លោកឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំនៅប្រទេសកម្ពុជាបានជួបជាមួយលោក កឹម សុខា មេដឹកនាំស្តីទីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ។ កិច្ចពិភាក្សារយៈពេលមួយម៉ោងនៅសភាជាតិនៅថ្ងៃច័ន្ទនេះ បានផ្តោតលើបញ្ហាសន្តិសុខរបស់អ្នកតំណាងរាស្ត្រ និងការចុះទៅមណ្ឌលបោះឆ្នោតរបស់ពួកគេ ជាពិសេសវេទិកានយោបាយរបស់គណបក្សសង្គ្រោះជាតិ។
ក្រោយកិច្ចប្រជុំបិទទ្វាររយៈពេលមួយម៉ោងនៅការិយាល័យថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មេដឹកនាំស្តីទីនៃក្រុមសំឡេងភាគតិចនៅរដ្ឋសភា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖
«លទ្ធផលល្អ ហើយក៏ជាក្តីសង្ឃឹមសម្រាប់ជាតិនិងប្រជាពលរដ្ឋខ្មែរយើង»។
ដូចគ្នានេះដែរលោក William A. Heidt ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា ជំនួបនេះពិភាក្សាអំពីទំនាក់ទំនងកម្ពុជានិងស.រ.អា. ហើយនឹងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាថ្មីៗនេះ ក្រោយពីលោកបានមកដល់ប្រទេសនេះ។
ក្រោយពីពិភាក្សាជាមួយលោក កឹម សុខា លោកឯកអគ្គរដ្ឋទូតបានប្រាប់អ្នកយកព័ត៌មានថា៖
«ខ្ញុំបានប្រាប់គាត់ថា ខ្ញុំសប្បាយរីករាយដោយបានឃើញគណបក្សទាំងពីរចុះទៅធ្វើការតាមមណ្ឌលបោះឆ្នោតនៅតាមខេត្តដូចដែលយើងធ្វើនៅស.រ.អា.ដែរនោះ។ ដូច្នេះខ្ញុំ គិតថា នេះជាដំណើរការវិជ្ជមាន»។
លោកឯកអគ្គរដ្ឋទូតស.រ.អា.ពន្យល់ថា ក្រោយពីលោកបានជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក ហេង សំរិន ប្រធានសភាជាតិ និងលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះ លោកក៏ត្រូវជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងផងដែរ។ លោកកឹម សុខាមិនបានធ្វើអត្ថាធិប្បាយច្រើនទេ។
លោកយ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចូលរួមកិច្ចប្រជុំនេះដែរ បាននិយាយថា ក្នុងកិច្ចប្រជុំនេះ លោក William Heidt បង្ហាញសុច្ឆន្ទៈស.រ.អា.ចង់ជួយកសាងទំនុកចិត្តចំពោះស.រ.អា. ទាំងពីភាគីកាន់កាប់រដ្ឋាភិបាលក៏ដូចជាភាគីនៅក្រៅរដ្ឋាភិបាល។
«ឯកឧត្តមឯកអគ្គរដ្ឋទូតស.រ.អា.បញ្ជាក់ពីគោលជំហរស.រ.អា.ចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍ កសាងទំនុកចិត្តជាមួយប្រជាពលរដ្ឋខ្មែរដើម្បីបោះជំហានជាវិជ្ជមានទៅមុខទៀត ទាំងខាងរដ្ឋាភិបាលក៏ដូចជាគណបក្សនៅក្រៅរដ្ឋាភិបាល»។
លោកនិយាយថា ភាគីទាំងពីរមើលឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នមានការធូរស្រាល។
លោកបានឲ្យដឹងផងដែរថា ជំនួបនេះមិនបាននិយាយអំពីបញ្ហាលោកសម រង្ស៊ី បញ្ហាសកម្មជន និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួនទាក់ទងនឹងការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យនោះទេ។
ដោយឡែកលោកឲ្យដឹងផងដែរថា លោកកឹម សុខានឹងទៅសួរសុខទុក្ខពួកគេនៅពន្ធនាគារនៅថ្ងៃ១១ខែកុម្ភៈនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅចូលរួមកិច្ចប្រជុំអាស៊ានអាមេរិកនៅទីក្រុង Sunnylands រដ្ឋ California ស.រ.អា. នៅអំឡុងពាក់កណ្តាលខែកុម្ភៈនេះ ហើយជនជាតិខ្មែរនៅស.រ.អា.គ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក។
ថ្វីបើគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនមិនបានរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែនក៏ដោយ ក៏អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនចាត់ទុកថា គណបក្សសង្គ្រោះជាតិនៅពីក្រោយ ហើយបាតុកម្មនេះនឹងធ្វើឲ្យវិបត្តិនយោបាយរវាងគណបក្សទាំងពីរកាន់តែធ្ងន់ធ្ងរឡើង។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក យ៉ែម ប៉ុញ្ញឫទ្ធិ អះអាងថា បើបាតុកម្មនេះកើតមានមែននោះ វាមិនមែនជាគោលនយោបាយរបស់គណបក្សទេ តែជាសិទ្ធិបុគ្គល ដែលភាគច្រើនមិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិនោះទេ។
«យើងមានការសោកស្តាយដោយសារមានការចែកមិនដាច់ថាអ្វីទៅជាស្ថាប័ន ជាគោលការណ៍ ហើយអ្វីទៅជាបុគ្គល។ ដូច្នេះយើងចង់ឲ្យមានការយល់ជាលក្ខណៈស្ថាប័ន និងជាបុគ្គលឲ្យបានពិតប្រាកដ ច្បាស់លាស់បាទ»។
ម៉្យាងវិញទៀត លោក យ៉ែម ប៉ុញ្ញឫទ្ធិនិយាយថា ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូតស.រ.អា. William A. Heidt ក៏ដូចមន្ត្រីគណបក្សសង្គ្រោះជាតិយល់ស្របគ្នាថា ស្ថានភាពសន្តិសុខរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រសើរឡើង ជាពិសេសវេទិកានយោបាយរបស់គណបក្សនេះនៅតាមខេត្តមានការសហការពីអាជ្ញាធរមូលដ្ឋាន។
អំពើហិង្សាចុងក្រោយលើតំណាងរាស្ត្របានកើតឡើងក្រោយពេលបាតុករដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ករបួសស្នាមដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីរនាក់គឺលោក ញ៉យ ចំរើន និងលោកគង់ សភា នៅពេលលោកទាំងពីរធ្វើដំណើរចេញពីរដ្ឋសភាជាតិ។ អំពើហិង្សានៅថ្ងៃទី២៦តុលាឆ្នាំ២០១៥នេះបានកើតឡើងប្រហែលមួយម៉ោងក្រោយពីមានបាតុកម្មទាមទារទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។ អ្នកប្រព្រឹត្តអំពើហិង្សានេះត្រូវគេជឿថា ជាបាតុករសេសសល់ក្រោយពីបាតុកម្មបានរំសាយ។ បួនថ្ងៃក្រោយមក សភាជាតិដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតទម្លាក់លោក កឹម សុខាចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភាដែលជាតំណែងខ្ពស់បំផុតទីពីរនៅស្ថាប័ននីតិប្បញ្ញត្តិនេះ។