លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសបានជម្រាបជាផ្លូវការជូនដល់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើម«ប្រើឡើងវិញ»នូវទណ្ឌកម្មអន្តរជាតិទាំងអស់លើប្រទេសអ៊ីរ៉ង់ដែលមានតាំងពីឆ្នាំ២០០៦។
លោក Pompeo បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអង្គការសហប្រជាជាតិថា៖ «សាររបស់យើងគឺសាមញ្ញបំផុត។ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសដែលគាំទ្រសកម្មភាពភេរវកម្មធំជាងគេបំផុតលើពិភពលោកអាចទិញនិងលក់យន្តហោះរថក្រោះ និងគ្រាប់មីស៊ីល និងអាវុធគ្រប់ប្រភេទដោយសេរីទេ។ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះនឹងបន្តលើការហាមឃាត់អាវុធ»។
លោកបានថ្លែងដែរថាលោកប្រធានាធិបតីដូណាល់ ត្រាំនិងរដ្ឋបាលរបស់លោក«បានច្រានចោលរឿងនិទាន»ដែលថាប្រទេសអ៊ីរ៉ង់គ្រាន់តែស្វែងរកកម្មវិធី នុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ។
លោកបានបន្ថែមថា៖«យើងនឹងមិនអនុញ្ញាតឲ្យសាធារណរដ្ឋឥស្លាមរបស់អ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ»។
លោក Pompeo បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបង្ហាញលិខិតដែលមានពីរទំព័រទៅប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលបានសរសេរថាក្រោយពី«កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ៗ» ដោយសមាជិកជាច្រើនដើម្បីកែប្រែ«ការមិនគោរពតាមដ៏ចម្បងៗ»របស់អ៊ីរ៉ង់តាមកាត្វកិច្ចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងគឺសហរដ្ឋអាមេរិកស្វះស្វែងរកការដាក់ទណ្ឌកម្មឡើងវិញ។
លោកបានលើកឧទាហរណ៍ជាច្រើនពាក់ព័ន្ធនឹងកម្រិតនៃការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់និងការរក្សាទុកដែលលើសកម្រិតដែលមាននៅក្នុងកិច្ចព្រមព្រៀង។ ប៉ុន្តែទាំងអស់នេះកើតមានឡើងក្រោយពីខែឧសភាឆ្នាំ២០១៨នៅពេលដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងផែនការសកម្មភាពទូទៅរួមគ្នា(JCPOA)។ មួយឆ្នាំក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញប្រទេសអ៊ីរ៉ង់បានឆ្លើយតបដោយបង្កើនបន្តិចម្តងៗលើសពីកម្រិតដែលបានព្រមព្រៀងគ្នា។ នៅមុនពេលនោះទីភ្នាក់ងារតាមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានថ្លែងថាប្រទេសអ៊ីរ៉ង់គោរពតាមកាតព្វកិច្ចរបស់ខ្លួន៕