សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មលើបណ្តាញក្រុមហ៊ុនប្រេងរបស់ចិន និងអេមីរ៉ាត និងក្រុមហ៊ុនផ្សេងទៀត ដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា បានជួយចែកចាយ និងលក់ប្រេង និងឥន្ធនៈគីមីរបស់អ៊ីរ៉ង់ទៅកាន់អាស៊ីបូព៌ា ដោយដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ខណៈស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាញរូបវន្តបុគ្គល និងនីតិបុគ្គលនេះបានប្រើប្រាស់បណ្តាញនៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅឈូងសមុទ្រពែក ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងលក់ផលិតផលតម្លៃរាប់រយលានដុល្លារពីក្រុមហ៊ុនអ៊ីរ៉ង់ ទៅឱ្យប្រទេសចិន និងកន្លែងផ្សេងទៀតនៅអាស៊ីបូព៌ា។
រដ្ឋាភិបាលអាមេរិកបានកំណត់គោលដៅកាន់តែខ្លាំងចំពោះក្រុមហ៊ុនចិនទាក់ទងនឹងការនាំចេញឥន្ធនៈគីមីរបស់អ៊ីរ៉ង់ ខណៈក្តីរំពឹងសម្រាប់ការស្តារឡើងវិញនូវកតិកាសញ្ញានុយក្លេអ៊ែរនៅតែអាប់អួរ។ នៅទីក្រុងដូហា ប្រទេសកាតា កាលពីសប្តាហ៍មុន ការចរចាដោយប្រយោលរវាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ដោយមិនសម្រេចបានវិធីសង្គ្រោះកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់ត្រូវផ្អាកកម្មវិធីអាវុធអបរមាណូរបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលណោះគឺលោក Donald Trump បានបោះបង់ចោលកិច្ចព្រមព្រៀងឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញ ដែលជំរុញឱ្យអ៊ីរ៉ង់ដែលនិយាយថា កម្មវិធីរបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពនោះ ចាប់ផ្តើមរំលោភលើដែនកំណត់បរមាណូដែលចែងក្នុងកិច្ចព្រមព្រៀងនេះ។
លោក Brian Nelson រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុទទួលបន្ទុកផ្នែកភេរវកម្ម និងការសម្ងាត់ខាងហិរញ្ញវត្ថុ បាននិយាយថា៖ «ខណៈពេលដែលសហរដ្ឋអាមេរិកប្តេជ្ញាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥នោះ យើងក៏នឹងបន្តប្រើប្រាស់អំណាចរបស់យើងទាំងអស់ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មលើការលក់ប្រេងនិងឥន្ធនៈគីមីរបស់អ៊ីរ៉ង់»។
ក្នុងចំណោមអ្នកដែលត្រូវបានកំណត់មុខសញ្ញាដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនោះ គឺក្រុមហ៊ុន Jam ឥន្ធនៈគីមីដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថាបាននាំចេញផលិតផលឥន្ធនៈគីមីទៅកាន់ក្រុមហ៊ុននានានៅទូទាំងអាស៊ីបូព៌ា ដែលភាគច្រើនបានលក់ទៅឱ្យក្រុមហ៊ុនដែលរងទណ្ឌកម្មសហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
ក្រុមហ៊ុន Jam មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ក្រុមហ៊ុនផ្សេងទៀតដែលជាគោលដៅទណ្ឌកម្មដែរនោះគឺក្រុមហ៊ុន Edgar Commercial Solutions FZE ដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថា បានទិញ និងនាំចេញផលិតផលឥន្ធនៈគីមីពីក្រុមហ៊ុនអ៊ីរ៉ង់ ដែលរងទណ្ឌកម្មសម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ក្រុមហ៊ុននេះបានប្រើប្រាស់ក្រុមហ៊ុន Lustro Industry Limited ដែលមានមូលដ្ឋាននៅហុងកុង ដើម្បីលាក់មុខរបស់ខ្លួនក្នុងការទិញផលិតផលឥន្ធនៈគីមីយ៉ាងច្រើន៕