ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ចាប់ផ្តើម​ដក​កងទ័ព​បណ្ដើរៗ​ចេញពី​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ កងទ័ព​របស់​សហរដ្ឋ​អាមេរិក ឈរ​នៅក្នុង​ជំរំ​យោធា Shorab ក្នុង​ខេត្ត Helmand នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ កងទ័ព​របស់​សហរដ្ឋ​អាមេរិក ឈរ​នៅក្នុង​ជំរំ​យោធា Shorab ក្នុង​ខេត្ត Helmand នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

មេបញ្ជាការ​យោធា​កំពូល​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក​នាយ​ឧត្តមសេនីយ៍ Scott Miller បាន​និយាយ​ថា ដំណើរការ​នៃ​ការ​ដក​កងទ័ព​អាមេរិកាំង​ទាំងអស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចាប់ផ្តើម​រួចហើយ។

លោក Miller បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​អាទិត្យ​ថា កងទ័ព​របស់​លោក​ទាំង​អស់ «ឥឡូវ​នេះ​កំពុង​ត្រៀម​ដក​ចេញ» នៅ​ក្រោម​បញ្ជា​ដែល​លោក​បាន​ទទួល។

លោក Miller បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​ជិត ២ សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ថា កងទ័ព​អាមេរិកាំង​នៅ​សេសសល់​ចំនួន​ប្រហែល ៣.០០០ នាក់ ​នឹង​ត្រូវ​ដក​ចេញ​នៅ​ត្រឹម​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ខាង​មុខ ដែល​ជា​ខួប​ទី ២០ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង New York និង​លើ​ក្រសួង​ការពារ​ជាតិ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក Biden បាន​បញ្ជាក់​ថា ការ​ដក​កងទ័ព​បណ្ដើរៗ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ដើម្បី​បញ្ចប់​សង្គ្រាម​ជិត២០ ឆ្នាំ នៅ​អាហ្វហ្គានីស្ថាន។

លោក Miller គឺជា​មេបញ្ជាការ​ត្រួត​ទាំង​កងទ័ព​សហរដ្ឋ​អាមេរិក ​និង​ទាំង​បេសកកម្ម​យោធា​ដែល​មិន​ពាក់ព័ន្ធ​ នឹង​ការ​ប្រយុទ្ធ​របស់​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​បាន​ធ្វើ​ការ​លុកលុយ​ផ្នែក​យោធា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ហេតុការណ៍​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ កើតឡើង ដើម្បី​ដាក់​ទោស​ក្រុម​មេដឹកនាំ​តាលីបង់ (Taliban) នៅ​ពេល​នោះ ទាក់ទិន​នឹង​ការ​ការពារ​និង​ការ​អនុញ្ញាត​ឲ្យ​ក្រុម​មេដឹកនាំ​អាល់កៃដា (al-Qaida) រៀបចំ​គម្រោង​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG