ជោគវាសនានៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការបណ្តុះបណ្តាលកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន កាន់តែមិនច្បាស់លាស់នៅពេលដែលមន្រ្តីក្រសួងការពារជាតិអាមេរិក បង្ហាញអំពីអាទិភាពផ្សេងទៀត ដោយនៅសល់ប្រហែលតែបីខែទៀតដែលសហរដ្ឋអាមេរិកនិងកងកម្លាំងអង្គការអូតង់ នឹងបញ្ចប់ការដកកងទ័ពចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងថា បេសកកម្មបណ្តុះបណ្តាលណែនាំនិងជួយ ដែលត្រូវបានអនុម័តនៅខែមករា ឆ្នាំ២០១៥នោះ បានជួយកងកម្លាំងអាហ្វហ្គានីស្ថានអស់រយៈពេលជាច្រើនឆ្នាំក្នុងការផ្តល់ជំនាញ ចាប់ពីការរៀបចំថវិកា តម្លាភាព និងការទទួលខុសត្រូវដើម្បីពង្រឹងកងកម្លាំង ពង្រឹងនិរន្តរភាព ការស៊ើបការណ៍សម្ងាត់ និងយុទ្ធសាស្ត្រទំនាក់ទំនង។
មន្រ្តីការពារជាតិម្នាក់បានប្រាប់ VOA ថា « ថ្មីៗនេះយើងបានចូលរួមនៅក្នុងការបណ្តុះបណ្តាលទាំងអស់ រួមជាមួយដៃគូរបស់យើង»។
ការរំពឹងទុកដែលថា ការបណ្តុះបណ្តាលនេះ នឹងបន្តនៅក្រៅប្រទេសបន្ទាប់ពីការដកកងទ័ពនោះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយមេដឹកនាំមួយចំនួនកាលពីថ្ងៃអង្គារ នៅពេលដែលអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការអួតង់ កំពុងសម្លឹងរករបៀបដែលយើងអាចផ្តល់ការអប់រំនិងបណ្តុះបណ្តាលយោធា នៅខាងក្រៅប្រទេសអាហ្វហ្គានីស្ថានដោយផ្តោតលើកម្លាំងប្រតិបត្តិការពិសេស»។
ទោះយ៉ាងណា មន្រ្តីក្រសួងការពារជាតិនិយាយថា អាទិភាពរបស់ពួកគេ គឺនៅកន្លែងផ្សេង។
លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា «ឥឡូវនេះការគាំទ្រសំខាន់សន្តិសុខជាតិអាហ្វហ្គានីស្ថាន កងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខជាតិ គឺភាគច្រើនតាមរយៈមធ្យោបាយហិរញ្ញវត្ថុ ដោយមានការគាំទ្រខាងផ្នែកភស្តុភាផ្នែកទ័ពអាកាស ឧទាហរណ៍ការថែរក្សាយន្ដហោះ»។
នៅពេលសួរអំពីការបណ្តុះបណ្តាល លោកបន្ថែមថា «លើសពីនេះទៅទៀត ខ្ញុំមិនមានការសម្រេចចិត្តលើគោលនយោបាយណាមួយដើម្បីនិយាយទេ»។ កាលពីខែមុនលោក Mark Milley ឧត្តមសេនីយកងទ័ពដែលជាប្រធានអគ្គសេនាធិការចម្រុះ គ្រាន់តែប្រាប់អ្នកសារព័ត៌មានថា ចេតនារបស់យោធា គឺចង់រក្សាស្ថានទូតអាមេរិកនៅអាហ្វហ្គានីស្ថានឱ្យនៅបើក និង«បន្តគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថានកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតាមរយៈជំនួយហិរញ្ញវត្ថុនិងលុយ»៕