ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​បន្ត​ជាថ្មី


រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេស​អ៊ីរ៉ង់ គ្រវី​នៅ​ខាង​មុខ​អគារ​មជ្ឈមណ្ឌល​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) នៅក្នុង​អគារ​នោះ​ផងដែរ នៅ​ក្នុង​ទីក្រុង​វីយែន កាលពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេស​អ៊ីរ៉ង់ គ្រវី​នៅ​ខាង​មុខ​អគារ​មជ្ឈមណ្ឌល​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) នៅក្នុង​អគារ​នោះ​ផងដែរ នៅ​ក្នុង​ទីក្រុង​វីយែន កាលពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១។

ការ​ចរចា​អំពី​ការ​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បាន​បន្ត​ធ្វើ​ឡើង​ជា​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ ​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល ៥ ខែ និង​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ចូល​កាន់​តំណែង​មក។

ដូច​ការ​ចរចា​កាលពី ៦ លើក​មុន​ដែល​បាន​ចាប់ផ្តើម​ដំបូង​កាលពី​ខែ​មេសា​ដែរ សហរដ្ឋ​អាមេរិក ​នឹង​ចូលរួម​ដោយ​ប្រយោល។ អ៊ីរ៉ង់​នឹង​ចរចា​ដោយផ្ទាល់​ជាមួយ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នេះ ដែល​នោះ​ គឺ​ចក្រភព​អង់គ្លេស ប្រទេស​បារាំង រុស្ស៊ី និង​អាល្លឺម៉ង់ ហើយ​មន្ត្រី​ការទូត​អឺរ៉ុប​នឹង​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​សហរដ្ឋ​អាមេរិក។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ គឺជា​កិច្ចព្រមព្រៀង​ដែល​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ពី​រវាង ១០ ទៅ ១៥ ឆ្នាំ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៨ ក្នុង​អំឡុងពេល​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump។ បន្ទាប់ពី​នោះ​មក អ៊ីរ៉ង់​ បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​នេះ។

មក​ទល់​នឹង​ពេល​នេះ អ៊ីរ៉ង់​មាន​ចំនួន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​ខ្លួន​រក្សាទុក​ច្រើន​ជាង​ចំនួន​កំណត់​ដែល​ខ្លួន​បាន​ឯកភាព​នៅ​ក្នុង​កិច្ចព្រមព្រៀង និង​បាន​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ទាំង​នេះ​ឱ្យ​មាន​កម្រិត​ខ្ពស់។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ដំបូង​ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ដែល​ថា អ៊ីរ៉ង់​កំពុង​ធ្វើការ​ដើម្បី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ អ៊ីរ៉ង់​បាន​ច្រានចោល​ការ​ព្រួយបារម្ភ​នេះ ដោយ​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ធម្មតា​ប៉ុណ្ណោះ​ដូចជា​សម្រាប់​ការ​ស្រាវជ្រាវ​និង​ការ​បង្កើត​ថាមពល​អគ្គីសនី​ជាដើម៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG