រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះថា កញ្ចប់ទឹកប្រាក់នេះមានគោលបំណងផ្តល់ធនធានសំខាន់ៗដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១ លាននាក់ដែលរស់នៅក្នុងប្រទេសបង់ក្លាដែស ដែលភាគច្រើនបានភៀសខ្លួនចេញពីអំពើប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ា និងពលរដ្ឋបង់ក្លាដែសដែលជាម្ចាស់ផ្ទះជាង ១ លាននាក់។
បើយោងតាមអង្គការ ACLED ដែលជាអង្គការប្រមូលទិន្នន័យអន្តរជាតិដែលមានមូលដ្ឋាននៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ប្រទេសមីយ៉ាន់ម៉ាជាប្រទេសដ៏អាក្រក់បំផុតទាក់ទងនឹងអំពើហិង្សានយោបាយដែលគាំទ្រដោយរដ្ឋប្រឆាំងនឹងជនស៊ីវិល ដោយមាន ១.៦៣៩ ករណីត្រូវបានរាយការណ៍។ ជំនួយនេះនឹងជួយជនភៀសខ្លួន និងជនរងគ្រោះដោយរបបយោធាមីយ៉ាន់ម៉ាដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ របបយោធាមីយ៉ាន់ម៉ាបាន និងកំពុងបង្ក្រាបអ្នកប្រឆាំង និងបណ្តេញអ្នកនយោបាយប្រជាធិបតេយ្យ និងអ្នកការទូតដែលនៅសេសសល់ពីរដ្ឋាភិបាលមុន។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ លោក Kyaw Moe Tun ដែលត្រូវបានតែងតាំងមុនរដ្ឋប្រហារឆ្នាំ២០២១បានថ្លែងថា លោកមានបំណងបន្តតួនាទីរបស់លោករយៈពេលមួយឆ្នាំទៀត។ របបយោធាបានចោទលោកថា ក្បត់ផលប្រយោជន៍ជាតិ និងអះអាងថា លោកលែងតំណាងឱ្យប្រទេសមីយ៉ាន់ម៉ាទៀតហើយ។
វិវាទនេះបានបង្ហាញពីភាពចលាចលនយោបាយដែលកំពុងរីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលមហាសន្និបាតបានកោះប្រជុំកាលពីសប្តាហ៍មុននៅទីក្រុង New York ដោយមានលោក Tun ចូលរួមក្នុងនាមប្រទេសលទ្ធិប្រជាធិបតេយ្យដែលត្រូវបានដណ្តើមអំណាច។
ចាប់តាំងពីឆ្នាំ ២០១៧ មក ផ្អែកតាមគណនេយ្យសម្រាប់មូលនិធិចុងក្រោយបំផុត សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២,២ ពាន់លានដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងប្រទេសផ្សេងទៀតនៅក្នុងតំបន់៕