណៈ​ប្រញាប់​ប្រញាល់​នេះ​ អាច​ជា​ប្រតិកម្ម​ទៅ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​រយៈពេល​ ២​ថ្ងៃ​នៅ​កម្ពុជា​ កាល​ពី​ចុង​ខែ​ មករា​ កន្លង​ទៅ​នេះ។​

លោក​ អ៊ូ វីរៈ​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​ជា​ប្រធាន​វេទិកា​អនាគត ​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ភាគី​ចិន ​ដែល​ជា​អ្នក​ផ្ដល់​ដង្ហើម​មួយផ្នែក​ធំដល់​ការ​រស់​រាន​របស់​រាជ​រដ្ឋាភិបាលកម្ពុជា មាន​ចេតនា​មិន​ឲ្យ​ប្រទេស​កម្ពុជា​ ទោរទន់​ទៅ​រក​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​ លោក​ ចន ឃែរី។

លោក អ៊ូ វីរៈ ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​កម្ពុជា​ ក្នុងសប្ដាហ៍​នេះ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ យក​ចិត្ត​យក​ថ្លើម​ប្រទេស​ចិន​វិញ។

«ខ្ញុំ​មើល​ទៅ​ទស្សនកិច្ច​នេះ​ មាន​សារៈសំខាន់​ ខ្លាំង​មែន​ទែន​សម្រាប់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ សារៈសំខាន់​ត្រង់​ថា​ ឥឡូវនេះ​ ដោយសារ​លោក​ ចន ឃែរី​ ធ្វើ​ទស្សនកិច្ច​ទើប​មក​ដល់។​ បន្តិចទៀត​លោក ហ៊ុន សែន​ ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​ជួបលោក​ប្រធានាធិបតី​ អូបាម៉ា ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​អាស៊ាន។​ អញ្ចឹង​ បាន​ន័យ​ថា​ម៉េច? បាន​ន័យ​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​តែ​ទៅ​ចិន​ ដើម្បី​លួង​លោម​ចិន​ថា​ ប្រទេស​កម្ពុជា​ នៅ​តែ​ជិតស្និទ្ធ​ជាមួយ​ចិន​ ដដែល​ ដើម្បី​ធ្វើ​ឲ្យ​មានទំនុក​ចិត្ត​ មក​លើ​ប្រទេសកម្ពុជា ហើយ​ទន្ទឹម​នឹង​មាន​ទំនុក​ចិត្ត​ ដោយសារ​ប្រទេស​កម្ពុជា​យើង ​រស់​នឹង​ដង្ហើម​គេ​ ដង្ហើម​ចិន​ច្រើន​ណាស់ ​ទាក់​ទង​រឿង​លុយ​ ដោយសារ​អញ្ចឹង​ហើយ​ ខ្ញុំ​មើល​ទៅ​ យើង​ខំ​ទៅ​យក​ចិត្ត​គេ​វិញ​ យក​ចិត្ត​ចិន​វិញ»។

ទស្សនា​ឡើង​វិញ៖ ទស្សនកិច្ច​របស់​លោក John Kerry៖

លោក​ អ៊ូ វីរៈ​ បញ្ជាក់​បន្ថែម​ថា​ ចិន​ អាច​នឹង​ឲ្យប្រទេស​កម្ពុជា​ បន្ត​ធ្វើ​ជា​ឧបសគ្គ​ មិន​ឲ្យ​មានការ​រួបរួម​នៅ​ក្នុងសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (ឬ​ហៅ​កាត់​ថា អាស៊ាន) ព្រោះ​ការ​រួបរួម​នេះ​ អាច​ក្លាយ​ការ​គំរាម​កំហែង​ដល់​ឧត្ដមភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយចិន​អាច​នឹង​បញ្ចុះបញ្ចូល​កម្ពុជា​ មិន​ឲ្យ​មាន​ការ​គិត​គូដល់​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឬ​ជា​ភាសា​អង់គ្លេស​ ហៅ​ថា Trans-Pacific Partnership (TPP) ​ដែល​ជា​ការ​ផ្ដួចផ្ដើម​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ​ ជាមួយ​ប្រទេស​ចិន​ ទាំង​កម្លាំងសេដ្ឋកិច្ច​ និង​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

«វា​អាច​ពីរ​ ទី​មួយ​ គឺ​ប្រហែល​អាច​ អាច​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​ នៅ​បន្ត​ មាន​គោល​ជំហរ​រារាំង​ អាស៊ាន​ មិន​ឲ្យ​និយាយ​ ឬ​មួយ​ក៏​លូក​ដៃ​ពី​ជម្លោះ​ ឆ្នេរ​សមុទ្រ​ចិន​ខាង​ត្បូង។ ទីពីរ​ គឺ​ទាក់​ទង​ រឿង​ TPP ​ដែរ​ ព្រោះ​ TPP​ ចិន​គឺ​មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​អី​គេ​គិត​ថា​ អា​ហ្នឹង​គឺ​ជា​ការ​ ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ និង​បន្ទាប់​ពី​សេដ្ឋកិច្ច​ទៅ​ គឺ​នយោបាយ​នៃ​ប្រទេស​ចិន។ អញ្ចឹង​គឺ ​ចិន​មិន​សប្បាយ​ចិត្ត​ទេ។ អញ្ចឹង​ប្រហែល​ជា ចិន​មិន​សប្បាយ​ចិត្ត​ ឲ្យ​ប្រទេស​កម្ពុជា​ចូល​ទេ»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន ឃែរី​ រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ប្រមុខ​ការទូត​សហ​រដ្ឋ​អាមេរិក​រូប​នេះ​ បាន​លើក​ឡើង​បញ្ហា​ជាច្រើន​ ក្នុង​ជំនួប​របស់​លោក​ ជាមួយ​មេដឹកនាំ​ប្រទេស​កម្ពុជា​ ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល។

បញ្ហា​ទាំងនោះ​ រួម​មាន​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ។​

លោក​ ចន​ ឃែរី បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ពង្រឹង​ផ្នែកពាណិជ្ជកម្ម​រវាង​ប្រទេស​ កម្ពុជា​ និង​សហរដ្ឋ​អាមេរិក។

លោក​ ពូ​ សុវចនា​ នាយក​រង​នៃវិទ្យាស្ថាន​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ និង​ជា​អ្នក​សិក្សាស្រាវជ្រាវ​ជាន់​ខ្ពស់​អំពីកិច្ចការ​អាស៊ាន(ASEAN)​ ថ្លែង​ថា​ ប្រទេស​ចិន​ ទំនងជា​មាន​ការ​ព្រួយ​បារម្ភ​ ពី​ការ​រឹត​ចំណង​ទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា ទើប​ភាគី​ខាង​ចិន​ហៅ​ប្រមុខ​ការទូត​កម្ពុជា​ទៅ​ជួប​ប្រជុំ។

លោក​មាន​ប្រសាសន៍​ថា​ នៅ​មុន​ការ​អញ្ជើញ​របស់​ចិន​នេះ ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ផង​ដែរ​ អំពី​ការ​បើក​ទូលាយ​នៃ​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ ជាមួយ​ប្រទេស​ធំៗ​ ដោយ​កម្ពុជា​ មិន​គួរណា​ ផ្ដេកផ្ដួល​ខ្លាំង​ពេក​ទៅ​លើ​ប្រទេស​ចិន។

«ចន ឃែរី​ គាត់​ក៏​មាន​ប្រសាសន៍​អញ្ចឹង​ដែរ​ថា​ ឲ្យ​ស្រុក​ខ្មែរ​ គិតគូរ​ពី​ផលប្រយោជន៍​ ដើម្បី​យើង​មិន​អាច​យក​ គេ​ថា​ យក​ egg​ ហ្នឹង​ដាក់​ទាំង​អស់​នៅក្នុង​ basket [កន្ត្រក] ចិន​ កើត​ទេ​ ឃើញ​ទេ?​ ឲ្យ​បើក​ចំហ។ អញ្ចឹង​ ពេល​ ចន ឃែរី មក​ហ្នឹង ​វា​អាច​ចិន​ មាន​ការ​ព្រួយ​បារម្ភ​ ថា​យើង​មាន​ការ​ទំនាក់​ទំនង​ ជាមួយ​អាមេរិក​អី​ណាមួយ»។

លោក​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​ប្រឹង​ប្រែង ​ធ្វើ​ឲ្យ​អាស៊ាន​មាន​ជំហរ​ រួម​មួយ​នៅ​ក្នុង​ដោះស្រាយ​ទំនាស់​នានា​ ដែល​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ កំពុង​មាន ​ជាមួយ​ប្រទេស​ចិន ​នៅ​ក្នុង​សមុទ្រ​ចិនភាគ​ត្បូង។

លោក ថ្លែង​ថា ប្រសិនបើកម្ពុជា​ ធ្វើ​បាន​យ៉ាង​ដូច្នេះ​ នោះ​កម្ពុជា​ នឹង​មិន​រង​ការ​រិះគន់​ថា​ មាន​គោល​ជំហរ ទៅ​រក​ប្រទេស​ចិន​នោះ​ឡើយ។

«ខ្មែរ​យើង​ គួរ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​មាន​ជំហរ​មួយ​នៅ​ក្នុង​អាស៊ាន​ រឿង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង។​ ហ្នឹង​ហើយ​ ព្រោះ​មាន​វៀតណាម​ ហើយ​មានហ្វីលីពីន​ ដែល​ថា​ ជំទាស់​ខ្លាំង​មែន​ទែន​ និង​ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ​ គេ​មាន​ប៉ះពាល់​ដែរ​ ប៉ុន្តែ​គេ​សុខចិត្ត​នៅ​ស្ងៀម។ អញ្ចឹង​ បើ​ប្រទេស​ជាតិ​យើង​ អាច​មាន​ជម្រើស​មួយ​ យើង​ជួយ​ជំរុញ​តាម​លក្ខណៈ​អាស៊ាន​វិញ។​ ហ្នឹង​ហើយ ដើម្បី​កុំ​ឲ្យ​គេ​គិត​ឃើញ​ថា​ យើង​ហ្នឹង​ គិត​ពី​ចិន​ធ្វើ​អី​ យើង​យក​អា​ហ្នឹង​មក​ ជាគោល​ជំហរ​រួម​មួយ​ ធ្វើ​ម៉េច​ឲ្យ​អាស៊ាន​ស្រុះ​ស្រួល​គ្នា​ទៅ។ គោលជំហរ​មួយ​ដែល​ថា​នៅ​កណ្ដាល​ ដើម្បី​ ទុក​ចិន​ ហើយ​ទុកមហាមិត្ត​ទាំង​អស់ ដើម្បី​ដោះស្រាយ​រួម​បញ្ហា​នេះ»។

លោក​ ជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បញ្ជាក់​ថា លោក ហោ​ ណាំហុង​ នឹង​ទៅ​ទស្សន​កិច្ច​ប្រទេស​ចិន​ តាម​ការ​គ្រោង​ទុក​រវាង​ភាគី​ទាំងពីរ ដោយលោក​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នានា​ទាក់​ទិន​នឹង​ជំហរ​នយោបាយ​អន្តរជាតិ​រវាង​កម្ពុជា​~ចិន និង​កម្ពុជា~សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍ថា​ ដំណើរ​ទស្សន​កិច្ច​របស់​ លោក​ ហោ ណាំហុង​ ត្រូវ​បាន​គ្រោង​ទុក​ដោយ​ភាគី​នៃ​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​ជា​យូរ​មក​ហើយ​ ដូច្នេះ​ ទស្សនកិច្ច​របស់​លោក​ ចន ឃែរី​ មក​កាន់​កម្ពុជា​ ពុំ​មាន​ឥទ្ធិពល​ណា​មួយ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហោ​ ណាំហុង ​ទៅ​កាន់​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ​ទេ។

«ធម្មតា​ទេ​ ការវិភាគ​ វា​ចេះ​តែ​លើក​ឡើង​ ប៉ុន្តែ​ការ​វិភាគ​លើក​ឡើង​ពេល​ខ្លះ​ វា​ដូច​ជា​ទំនង​ តែ​ការ​វិភាគ​ខ្លះ​ វា​ដូច​ជា វា​ហួស​នឹង​ធ្វើ​ការ​ឆ្លើយ​តប ​ដូច​ថា​វិភាគ​ថា​ ក្រោយ​ពេល​ដែល​លោក​ ចន ឃែរី​ មក​ទស្សនកិច្ច​នៅកម្ពុជា​ កម្ពុជា​ប្រញាប់​ប្រញាល់​ឡើង​ទៅ​ចិន។ ការ​វិភាគ​បែប​ហ្នឹង​ ការ​លើកឡើង​បែប​ហ្នឹង ​មិន​សាក​សម​នឹង​ទទួល​បាន​ការ​ពន្យល់​ និង​ការ​ឆ្លើយតប​ទេ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ដដែល​ ​បញ្ជាក់​ថា​ ក្នុង​ដំណើរទស្សនកិច្ចរបស់​លោក​រដ្ឋមន្ត្រី ហោ​ ណាំហុង​ នៅ​ប្រទេស​ចិន ​ ប្រមុខ​ការ​ទូត​កម្ពុជា​ នឹង​ពិភាក្សា​ជាមួយ​ភាគី​ខាង​ចិន​ អំពី​កិច្ច​សហ​ប្រតិបត្តិការ​ដែល​ប្រទេស​ទាំង​ពីរ​ បាន​ធ្វើ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ និង​ផែនការ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ទាំង​ពីរ​នៅ​ពេល​បច្ចុប្បន្ន​ និង​ពេលខាងមុខ។

មេដឹកនាំ​ប្រទេសក្នុង​សហគមន៍​អាស៊ាន​ រួម​ទាំង​កម្ពុជា​ផង​ គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក​ នា​ពាក់​កណ្ដាល​ខែ​ កុម្ភៈ​នេះ។

នៅ​ក្នុង​ជំនួប​ប្រជុំ​នោះ​ ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ ទាក់​ទិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​ កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន ​និង​សហរដ្ឋអាមេរិក​ និង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក។

កម្ពុជា​ ក៏​ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ធ្វើ​ការ​ពង្រឹង​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ធ្វើការស្នើ​ឲ្យ​មាន​ការ​បើក​ចំហ​ការនាំចូល​ផលិតផល​ពី​កម្ពុជា​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG