ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការព្រួយ​បារម្ភ​កើនឡើង​ទាក់ទងនឹង​សុខភាព​ដុនដាប​របស់​លោកស្រី Aung San Suu Kyi ក្នុង​ពន្ធនាគារ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោកស្រី Aung San Suu Kyi ថ្លែងសុន្ទរកថា​នៅក្នុង​ទីក្រុង​ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ កូនប្រុសរបស់លោកស្រី Suu Kyi រាយការណ៍ថា លោកស្រីកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺននៅក្នុងពន្ធនាគារ ដែល​លោកស្រី​កំពុងជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។
រូបឯកសារ៖ លោកស្រី Aung San Suu Kyi ថ្លែងសុន្ទរកថា​នៅក្នុង​ទីក្រុង​ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ កូនប្រុសរបស់លោកស្រី Suu Kyi រាយការណ៍ថា លោកស្រីកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺននៅក្នុងពន្ធនាគារ ដែល​លោកស្រី​កំពុងជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។

ការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើង​ឡើង​អំពី​សុខភាព​មេ​ដឹកនាំ​ភូមា​ដែល​ត្រូវបានទម្លាក់​ចេញ​ពី​អំណាច ​គឺ​លោកស្រី​ អោងសាន ស៊ូជី​ ដែល​កំពុង​ជាប់​ទោស​រយៈ​ពេល​២៧​ឆ្នាំ​នៅ​ពន្ធនាគារ​ក្នុង​ក្រុង​ណៃពិដោ។​

យោង​តាម​កូន​ប្រុស​របស់​លោកស្រី ​លោកស្រី​ ស៊ូជី ​កំពុង​មាន​បញ្ហា​ធ្មេញ​និង​អញ្ចាញ​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​លោកស្រី​មិន​អាច​ទទួល​ទាន​អាហារ​បាន។​

កូន​ប្រុស​របស់​លោក​ស្រី ​ស៊ូជី ​គឺ​លោក​ Kim Aris ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី៧ ខែ​កញ្ញា​ថា៖​ «បញ្ហា​នេះ​ គួប​ផ្សំ​ជាមួយ​នឹង​អការៈ​ក្អួត​ចង្អោរ ​និង​វិលមុខ ​ធ្វើ​ឱ្យ​គាត់​មិន​អាច​ឈរ ​ឬ​ដើរ​បាន​ ហើយ​នេះជា​ហេតុផល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខភាព​របស់​គាត់​ ក៏ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រព្រឹត្ត​មក​លើ​រូប​គាត់​អំឡុង​ពេល​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​យោធា​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​មក​នេះ»។​

ប្រភព​ព័ត៌មាន​មួយ​ ដែល​រស់​នៅ​ជិត​ក្រុង​ណៃពិដោ​ដែល​ជា​រដ្ឋធានី​រៀបចំ​ឡើង​ដោយ​របប​យោធា​នៅ​ភាគ​ខាង​ជើង​អតីត​រដ្ឋធានី​យ៉ាងហ្គន ​ឬ​ រ៉ង់ហ្គូន​នោះ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​សុខភាព​របស់​លោក​ស្រី ​ស៊ូជី ​ដែល​ជា​ជ័យលាភី​ពាន​រង្វាន់​ណូបែល​វ័យ ​៧៨​ឆ្នាំ​ ​បាន​ធ្លាក់​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​

ការ​បដិសេធ​មិន​ផ្តល់​សេវា​ព្យាបាល​សុខភាព​

យោង​តាម​ប្រភព​ព័ត៌មាន​ខាង​លើ ​អាជ្ញាធរ​ពន្ធនាគារ​ត្រូវ​បាន​ផ្តល់​ដំណឹង​ពី​សុខភាព​ទ្រុឌទ្រោម​របស់​លោកស្រី​ស៊ូជី ​ដោយ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​ចុះ​មក​ពិនិត្យ​មើល​ពី​សំណាក់​ប្រធាន​ផ្នែក​សុខាភិបាល​ប្រចាំ​ពន្ធនាគារ។​ ​ ប្រភព​ព័ត៌មាន​ដដែល​ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព ​បាន​បន្ត​ប្រាប់​វីអូអេ​ថា ​បើ​ទោះ​បី​ជា​ស្ថានភាព​សុខភាព​របស់​លោកស្រី​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ ​ក៏​របប​យោធា​បាន​បដិសេធ​សំណើ​របស់​លោកស្រី​ ស៊ូជី ​ដើម្បី​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ទន្តសាស្រ្ត។​ ​

វីអូអេ​ព្យាយាម​ស្វែង​រក​ការ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​លោកស្រី​ ស៊ូជី ​ពី​របប​ដឹកនាំ​យោធា​និង​អាជ្ញាធរ​ពន្ធនាគារ​នៅ​មីយ៉ាន់ម៉ា ​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ។​

លោកស្រី ​អោងសាន ស៊ូជី​ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១នៅ​ពេល​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី​ ដែល​បាន​ឈ្នះ​ឆ្នោត។​ លោកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ជា​បន្ត​បន្ទាប់ ​ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​យោធា។ ​ក្រុម​អ្នក​គាំទ្រ​លោកស្រី​ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​និយាយ​ថា ​ករណី​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ជា​ការ​ព្យាយាម​ផ្តល់​យុត្តិកម្ម​ដល់​ការ​ចូល​កាន់​អំណាច​របស់​យោធា​ ដោយ​ធ្វើឱ្យ​លោកស្រី​បាត់បង់​សិទ្ធិ​ ក៏​ដូច​ជា​រារាំង​លោកស្រី​មិន​ឱ្យ​វិល​ត្រឡប់​ចូល​ឆាក​នយោបាយ។​

ការ​ថែទាំ​សុខភាព​សម្រាប់​អ្នក​ជាប់ឃុំ​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​

លោក ​Kim Aris ​ កូន​ប្រុស​របស់​លោកស្រី​ ស៊ូជី​ បាន​រៀបរាប់​ក្នុង​សម្តី​ដើម​ថា៖​ «របប​យោធា​បាន​បដិសេធ​សិទ្ធិ​របស់​ម្តាយ​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​តាម​ការ​ស្នើ​សុំ​ពី​វេជ្ជបណ្ឌិត​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត។​ នេះ​គឺ​ជា​សកម្ម​ភាព​ដ៏​កម្រោល​ និង​ឃោរឃៅ​មួយ​ទៀត​ពី​របប​យោធា។​ ដោយ​សារ​តែ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​គឺ​ជា​សិទ្ធិ​មនុស្ស​មូលដ្ឋាន​ សិទ្ធិ​នេះ​ត្រូវ​តែ​ទទួល​បាន ​ដោយ​មិន​មាន​ការ​រើសអើង»។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ទី​៦ ​ខែ​កញ្ញា​ អ្នក​នាំពាក្យ​អង្គការ​សហ​ប្រជាជាតិ​លោក ​Farhan Haq ​បាន​សង្កត់​ធ្ងន់​ពី​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ចំពោះ​លោកស្រី​ ស៊ូជី។​
លោក​បាន​ថ្លែង​ថា៖​ «រាល់​បុគ្គល​ដែល​រង​ការ​ជាប់​ឃុំ​ត្រូវ​តែ​ទទួល​បាន​ការ​ថែទាំ​ផ្នែក​សុខភាព។​ នេះ​ជា​សិទ្ធិ​មូលដ្ឋាន។ ​យើង​បាន​បញ្ជាក់​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​របស់​យើង​អំពី​លោកស្រី ​អង់សាន ស៊ូជី​ ហើយ​យើង​បាន ​និង​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោកស្រី ​ក៏ដូច​ជា​ការ​ដោះលែង​មេ​ដឹកនាំ​ដទៃ​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ»។

ក្តីបារម្ភ​ពី​ស្ថានភាព​នៅ​ពន្ធនាគារ​

លោក ​Kim Aris​ វ័យ ​៤៦​ឆ្នាំ ​ដែល​កំពុង​ស្នាក់​នៅ​ចក្រភព​អង់គ្លេស​ និយាយ​ថា ​ម្តាយ​របស់​លោក​ «ត្រូវ​ប្រឈម​នឹង​ស្ថានភាព​រស់​នៅ​ក៏​អាក្រក់ ​រង​ការ​ប្រព្រឹត្ត​មិន​គប្បី​ និង​អាហារ​មិន​គ្រប់គ្រាន់​ចាប់តាំង​ពី​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​មក»។​ លោក​បាន​បន្ថែម​ថា​ លើស​ពី​នេះ​ ម្តាយ​របស់​លោក​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ទទួល​បាន​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់។​

លោក​ Aris បាន​ប្រាប់​វីអូអេ​តាម​សារ​ថា៖​ «ដោយ​សារ​មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ភូមា ​(ឥឡូវ​នេះ​ហៅ​មីយ៉ាន់ម៉ា) ​នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​មួយ»។
លោក​ស្រី​ អោងសាន ស៊ូជី​ ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ពី​៣៣​ឆ្នាំ​មក​ត្រឹម​២៧​ឆ្នាំ​ កាល​ពី​ខែ​សីហា។​

បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ខ្លះ​ថា ​លោកស្រី​ ស៊ូជី ​ត្រូវ​បាន​ផ្លាស់​ទៅ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ផ្ទះ ​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​របប​យោធា​លោក​ឧត្តមសេនីយ៍​ Zaw Min Tun ​បាន​អះអាង​នៅ​ក្នុង​ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​មក​វីអូអេ​ថា​ លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ។​

លោក​បាន​ថ្លែង​ថា៖ ​«ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​យើង​មិន​បាន​ដឹង​ទេ»៕​

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG