ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាត់​ទុក​មជ្ឈមណ្ឌល​ចាត់​ចែង​វិទ្យាស្ថាន​​ខុងជឺ​ជា​បេសកកម្ម​បរទេស


រូបឯកសារ៖ គេហទំព័រ​នៃ​វិទ្យាស្ថាន​ខុង​ជឺ នៅ​សាកល​វិទ្យាល័យ​ Western Kentucky University សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ គេហទំព័រ​នៃ​វិទ្យាស្ថាន​ខុង​ជឺ នៅ​សាកល​វិទ្យាល័យ​ Western Kentucky University សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ខ្លួន​នឹង​តម្រូវ​ឲ្យ​មជ្ឈ​មណ្ឌល​ដែល​រៀប​ចំចាត់​ចែង​វិទ្យាស្ថាន​ខុង​ជឺ​ចុះ​ឈ្មោះ​ជា​បេសកកម្ម​បរទេស​របស់​គណបក្ស​កុម្មុយនិស្ត​កាន់​អំណាចចិន ដោយ​បាន​ចោទ​ប្រកាន់​ថា មុខ​វិជ្ជា​ភាសា​ចិន​របស់​មជ្ឈមណ្ឌល​នោះ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឥទ្ធិពល​និង​ការឃោសនា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា​ វិទ្យាស្ថាន​ខុងជឺ​នៅ​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ជា​«អង្គភាព​មួយ​ដែល​បង្កើន​ការឃោសនា​ជា​សាកល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ចេញ​ឥទ្ធិពលអាក្រក់​នៅ​តាម​សាកល​វិទ្យាល័យ​និង​ថ្នាក់​រៀន​សហរដ្ឋ​អាមេរិក​ ហើយ​សេចក្តី​ថ្លែងការណ៍​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មជ្ឈមណ្ឌល​ខុងជឺ​នោះ ​បាន​ឆ្លៀត​កេង​ប្រយោជន៍​ពីការបើក​ចំហរ​របស់​ប្រទេស​អាមេរិក»។

ការ​ប្រកាស​នេះ​កើត​មាន​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ជម្លោះ​អំពី​ app វីដេអូ​ TiKTok ដ៏មាន​ប្រជាប្រិយភាព។ កាលពី​ប៉ុន្មាន​ខែកន្លង​មក​នេះ សហរដ្ឋ​អាមេរិក​និង​ចិន​បាន​រិះគន់​គ្នា​ទៅ​វិញ​ទៅមក​អំពី​ការរាល​ដាល​នៃ​មេរោគ​កូរ៉ូណា សេរីភាព​ក្រុង​ហុងកុង ការប៉ះ​ពាល់​អធិបតេយ្យភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ជម្លោះ​ពាណិជ្ជកម្ម។

មន្ត្រី​សហរដ្ឋ​អាមេរិកនានា​ ក៏បាន​ព្រមាន​ពីការ​បង្កើន​ការប៉ុនប៉ង​ដោយពួកភ្នាក់ងារ​ចិន​ដើម្បី​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​និង​យោធា​ ជា​ពិសេស​នៅឯ​សាកល​វិទ្យាល័យ។

លោក​ David Stilwell ​ជា​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​ខាង​កើត​ បាន​បញ្ជាក់​ថា ​មិន​មែន​ជាហាម​ឃាត់​វិទ្យា​ស្ថាន​នោះ​ទេ​។

លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​មិន​បណ្តេញ​វិទ្យាស្ថាន​នោះ​ទេ។យើង​គ្រាន់​តែ​បញ្ជាក់​ថា​ ពួកគេ​ធ្វើ​ការងារ​ឲ្យ​ក្រសួង​អប់រំ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​តែ​ប៉ុណ្ណោះ»។

កាល​ពី​ខែ​ឧសភា​ ក្រុម​អង្គការ​របស់​គណបក្ស​ទាំង២នៅ​មជ្ឈមណ្ឌល​មហាវិទ្យា​ល័យ​សហរដ្ឋ​អាមេរិក គឺ​គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​មហាវិទ្យា​ល័យ​ បាន​ចេញ​លិខិត​ចំហរ​មួយ​អំពាវនាវ​ឲ្យ​បិទ​វិទ្យាស្ថាន​ខុងជឺ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​លើក​ឡើង​ពីប្រវត្តិសិទ្ធិ​មនុស្ស​របស់​ចិន​ជា​ពិសេស ផ្តោត​ទៅ​លើ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​នៅ​ទីក្រុង​ហុងកុង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG