ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល ស្នើ​ប្រទេស​ដែល​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ឲ្យ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់


រូបឯកសារ៖ ប្រធានផ្នែកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​លោក Ali Bagheri Kani និងសមាជិកគណៈប្រតិភូអ៊ីរ៉ង់ រង់ចាំការចាប់ផ្តើម​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​នៃ​សន្ធិសញ្ញាផែនការសកម្មភាពរួមគ្នាដោយទូលំទូលាយ JCPOA នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានផ្នែកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​លោក Ali Bagheri Kani និងសមាជិកគណៈប្រតិភូអ៊ីរ៉ង់ រង់ចាំការចាប់ផ្តើម​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​នៃ​សន្ធិសញ្ញាផែនការសកម្មភាពរួមគ្នាដោយទូលំទូលាយ JCPOA នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេស​អ៊ីស្រាអែល​ បាន​ស្នើ​ប្រទេស​ទាំងអស់​ដែល​ចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ឲ្យ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ជាមួយ​នឹង​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ខ្ញុំ​ស្នើ​ប្រទេស​ទាំងអស់​ដែល​ចរចា​ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​វីយែន​ឲ្យ​ប្រកាន់​គោល​ជំហរ​ម៉ឺងម៉ាត់ និង​បញ្ជាក់​ទៅកាន់​អ៊ីរ៉ង់​ឲ្យ​ច្បាស់​ថា អ៊ីរ៉ង់​មិន​អាច​បង្កើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ និង​ចរចា​ក្នុង​ពេល​តែមួយ​នោះ​ទេ។ អ៊ីរ៉ង់​ត្រូវតែ​ទទួល​រង​នូវ​ផល​វិបាក​សម្រាប់​ការ​បំពាន​របស់​ខ្លួន [លើ​កិច្ចព្រមព្រៀង​នេះ]»។

ការ​ស្នើ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ការ​ចរចា​កិច្ចព្រមព្រៀង​នេះ​រយៈពេល ៥ ថ្ងៃ នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស បាន​បញ្ចប់​ទៅ​កាលពី​សប្ដាហ៍​មុន​ដោយ​មិន​បាន​លេចចេញ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ។ ប្រទេស​អ៊ីរ៉ង់ ​នៅ​ប្រកាន់​គោល​ជំហរ​ដដែល ដែល​ធ្វើ​ឲ្យ​ដៃគូ​ចរចារ​របស់​ខ្លួន​សម្តែង​នូវ​ការ​ខកចិត្ត​ និង​ទុទ្ទិដ្ឋិនិយម។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​ហាក់ដូចជា​មិន​មាន​ភាព​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​ចរចា​នេះ ហើយ​មន្ត្រី​ការទូត​អឺរ៉ុប​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា ​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ពី​មុន។

ជាង​នេះ​ទៀត សូម្បីតែ​ប្រទេស​រុស្ស៊ី ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​អ៊ីរ៉ង់ ក៏​មាន​ចម្ងល់​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​អ៊ីរ៉ង់​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ដែរ។

ចំណែក​ឯ​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​ប្រទេស​តាមដាន​ការ​ចរចា​នេះ​ពី​ខាងក្រៅ​វិញ បាន​បង្កើន​វោហាសាស្ត្រ​របស់​ខ្លួន​រិះគន់​លើ​អ៊ីរ៉ង់ ហើយ​គ្រោង​នឹង​បញ្ជូន​មន្ត្រី​សន្តិសុខ​កំពូល​ពីរ​រូប​របស់​ខ្លួន​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដើម្បី​ប្រឹក្សា​យោបល់​លើ​រឿង​នេះ។

ការ​ចរចា​នេះ​ គឺ​ដើម្បី​ស្តារ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ចំនួន ៦។ កិច្ចព្រមព្រៀង​នេះ​មាន​គោល​បំណង​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ៕

XS
SM
MD
LG