ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​​​អាមេរិក​​​ប្ដេជា​​​ពង្រឹង​​​ចំណង​​​ការ​​​ទូត​​​ទ្វេ​​​ដង​​​ជាមួយ​​​ទ្វីប​​​អាស៊ី


លោក​​​រដ្ឋ​​​មន្ត្រី John Kerry ថ្លែង​​​ពី​​​នយោបាយ​​​ការ​​​បរទេស​​​​​​សហរដ្ឋ​​​អាមេរិក​​​នៅ​​​អាស៊ី​​​ទៅ​​​កាន់​​​និស្សិត​​​នៅ​​​វិទ្យាស្ថាន​​​ East West Center នៅ​​​រដ្ឋ​​​ហាវ៉ៃ កាល​​​ពី​​​ថ្ងៃ​​​ទី១៣ ខែ​​​សីហា ឆ្នាំ​​​២០១៤។
លោក​​​រដ្ឋ​​​មន្ត្រី John Kerry ថ្លែង​​​ពី​​​នយោបាយ​​​ការ​​​បរទេស​​​​​​សហរដ្ឋ​​​អាមេរិក​​​នៅ​​​អាស៊ី​​​ទៅ​​​កាន់​​​និស្សិត​​​នៅ​​​វិទ្យាស្ថាន​​​ East West Center នៅ​​​រដ្ឋ​​​ហាវ៉ៃ កាល​​​ពី​​​ថ្ងៃ​​​ទី១៣ ខែ​​​សីហា ឆ្នាំ​​​២០១៤។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​មាន​ប្រសាសន៍​ថា សហ​រដ្ឋអាមេរិក ​បាន​តាំង​ចិត្តផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី។

សេចក្តី​អត្ថាធិប្បាយ​របស់​លោករដ្ឋ​មន្រ្តី Kerry ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​មជ្ឈមណ្ឌល​ East-West Center ​នៅ​កោះ​ហាវ៉ៃ ​បន្ទាប់​ពី​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ចរបស់​លោក​រយៈ​ពេល​៨​ថ្ងៃ​នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក។

​អ្នកការ​ទូត​កំពូល​សហរដ្ឋ​អាមេរិករូប​នេះ ​បាន​មាន​ប្រសាសន៍​ថា ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា ​បាន​ស្នើរ​លោក​ឱ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខាង​ការទូត​ទ្វេ​ដងនៅ​ក្នុង​តំបន់​នេះ។

​លោករដ្ឋ​មន្រ្តី​ការ​បរទេស Kerry មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​គន្លឹះ​នៃ​ការ​ខិតខំ​ទាំង​នោះ គឺ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន ​ដែល​បាន​សម្តែងកង្វល់​ដល់​អ្វី​ដែល​ហៅ​ថា «នយោបាយ​ងាក​ទៅ​រក​ទ្វី​ប​អាស៊ី។»

លោករដ្ឋ​មន្រ្តី ​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​រឿង​ដែល​ខ្ញុំ​ដឹង​នេះ​នឹង​ជួយ​រក្សា​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​ ដែល​ជា​ទំ​នាក់​ទំនង​ប្រកប​ដោយ​ការ​ស្ថាបនារវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​ស្វាគមន៍ការ​ងើប​ឡើងរបស់​ចិនប្រកប​ដោយ​សន្តិ​ភាព ​ភាព​រុង​រឿងនិង​ស្ថេរភាព​ ដែល​ក្នុង​នោះ​ចិន​បាន​ដើរ​តួនាទី​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​មួយ​ក្នុង​តំបន់​អាស៊ីនិង​ពិភពលោក​និង​បាន​គាំទ្រ​ច្បាប់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​និង​សន្តិសុខ។ ​

​ចំណុច​មួយ​នៃ​ការ​មិន​ចុះស​ម្រុង​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក គឺ​ជម្លោះ​ទឹក​ដី​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួនក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​អំឡុង​ពេល​នៃ​ជំនួប​របស់​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​ភូមា​ ដែល​នៅ​ទី​នោះលោករដ្ឋ​មន្រ្តី​ Kerry ​ក៏​មាន​វត្តមាន​ដែរ​នោះ ​ចិន​បាន​ច្រាន​ចោល​សំណើរ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​កាត់​បន្ថយ​ការតាន​តឹង​ដែល​ពាក់​ព័ន្ធនឹង​ជម្លោះ​នោះ។

​កាល​ពី​ថ្ងៃ​ពុធ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង ​បាន​មាន​ប្រសាសន៍​ឡើង​វិញ​ថា ​សហរដ្ឋ​អាមេរិក​ ​មិន​ចូល​ដៃ​ជាមួយ​ភាគី​ណា​ក្នុង​ជម្លោះ​ក្នុង​នោះ​ទេ ​ក៏ប៉ុន្តែ​លោក ​មាន​ប្រសាសន៍​ទៀត​ថា ​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន គិត​គូរ​តែ​ថា​ត្រូវ​ដោះ​ស្រាយ​ដោយ​របៀប​ណា​ប៉ុណ្ណោះ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស ក៏​មាន​ប្រសាសន៍​ទៀត​ថា សហរដ្ឋ​អាមេរិក ​មាន​ការ​រំខាន​ពី​ដំណើរ​ថយក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​នៅ​ទី​នោះ យោធា​បាន​កាន់​កាប់​អំណាច​កាល​ពី​ខែឧសភា។ លោក​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា លោក​ សង្ឃឹម​ថា​ចំណាត់​ការ​នេះ​ជាការ​បណ្តោះ​អាស័ន្ន​សម្រាប់​ប្រទេស​ថៃ ដែល​លោក​រដ្ឋ​មន្រ្តី ​បាន​ហៅ​ថា ​ជាមិត្តភ័ក្រ​និង​សម្ព័ន្ធ​មិត្ត​នោះ។

​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចរបស់​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស Kerry ដែល​រួមមាន​ការ​ឈប់​សំចត​ក្នុង​ប្រទេស​អូស្រ្តាលី អាហ្វហ្គានីស្ថាន ភូមា​ និង​ប្រជុំ​កោះ Solomon ​ជា​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​លើក​ទី​៦​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​ចាប់​តាំង​លោក ​បាន​ក្លាយ​ជារដ្ឋ​មន្រ្តី​ការ​បរទេស​មក៕

XS
SM
MD
LG