ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​ចាប់ផ្តើម​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​​ជាមួយ​កោះ Solomon ដើម្បី​​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន


នៅក្នុង​រូបភាព​ដែល​ដកស្រង់​ពី​វីដេអូ​នេះ បង្ហាញ​ពី​លោក Kurt Campbell អ្នក​សម្រប​សម្រួលរបស់​សេតវិមាន​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ពេលលោក​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Honiara នៃ​កោះ Solomon កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​ការ​សន្ទនា​កម្រិត​ខ្ពស់ផ្នែក​យុទ្ធសាស្ត្រ​មួយ​ជាមួយ​ប្រទេស​ដែន​កោះ Solomon នៅក្នុង​ខែ​កញ្ញាខាង​មុខ​នេះដើម្បី​ដោះស្រាយ​ពី​បញ្ហា​ព្រួយ​បារម្ភ​ខាង​ផ្នែក​សន្តិសុខទៅវិញ​ទៅមក​ និង​លើក​កម្ពស់លើ​វិស័យ​សុខភាព​សាធារណៈ ហិរញ្ញវត្ថុ ​និង​បញ្ហា​ដទៃ​ផ្សេងៗ​ទៀត។

ការជំរុញផ្នែក​ការទូត​របស់​សហរដ្ឋ​អាមេរិក​នៅពេល​ថ្មីៗ​នេះ​កើត​មាន​ឡើងក្រោយ​ពី​ប្រទេស​ Solomon បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​ចិន​ដែល​មន្ត្រី​អាមេរិកហៅ​ថា​ជាការ​ខ្វះ​តម្លាភាព​ទាំងស្រុង។

ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីប៉ាស៊ីហ្វិក​និង​អាស៊ី​ខាង​កើត​លោក Daniel Kritenbrink បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​វា​មាន​ភាព​ច្បាស់លាស់​ដែល​ថា​ មាន​មនុស្ស​តិច​តួចប៉ុណ្ណោះ​នៅ​ក្នុង​ចំណោមមជ្ឈដ្ឋាន​ដ៏​តូច​មួយ​ដែល​បាន​ឃើញកិច្ចព្រមព្រៀង​នោះ»។

លោក Kritenbrink បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុងកិច្ចប្រជុំ​តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​នាយករដ្ឋមន្ត្រី​កោះ Solomon លោក Manasseh Sogavare ត្រូវ​បានគេ​ដកស្រង់​សម្តីជាសាធារណៈដោយ​និយាយ​ថា «លោក​អាច​ចែក​រំលែក​ខ្លឹមសារ​លម្អិត​នៃ​កិច្ចព្រមព្រៀងនោះ​បាន ប្រសិន​បើ​មាន​ការយល់​ព្រម​ពី​ខាង​ភាគី​ចិន ដែល​ខ្ញុំគិត​ថា​ជា​ប្រភព​នៃ​ការព្រួយ​បារម្ភ​ផង​ដែរ»។

លោក Kritenbrink និងអ្នក​សម្រប​សម្រួលរបស់​សេតវិមាន​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​លោក Kurt Campbell បាន​ដឹកនាំ​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុមដែល​រួម​មាន​មន្ត្រី​មួយ​ចំនួន​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ចូល​រួម​ផង​នោះ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​ហ៊្វីជី ប៉ាពូ អាស៊ីនូវែលហ្គីណេ​ និង​ប្រទេស​ដែន​កោះ Solomon កាល​ពី​សប្តាហ៍មុន។

ក្នុង​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​១ម៉ោង​កន្លះរវាងមន្ត្រី​អាមេរិក​ និង​នាយករដ្ឋមន្ត្រី Sogavare និង​មន្ត្រី​មួយ​ចំនួន​របស់​ដែន​កោះ​នោះ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​ឆ្លើយ​តប​វិញ​ដ៏​សមស្រប​ចំពោះការ​ប៉ុនប៉ង​បង្កើតមូលដ្ឋាន​យោធាមួយ​នៅ​ក្នុង​ប្រទេស Solomon ក្រោម​កិច្ចព្រមព្រៀង​ថ្មីៗ​ជាមួយ​ចិន​នោះ។

មន្ត្រី​អាមេរិក​បាន​បដិសេធមិន​ធ្វើ​ការ​បញ្ជាក់​លម្អិត​នៅ​ពេល​សួរ​ថា​ តើ​អាមេរិក​នឹង​អាច​ធ្វើ​សកម្មភាព​យោធា​ដែរ​ឬទេ ប្រសិន​បើ​ចិននៅតែ​ព្យាយាមបង្កើតមូលដ្ឋាន​យោធា​របស់​ខ្លួននៅ​កោះ Solomon នោះ។

ដោយ​លើក​ឡើង​ពី​ឥរិយាបទ​មិន​សមរម្យ​ជា​ប្រព័ន្ធ​របស់​ចិន​ដែល​មាន​តាំងពី​ការទាមទារផ្ទៃ​ទឹក​ខុសច្បាប់​រហូត​ដល់​ការបង្កើត​ទីតាំង​យោធាក្នុង​តំបន់​ជម្លោះ​ដែន​ទឹក​និង​រហូត​ដល់​ការ​ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុស​ច្បាប់​និង​គ្មានច្បាប់​ទម្លាប់​នោះ លោក Kritenbrink បាន​និយាយ​ថា ​គោលបំណង​របស់​សហរដ្ឋ​អាមេរិក​គឺ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ឱ្យ​បាន​ច្បាស់លាស់​អំពី​ក្តី​បារម្ភជុំវិញកិច្ចព្រមព្រៀងសន្តិសុខរវាង Solomon និង​ចិន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា «ការ​និយាយ​ស្មានៗ​ដែល​ថា​ចិន​នឹង​បង្កើត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​កោះ Solomon ជាការប្រឌិត​ព័ត៌មាន​ក្លែងក្លាយ»។ លោក Wang បាន​បញ្ជាក់​ថាកិច្ច​ព្រម​ព្រៀងសន្តិសុខរវាង​ចិន​និង​កោះ Solomon មាន​លក្ខណៈ«បើក​ចំហ តម្លាភាព ត្រឹមត្រូវ​ ស្របច្បាប់​និងគ្មាន​កំហុស»។

លោក William Gallo ប្រធាន​ការិយាល័យ​របស់​វីអូអេ​នៅ​ទីក្រុង​សេអ៊ូល ​រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ៕

XS
SM
MD
LG