ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ បន្ទាប់ពី​ចិន​និយាយ​ថា ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កោះ Solomon


រូបឯកសារ៖ ការដាក់​បង្ហាញ​​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង Honiara កោះ Solomon កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។

ប្រទេស​ចិន បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយប្រទេស​ដែន​កោះ Solomon ជាចំណាត់ការ​មួយ​ដែលធ្វើឲ្យ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​មាន​ប្រទេស​អូស្ត្រាលី​ និង​ណូវែលសេឡង់​ មានក្តីបារម្ភ​ពីកំណើន​ឥទ្ធិពល​របស់​ចិននៅ​ក្នុង​តំបន់​ដែល​ជា​ប្រពៃណី​ស្ថិត​នៅ​ក្រោម​គ្រប់គ្រង​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​មន្ត្រី​នៃ​ប្រទេស Solomon ក្នុង​ពេល​កន្លង​ទៅ បាន​បង្ហើប​ថា នៅ​ពុំ​ទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ចិននោះ​នៅ​ឡើយទេ។

លោក Douglas Ete ប្រធាន​គណៈកម្មាធិការកិច្ចការសាធារណៈ​របស់​សភា​កោះ Solomon បាន​ប្រាប់​សមាជិក​សភា​ថា ម​ន្ត្រី​ចិន នឹង​មក​ដល់​ប្រទេស​នេះ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​ខាង​មុខ​នេះ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយកោះ Solomon។

នាយករដ្ឋមន្ត្រីកោះ Solomon លោក Manasseh Sogavare បាន​ថ្លែង​ប្រាប់​សភា​ថា កិច្ចព្រមព្រៀង​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​នោះ នឹង​មិនមាន​ការដាក់​បញ្ជូល​មូលដ្ឋាន​យោធារបស​ចិន​នោះ​ឡើយ។

លោក Ete បាន​និយាយ​ថា កិច្ចព្រមព្រៀងនេះ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ពាណិជ្ជកម្ម អប់រំ​ និង​នេសាទ ក៏ប៉ុន្តែ​លោក​ជំទាស់​ប្រឆាំងទៅ​នឹងគំនិតដែល​អនុញ្ញាត​ឲ្យ​ចិន​បង្កើតមូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស Solomon។

នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ឯណោះ​វិញ សេតវិមាន​ដែល​នឹង​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិក​មួយ​ក្រុម​ទៅ​កាន់រដ្ឋធានី Honiara របស់​ប្រទេស Solomon ក្នុង​សប្តាហ៍​នេះ​បានឲ្យ​ដឹង​ថា ខ្លួនមានក្តី​បារម្ភ​ពី«កង្វះ​តម្លាភាពនិង​ខ្លឹមសារ​មិន​ច្បាស់​លាស់»នៃ​កិច្ចព្រមព្រៀងនេះ។

ពួក​មន្ត្រី​អូស្ត្រាលី​បាន​និយាយថា ចិនចង់​ធ្វើការងារ​នេះឲ្យ​បានមុន​នៃ​ការមកដល់​របស់​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី Honiara ដែល​សេតវិមាន​បាន​និយាយ​ថា ខ្លួន​នឹង​ពិភាក្សាពី​ក្តីបារម្ភ​របស់​ខ្លួនជុំវិញ​ប្រទេស​ចិន​ក៏​ដូចជា​ការបើក​ឡើងវិញ​នូវ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទស​ចិន​លោក Wang Wenbin បាន​និយាយ​ថា ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀងជា​មួយ​កោះ Solomon ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​ហើយនៅ​ពេល​ថ្មីៗ​នេះ​ ដោយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi និង​រដ្ឋមន្ត្រី​ការបរទេស Solomon លោក Jeremiah Manele។ លោកមិន​បាន​និយាយ​លម្អិតពី​ពេល​វេលា​និង​ទី​កន្លែង​ដែល​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នោះ​ឡើយ។

អ្នកនាំពាក្យក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​និយាយ​ថា សេចក្តីរាយការណ៍ស្តី​ពីការចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​រវាង​ចិន​និង​កោះ Solomon កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការបង្ហាញ​ឲ្យ​ដឹង​ថា ចិនបានផ្តល់កិច្ចព្រមព្រៀង​មួយដែល​មាន​លក្ខណៈ​ស្រពិច​ស្រពិល ​មិន​ច្បាស់​លាស់​ជាមួយ​នឹង​ការពិគ្រោះ​យោបល់ក្នុង​តំបន់តិចតួច​ទៅ​លើ​វិស័យនេសាទ​ត្រី​ ការគ្រប់គ្រង់​ប្រភព​ធនធាន ជំនួយ​អភិវឌ្ឍន៍​និង​ការអនុវត្ត​សន្តិសុខ​ជា​ដើម។

ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ក្រោយមក​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​បង្កើន​ការ​ចូលរួម​របស់​ខ្លួននៅ​ក្នុង​តំបន់​នោះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការប្រឈមក្នុងសតវត្សរ៍​ទី២១ ដោយ​រួមទាំង​សន្តិសុខ​ដែន​សមុទ្រ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ​រហូត​ដល់​វិបត្តិ​អាកាសធាតុ​និង​ជំងឺកូវីដ១៩ជា​ដើម»។

ដោយ​ឡែក​រដ្ឋាភិបាលអូស្ត្រាលី​វិញ​ ក៏​មាន​ក្តី​បារម្ភថា កិច្ចព្រមព្រៀង​នេះ​ អាច​ជាជំហាន​ឆ្ពោះ​ទៅ​មុខ​មួយ​ក្នុងការបង្កើត​វត្តមាន​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស Solomon ដែល​មាន​ចំងាយ​ប្រមាណតិច​ជាង២ពាន់គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរសមុទ្រ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ លោក​ស្រី Marise Payne បាន​ឲ្យ​ដឹង​ថា អូស្ត្រាលី​មាន​ការខក​ចិត្ត​យ៉ាង​ខ្លាំង​ជុំវិញ​រឿង​នេះ​ហើយថា អូស្ត្រាលីនឹង​បន្តស្វែង​រក​លក្ខខណ្ឌ​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះបន្ថែម​ទៀត​ដោយ​លោកស្រីបាន​កត់​សម្គាល់​ថា ការ​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ភាគី​ចិន​តែ​ប៉ុណ្ណោះ។

លោក​ស្រី​ក៏​បានបង្ហាញ​ក្តីបារម្ភអំពីកង្វះ​តម្លាភាព​នៃ​កិច្ចព្រមព្រៀង​នេះ ហើយថា​កិច្ចព្រម​ព្រៀង​នេះ «អាចនឹង​ប៉ះពាល់ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់​របស់​យើង»៕

XS
SM
MD
LG