ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំទាស់​ទៅ​នឹង​ការ​រិះគន់​របស់​លោក Pompeo មក​លើ​ខ្លួន


រូបភាពឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian ថ្លែងក្នុង​ក្រសួងការបរទេស​ចិន​ក្នុង​ទីក្រុងប៉េកាំង​។
រូបភាពឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian ថ្លែងក្នុង​ក្រសួងការបរទេស​ចិន​ក្នុង​ទីក្រុងប៉េកាំង​។

ក្រសួង​ការ​បរទេស​ចិន​កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​ចំពោះ​ប្រសាសន៍​ដែល​មាន​និន្នាការ​ប្រឆាំង​ចិន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​សាធារណរដ្ឋ​ឆែក។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Pompeo បាន​លើកឡើង​ជា​ថ្មី​អំពី​ការ​ប្រឆាំង​នឹង​ចិន និង​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ឆែក​លើ​ផ្នែក​បច្ចេកវិទ្យា 5G និង​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ថាមពល​នុយក្លេអ៊ែរ។ ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​រូប​នេះ ពេល​នោះ​បាន​ចោទ​ប្រកាន់​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​នឹង «បង្ក​គ្រោះថ្នាក់​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​សាធារណរដ្ឋ​ឆែក»។

ជា​ការ​ប្រតិកម្ម​តប អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសាសន៍​របស់​លោក Pompeo អំពី​ចិន​មិន​មាន​មូលដ្ឋាន​ទេ ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ខ្លាំងៗ​ពី​ស្ថានទូត​ចិន​នៅ​ក្នុង​ប្រទេស​ឆែក។

មន្ត្រី​អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​បន្ត​ថា ប្រសាសន៍​របស់​លោក Pompeo កើត​ចេញ​ពី «ផ្នត់​គំនិត​សម័យ​សង្គ្រាម​ត្រជាក់» និង​ដើម្បី «ប្រយោជន៍​ផ្ទាល់​ខ្លួន»។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​ដូចជា​ប្រទេស​ប៉ូឡូញ អេស្តូនី និង​សាធារណរដ្ឋ​ឆែក​ជាដើម បាន​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​បាន​សន្យា​ថា ក្រុមហ៊ុនផ្គត់ផ្គង់​បច្ចេកវិទ្យា 5G នឹង​មិន​ស្ថិត​នៅក្រោម​ការត្រួតត្រា​ដោយ​រដ្ឋាភិបាល​បរទេស​ណាមួយ​ដោយគ្មាន​ការពិនិត្យ​ជា​មុន​ពី​តុលាការ​ឯករាជ្យ​នោះ​ទេ។ ការធ្វើ​បែប​នេះ​មានន័យ​ថា​បណ្តា​ក្រុម​ហ៊ុន​ចិន​មិន​អាច​ផ្គត់ផ្គង់​បច្ចេកវិទ្យា 5G បានទេ៕

XS
SM
MD
LG