រដ្ឋបាលលោកប្រធានាធិបតី Trump បានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកនឹងបន្ដរឹតបន្ដឹងការដាក់កំហិតលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co របស់ចិន ក្នុងគោលបំណងរារាំងកុំឲ្យក្រុមហ៊ុននេះទទួលបានបន្ទះ chip ដែលមានលក់នៅទីផ្សារបាន។
វិធានការទាំងនេះរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលដំបូងឡើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters នឹងពង្រីកការរឹតត្បិតដែលត្រូវបានប្រកាសកាលពីខែឧសភា ដែលមានគោលបំណងទប់ស្កាត់មិនឲ្យមហាក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះ អាចទទួលបានបន្ទះ semiconductor ដោយគ្មានអាជ្ញាប័ណ្ណពិសេសបានទេ ដែលនោះរួមមានទាំងបន្ទះ chip ដែលផលិតដោយក្រុមហ៊ុនបរទេស ដែលត្រូវបានផលិតជាមួយនឹងកម្មវិធី ឬ បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ។
រដ្ឋបាលនេះ ក៏នឹងដាក់បញ្ចូលឈ្មោះក្រុមហ៊ុនឧបសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ចំនួន ៣៨ នៅក្នុងបណ្ដាប្រទេសចំនួន ២១ ទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រភពព័ត៌មាននានា។ ការដាក់បញ្ចូលឈ្មោះក្រុមហ៊ុនបន្ថែមទៀតនេះ នឹងធ្វើឲ្យក្រុមហ៊ុនឧបសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅអាមេរិកសរុបមានចំនួន ១៥២ ចាប់តាំងពីចាប់ផ្ដើមកាលពីខែឧសភា ឆ្នាំ២០១៩មក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បានថ្លែងប្រាប់ទូរទស្សន៍ Fox Business ថា ការដាក់កំហិតលើបន្ទះ chip ដែលច្នៃដោយក្រុមហ៊ុន Huawei កាលពីខែឧសភា «បានបង្កឲ្យពួកគេចាត់វិធានការបំពានមួយចំនួន»។
លោក Ross ថ្លែងថា៖ «ពួកគេបានទៅរកភាគីទីបី។ បទបញ្ញត្តិថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្មវិធី ឬឧបករណ៍របស់អាមេរិក ត្រូវបានហាមឃាត់ ឬតម្រូវឲ្យមានអាជ្ញាប័ណ្ណ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងថា ការផ្លាស់ប្ដូរបទបញ្ជាថ្មីនេះ «នឹងទប់ស្កាត់កុំឲ្យក្រុមហ៊ុន Huawei បំពានច្បាប់អាមេរិក តាមរយៈការផលិត chip តាមវិធីផ្សេង និងការទទួលបានបន្ទះ chip ដែលផលិតហើយស្រាប់»។ លោកបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ុន Huawei នៅតែព្យាយាមបំពាននឹងការដាក់កំហិតរបស់សហរដ្ឋអាមេរិក ដែលបានដាក់កាលពីខែឧសភា»។
ក្រុមហ៊ុន Huawei មិនទាន់ផ្ដល់អត្ថាធិប្បាយអ្វីភ្លាមៗអំពីបញ្ហានេះនៅឡើយទេ៕