ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ប្រតិកម្ម​ខ្លាំង​​នឹង​អ្នក​រិះគន់​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​​ចិន

  • នៅ វណ្ណារិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​មុន​កិច្ច​ប្រជុំ​​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​​ឆ្នាំ​២០១៤។

លោក​ ​ហ៊ុន សែន​ បន្ថែម​ថា​ គោល​នយោបាយ​បរទេស​របស់​ប្រទេស​កម្ពុជា​គឺ​មិន​ត្រូវ​ការ​រើស​យក​ប្រទេស​ណា​មួយ ​ហើយ​ចោល​ប្រទេស​ណា​នោះ​ទេ។

លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្វើ​ការ​វាយ​តប​ចំពោះ​អ្នក​រិះគន់​ដែល​ថា​ កម្ពុជា​មាន​ទំនោរ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​មាន​ទស្សនកិច្ច​របស់​លោក​ ហោ ណាំហុង ​ទៅ​កាន់​ប្រទេស​ចិន​ភ្លាមៗ​ក្រោយ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក។​ លោក​ ហ៊ុន សែន​ ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទិន​និង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។​

នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​បាន​ប្រតិកម្ម​ធ្ងន់ៗ​តប​នឹង​ការ​រិះគន់​របស់​អ្នក​វិភាគ​ដែល​ថា ​កម្ពុជា​មាន​ភាព​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន​ ជា​ជាង​សហរដ្ឋ​អាមេរិក​ ក្នុង​គោល​នយោបាយ​ទំនាក់ទំនង​ការ​បរទេស​របស់​ប្រទេស​កម្ពុជា។​

លោក​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នឹង​ធ្លាប់​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការ​បរទេស​ផង​នោះ​ ​បាន​បញ្ជាក់​ចំៗ​ជា​សារធារណៈក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នា​ថ្ងៃសុក្រ​នេះ​ថា​ កម្ពុជា​មាន​គោល​នយោបាយ​ការ​បរទេស​ អព្យាក្រឹត​និង​ចង់​ចង​មិត្តភាព​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​ ដោយ​មិន​រើសអើង​អ្វី​នោះ​ទេ។​

«ខ្ញុំ​សូម​បញ្ជាក់​ថា ​នយោបាយ​ការបរទេស​ឯករាជ្យ អធិបតេយ្យភាព​របស់​កម្ពុជា​ ​មិន​តម្រូវ​ឲ្យ​សុំ​យោបល់​អ្នក​ណា​ទាំង​អស់។​ ហើយ​រឿង​នេះ​គឺ​ជា​រឿង​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ធ្លាប់​ធ្វើ​រដ្ឋមន្ត្រី​ការ​បរទេស​តាំង​ពី​អាយុ​២៧ឆ្នាំ​តំាង​ពី​អ្នក​វិភាគ​ឯករាជ្យ​ខ្លះ​ ​ដែល​តាំង​ខ្លួន​ជា​អ្នក​វិភាគ​ឯករាជ្យ​នៅ​ស្រាត​ខោ​រត់​លេង​នៅ​ឡើយ​នោះ​ទេ»។​

លោក​ ​ហ៊ុន សែន​ បន្ថែម​ថា​ គោល​នយោបាយ​បរទេស​របស់​ប្រទេស​កម្ពុជា​គឺ​មិន​ត្រូវ​ការ​រើស​យក​ប្រទេស​ណា​មួយ ​ហើយ​ចោល​ប្រទេស​ណា​នោះ​ទេ។​ ហើយ​វា​ក៏​គ្មាន​ភាព​ចាំ​បាច់​ក្នុង​ការ​លាត​ត្រដាង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​នោះ​ទេ។​

​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ ​ការ​រិះគន់​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ ទៅ​កាន់​ប្រទេស​ចិន​ភ្លាមៗ​ក្រោយ​ពេល​មាន​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​លោក​ ចន ឃែរី (John Kerry) ​កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ។ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​ហោ ណាំហុង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ពេល​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ក្រុង​ប៉េកាំង​ថា​ ​កិច្ច​ប្រជុំ​ទ្វេភាគី​នេះ​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ឲ្យ​កើន​ឡើង​ដល់​ ​៥.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាង​មុខ។ ​ហើយ​ចិន​ក៏​មាន​បំណង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​ខ្មែរ​នៅ​ជនបទ​ឲ្យ​មាន​ជីវភាពប្រសើរ​ផង​ដែរ។​

​ក្រោយ​កិច្ចប្រជុំ​ជាមួយ​លោក ​ហោ ណាំហុង​ និង​លោក​យ៉ាង​ ជាឈី​ (Yang Jiechi)​ ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ Liu Zhenmin​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ចិន​ Xinhua​ ថា ​កម្ពុជា​ចិន​បាន​ឯកភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ផ្អែក​លើ​គោលការណ៍​សន្តិភាព​តាម​រយៈ​កិច្ច​ចរចា​រវាង​ប្រទេស​ដែល​ស្ថិត​ក្នុង​ជម្លោះ។​ ចិន​និង​ប្រទេស​អាស៊ាន​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

​យ៉ាង​ណា​ក៏​ដោយ ​លោក​ ហ៊ុន សែន​ បាន​សង្កត់​ធ្ងន់​ពី​គោលជំហររបស់​កម្ពុជា​នា​ព្រឹក​ថ្ងៃ​សុក្រ​ថា​ លោក​ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ដំណោះស្រាយជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ​ ​ក្នុង​ជំនួប​រវាង​លោក​និង​លោក​ ចន ឃែរី កាល​ពី​ចុង​ខែ​កន្លង​ទៅ។ ​លោក​ថា ​ប្រទេស​ក្នុង​ជម្លោះ​រួម​ទាំង​ចិន​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ រួមទាំង​ប្រទេស​វៀតណាម​ ​និង​ហ្វីលីពីន​ គួរ​តែ​ដោះ​ស្រាយ​ទំនាស់​ដោយ​ខ្លួន​ឯង​ ​ដូច​ប្រទេស​កម្ពុជា​និង​ថៃ​ដែល​ធ្លាប់​មាន​វិវាទ​រឿង​ព្រំដែន​នោះ។

«ខ្ញុំ​និយាយ​ជាមួយ​ Kerry ​ថា៖​ យើង​អត់ត្រូវ​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​នោះ​ទេ​ អា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ត្រូវ​ខិតខំ​ដោះ​ស្រាយ​ធ្វើ​ម៉េចឲ្យ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង​គេ​ដោះស្រាយ​ជា​មួយ​នឹង​គ្នា​ទើប​វា​ល្អ​ព្រោះ​អាស៊ាន​ ​ទោះ​ជា​មាន​ COC ​ក៏​ដោយ ​ក៏​អាស៊ាន​គ្មាន​សិទ្ធិ​ទៅ​វាស់ដី​ចែក​ឲ្យ​អ្នក​ណា​នោះ​ទេ។​ វៀតណាម​ចិន​ដោះ​ជាមួយ​គ្នា​ទៅ​ ​ចិន​ហ្វីលីពីន​ដោះ​ជាមួយ​គ្នា​ទៅ​ វៀតណាម​ហ្វីលីពីនដោះ​ជា​មួយ​គ្នា​ទៅ​ ព្រោះ​នៅ​គង​និង​គ្នា​ទាំងអស់​នឹង​គ្មាន​នរណា​ទៅ​វាស់​ដី​ឲ្យ​ទេ​ ដូច​កម្ពុជា​ជាមួយ​ថៃ​អញ្ចឹង​ គ្មាន​នរណា​គេ​មក​ មាន​តែ​កម្ពុជា​ដោះ​ជាមួយ​នឹង​ថៃ​នឹង»។

ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​ការ​រិះគន់ចំពោះ​ការ​បរាជ័យ​ ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (COC)​ នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១២​ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​នា​ថ្ងៃ​សុក្រ​នេះ​ លោក​ ហ៊ុន សែន​ ក៏​បាន​ទាមទារ​ឲ្យ​ ប្រទេស​ដែល​ធ្លាប់​តិះដៀល​កម្ពុជា​នោះ​ធ្វើ​ការ​សុំទោស​កម្ពុជា​ ​ដោយ​ហេតុ​ថា​ ប្រទេស​នា​នា​ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក៏​មិន​អាច​សម្រេច​បំណង​នេះ​ផង​ដែរ។

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ​បាន​ឡើង​កម្តៅ​សារ​ជា​ថ្មី​នា​ដើម​ខែ​មករា​កន្លង​មក​នេះ​ក្រោយ​ពេល​ដែល​ប្រទេស​ចិន​ធ្វើ​ការ​សាក​ល្បង​ចុះ​ចត​យន្តហោះ​លើក​ដំបូង​លើ​កោះ​សិប្បនិម្មិត​ដែល​ខ្លួន​សាងសង់​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រែតលី​ (Spratlys)​ ដែល​មាន​ជម្លោះ។

​គេដឹង​ថា ​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​នឹង​អាច​ជា​ប្រធានបទ​ដ៏​ក្តៅ​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ ​នឹង​សហរដ្ឋ​អាមេរិក​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ​នា​ក្រុង​លំហែ​កាយ​ ​Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា៕

XS
SM
MD
LG