អត្រាមានផ្ទៃពោះក្នុងចំណោមយុវវ័យនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះជិត៥០ភាគរយ ក្នុងចំណោមយុវវ័យនិយាយភាសាអេស្ប៉ាញ និងយុវវ័យស្បែកខ្មៅ។ អត្រាផ្តល់កំណើតកូនក្នុងចំណោមយុវវ័យជារួមក៏បានធ្លាក់ចុះជាង៤០ភាគរយដែរ កាលពី១០ឆ្នាំមុន។
អ្នកឯកទេសម្នាក់បានហៅតួលេខរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនេះថាជា «រឿងជោគជ័យមួយក្នុងចំណោមរឿងឯទៀតៗដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅ»។
លោក Bill Anderson មកពីកម្មវិធីយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការមានផ្ទៃពោះក្នុងភាពជាយុវវ័យនិងការមានផ្ទៃពោះដោយឥតព្រៀងទុក បានប្រាប់ VOA ថា ការធ្លាក់ចុះនៃការមានផ្ទៃពោះរបស់យុវវ័យគឺពិតជា «ពិសេសណាស់»។
ប៉ុន្តែនាយកមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត Tom Frieden បាននិយាយថា ស្របពេលដែលតួលេខនេះបង្ហាញពីភាពជោគជ័យមួយដ៏ធំនោះ «ការពិតគឺថា នៅតែមានយុវវ័យអាមេរិកាំងជាច្រើននាក់ដែលមានកូនក្នុងវ័យនេះ»។
យោងតាមតួលេខចុងក្រោយដែលរកឃើញនៅឆ្នាំ២០១៤ ទារកជិត២៥ម៉ឺននាក់ បានកើតពីម្តាយដែលជាយុវវ័យដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ១៩ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។
លោក Anderson និយាយថា តួលេខនេះគឺ ជិតស្មើនឹងចំនួន៤ដង បើប្រៀបធៀបនឹងតួលេខនៅចក្រភពអង់គ្លេស និងស្មើនឹង៧ដងបើប្រៀបធៀបជាមួយនឹងប្រទេសជប៉ុន។
ការរីកចម្រើនមិនមែនជាការជោគជ័យទេ
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការសរសើរលើការធ្លាក់ចុះនេះ ត្រូវបានទៅលើកម្មវិធីដែលត្រូវបានបង្កើតឡើងនៅកម្រិតជាតិ និងកម្រិតមូលដ្ឋាន និងលទ្ធភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាជាក់លាក់ជាច្រើននៅក្នុងសហគមន៍នីមួយៗ។
អ្នកស្រី Lisa Romero នៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនិយាយថា៖ «ទិន្នន័យទាំងនេះបញ្ជាក់ឲ្យឃើញថា ដំណោះស្រាយចំពោះបញ្ហាមានផ្ទៃពោះក្នុងយុវវ័យរបស់ជាតិយើង នឹងមិនមែនជាកម្មវិធីមួយសម្រាប់អនុវត្តបានគ្រប់គ្នានោះទេ»។
ចាប់ពីឆ្នាំ២០១០មក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងដោយមានកិច្ចសហការជាមួយការិយាល័យទទួលបន្ទុកផ្នែកសុខភាពមនុស្សវ័យជំទង់បានចាប់ផ្តើមផ្ដោតការយកចិត្តទុកដាក់លើការបង្ហាញភាពជោគជ័យក្នុង «គំនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិតខ្ពស់ មានសមាសភាគច្រើន និងនៅទូទាំងប្រទេស» ក្នុងការកាត់បន្ថយអត្រាមានផ្ទៃពោះនេះ។
ពួកគេបានរកឃើញថា នៅក្នុងសហគមន៍ដែលកម្មវិធីថ្មីនេះត្រូវបានណែនាំដល់មនុស្សក្នុងសហគមន៍នោះ ចំនួននៃយុវវ័យដែលទទួលបានព័ត៌មានល្អៗ ទទួលបានសេវាសុខភាព និងការពន្យារកំណើត បានកើនឡើងយ៉ាងខ្លាំងបន្តិចម្តងៗ។
យុទ្ធសាស្ត្រនៃការផ្តល់ព័ត៌មានដល់សហគមន៍មូលដ្ឋានប្រភេទនេះ បច្ចុប្បន្ននេះកំពុងត្រូវបានគេអនុវត្តនៅទូទាំងសហរដ្ឋអាមេរិក។
ប៉ុន្តែ វេជ្ជបណ្ឌិត Lee Warner នៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់ VOA ថា អត្រាផ្តល់កំណើតកូននៅតែមានកម្រិតខ្ពស់បំផុតនៅតំបន់ដែល «មានភាពអត់ការងារធ្វើ និងមានប្រាក់ចំណូលតិច និងមានការអប់រំទាប»។
ហេតុអ្វីបានជាមានការធ្លាក់ចុះ?
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការផ្លាស់ប្តូរសង្គមកំពុងមានឥទ្ធិពលយ៉ាងខ្លាំង។ វេជ្ជបណ្ឌិត Warner ប្រាប់ VOA ថា យុវវ័យភាគច្រើនមិនប្រញាប់រួមភេទទាំងវ័យក្មេងនោះទេ ហើយចំពោះអ្នកដែលមានការរួមភេទពួកគេកំពុងប្រើប្រាស់វិធីពន្យារកំណើតដែលមានប្រសិទ្ធភាពជាញឹកញាប់។
លោក Anderson ក៏បានចង្អុលបង្ហាញលទ្ធផលដែលមិនបានព្រៀងទុកកើតចេញពីកម្មវិធីជីវិតពិតល្បីៗតាមទូរទស្សន៍ ដូចជា «អាយុ១៦ និងការមានផ្ទៃពោះ» និង «ម្តាយជាយុវវ័យ» ដែលលោកនិយាយថា ជារឿងដែលគួរមានការប្រុងប្រយ័ត្ន។
លោកនិយាយថា៖ «កម្មវិធីបែបនេះ ធ្វើឲ្យមានគ្រោះថ្នាក់។ ភាពពិតជាក់ស្តែងនិងការប្រជែងគ្នា មើលទៅហាក់ដូចជារឿងពិតៗសម្រាប់ពួកគេ»។
ទៅទីបញ្ចប់ លោក Anderson ក៏ដូចជាមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនិយាយថា គន្លឹះក្នុងការរក្សាអត្រាការមានផ្ទៃពោះក្នុងវ័យយុវវ័យឲ្យនៅទាប គឺការផ្តល់ឲ្យយុវវ័យទាំងនោះនូវព័ត៌មានល្អៗ រួមជាមួយនឹងលទ្ធភាពក្នុងការទទួលបានការពន្យារកំណើត៕
ប្រែសម្រួលដោយ នៀម ឆេង