ក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង ដែលស្ថិតនៅពីក្រោយអ្វីដែលគេហៅថា «ផែនការបោកប្រាស់ដ៏ធំ» នៅទ្វីបអាស៊ី បានដំឡើងមូលដ្ឋានធ្វើការតាមអនឡាញនៅតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាជាប់នឹងប្រទេសចិន ដែលជាទីតាំងមួយដែលប៉ូលិសពិបាកទៅដល់និងជាកន្លែងដែលជនរងគ្រោះ ដោយសារការជួញដូរយកទៅធ្វើការងារបោកប្រាស់តាមអនឡាញនេះ មានក្ដីសង្ឃឹមតិចតួចក្នុងការរត់គេច។ នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ។
ក្រុមឧក្រិដ្ឋជនចិននិងតៃវ៉ាន់ដ៏មានឥទ្ធិពលដែលមានមូលដ្ឋាននៅតំបន់ទន្លេមេគង្គ ក៏ដូចជានៅក្នុងប្រទេសហ្វីលីពីនបានបោកប្រាស់ប្រាក់ពីជនរងគ្រោះអស់រាប់ពាន់លានដុល្លារ។ ពួកគេបានប្រើអ៊ីនធឺណិតដើម្បីបោកប្រាស់បែបស្នេហា គំរាមទារប្រាក់ និងអនុវត្តផែនការបោកប្រាស់បែបវិនិយោគពីរ៉ាមីតដែលចំណេញប្រាក់ច្រើន។
ទោះបីជាមានការបង្ក្រាបមួយចំនួននៅក្នុងប្រទេសកម្ពុជានិងប្រទេសហ្វីលីពីនក៏ដោយ ក៏ក្រុមឧក្រិដ្ឋជននេះកំពុងកែលម្អផែនការបោកប្រាស់របស់ពួកគេចេញពីទីតាំងរឹងមាំដែលមានការការពារពីក្រុមឧទ្ទាមជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសហែកហួរដោយសារសង្គ្រាម។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC)។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មូលដ្ឋានឧក្រិដ្ឋកម្មចម្បងបានរីកដូចផ្សិតនៅទូទាំងតំបន់ Myawaddy ដែលជាតំបន់នៅដាច់ឆ្ងាយពីក្រុង Mae Sot នៃព្រំដែនភាគខាងលិចរបស់ប្រទេសថៃដោយសារទន្លេដ៏តូចមួយ។
បណ្ដុំទីតាំងទីពីររបស់ក្រុមឧក្រិដ្ឋជននេះស្ថិតនៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់មីយ៉ាន់ម៉ាជាប់នឹងប្រទេសចិន ឆ្ពោះទៅទិសខាងជើងកាត់តាមរដ្ឋ Shan តំបន់គ្រប់គ្រងពិសេសរបស់រដ្ឋ Wa និងរហូតទៅដល់តំបន់ Kokang នៅជាប់នឹងព្រំដែននៃខេត្ត Yunnan របស់ប្រទេសចិន។
កងជីវពលជនជាតិភាគតិចនៅក្នុងតំបន់នោះមានប្រវត្តិយ៉ាងជ្រាលជ្រៅនៅក្នុងការជួញដូរគ្រឿងញៀន សត្វព្រៃកម្រ និងមនុស្សដាច់ឆ្ងាយពីក្រសែភ្នែករបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធជាមួយនឹងការបះបោរដែលរីកសាយភាយរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៕