ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ប្រកាស​បទ​ឈប់​បាញ់​ក្នុង​ពិធី​បុណ្យ​ស្រាយ​បួស និង​អបអរ​ការ​ដក​ទ័ព​បរទេស​ចេញ​ពី​អាហ្វហ្គានីស្ថាន


​លោក​ Mawlawi Hibatullah Akhundzada ជាប្រធាន​​​ក្រុម​ឧទ្ទាម​តាលីបង់។
​លោក​ Mawlawi Hibatullah Akhundzada ជាប្រធាន​​​ក្រុម​ឧទ្ទាម​តាលីបង់។

ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​មួយ​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ គឺថ្ងៃ​ដំបូងនៃ​ពិធី​បុណ្យ​ស្រាយ​បួសប្រចាំ​ឆ្នាំ​តាម​ប្រពៃណី​សាសនា​ឥស្លាម ​ឬ​ហៅ​ថា​ Eid-al-Fitr​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃនោះ។​ ពិធី​បុណ្យ​នេះ ជា​ការ​បិទ​បញ្ចប់​នូវ​ការ​តម​អាហារ​របស់​សាសនិក​ឥស្លាម​ អស់​រយៈ​ពេល​មួយ​ខែ​ពេញ​ ​ឬ​ហៅ​ថា​ Ramadan នោះ។​

ការ​ប្រកាស​ពី​បទ​ឈប់​បាញ់​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារកើន​ឡើងដោយ​ក្រុម​ឧទ្ទាម​ឥស្លាម​ ប្រឆាំង​ទៅ​លើកង​កម្លាំងរបស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ។​ ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​និយាយកាល​ពី​ថ្ងៃ​ចន្ទថា​ ​បន្ទាប់​ពី​មាន​ការ​ប្រកាស​បទ​ឈប់​បាញ់​របស់​ក្រុម​តាលីបង់បន្តិច​ មាន​មនុស្ស​ប្រមាណ​១១​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ​ ទៅ​លើ​ឡាន​ក្រុង​នៅ​ក្នុង​ខេត្ត ​Zabul ភាគ​ខាងត្បូងអាហ្វហ្គានីស្ថាន។ ​

បទ​ឈប់​បាញ់​នេះ​ ក៏​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​ផ្ទុះ​ជា​ច្រើន​នៅ​ខាង​ក្រៅ​សាលារៀន​សម្រាប់​ក្មេង​ស្រី​មួយ​កន្លែង​នៅ​រដ្ឋធានី​កាប៊ុល​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៦០​នាក់ ភាគ​ច្រើន​ជា​កូនសិស្ស​ស្រី។

ក្រុម​តាលីបង់​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅ​ថា មេដឹកនាំ​របស់​ខ្លួន​ បានបញ្ជា​ដល់​កម្លាំង​ប្រយុទ្ធ​ទាំង​អស់​ «ឲ្យ​បញ្ឈប់​រាល់​ប្រតិបត្តិការ​វាយ​ប្រហារ​ទៅលើគូ​សត្រូវ»​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ អាច​មាន​លទ្ធភាព​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស​នេះ «នៅ​ក្នុងបរិយាកាស​មួយ​ដោយ​សន្តិភាពនិង​សន្តិសុខ»។​

នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀតទាក់ទងពិធី​បុណ្យ​ស្រាយ​បួស​នេះ​ ប្រធាន​ក្រុម​ឧទ្ទាម​តាលីបង់​លោក​ Mawlawi Hibatullah Akhundzada បាន​សរសើរ​ដល់​ដំណើរការដក​កង​កម្លាំងយោធា​របស់​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នេះ។

​មេដឹកនាំ​តាលីបង់​រូប​នេះ​ថ្លែង​ថា៖ «យើង​ចាត់​ទុកការ​ដក​កម្លាំង​យោធា​ចេញ​ពី​អាហ្វហ្គានីស្ថាន ​ដោយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​នោះ​ ជា​ជំហាន​មួយ​ល្អ​ទៅ​មុខ​ ហើយ​សូម​អំពាវនាវជា​ខ្លាំងឱ្យ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​កិច្ច​ព្រម​ព្រមព្រៀង​ទីក្រុង​ដូហា​ ត្រូវបាន​គេ​អនុវត្ត»។​

អ្នក​ដឹកនាំក្រុម​ឧទ្ទាមរូប​នេះ​ បាន​និយាយយោង​ទៅលើ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ ដែល​សហរដ្ឋ​អាមេរិក​និង​ក្រុមឧទ្ទាម​តាលីបង់​ បាន​ឯកភាពក្នុងរាជធានី​ដូហា​ ប្រទេស​កាតា ដើម្បី​ដក​កង​ទ័ព​អាមេរិកនិង​កម្លាំង​សម្ព័ន្ធមិត្តទាំង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​បិទ​បញ្ចប់​នូវ​សង្គ្រាមអាមេរិក​ ដែល​មាន​រយៈ​ពេល​យូរ​បំផុត ដែល​នៅ​ពេល​នេះ​ បាន​ឈានចូល​ដល់ឆ្នាំ​ទី​២០​ របស់​ខ្លួន​ហើយនោះ។

ក្រុម​តាលីបង់​ បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​ចាប់​តំាំង​ពី​កងកម្លាំង​បរទេស​ត្រូវ​បាន​ដក​ជា​បណ្តើរៗ ដោយ​បង្កការ​ខូចខាត​ខ្លាំង​ដល់​ទាហាន​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​និង​ដណ្តើម​កាន់កាប់​បាន​ដែនដីថ្មី​ទៀត៕

XS
SM
MD
LG