ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់ រុស្ស៊ី និង​ចិន ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នាវា​រួមគ្នា


រូបឯកសារ៖ កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ដើរក្បួន​ក្នុង​អំឡុង​ការដង្ហែរក្បួន​ដើម្បី​រំឭកខួប​លើកទី៧០ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ដើរក្បួន​ក្នុង​អំឡុង​ការដង្ហែរក្បួន​ដើម្បី​រំឭកខួប​លើកទី៧០ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។

អ៊ីរ៉ង់ រុស្ស៊ី​ និង​ចិន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នាវា​រួម​គ្នា​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ ដោយ​មាន​គោល​បំណង​បង្កើន​សន្តិសុខ​នាវាចរណ៍។ ​នេះ​ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AP ​ដែល​ដកស្រង់​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ។ ​

ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​ បាន​រាយ​ការណ៍​ថា ​នាវា​របស់​ខ្លួន​ចំនួន​១១​គ្រឿង​ បាន​ចូលរួម​ជាមួយ​នាវា​របស់​រុស្ស៊ី​ចំនួន​៣ ​រួមទាំង​នាវា​ពិឃាត​មួយ​គ្រឿង​ផង ​ហើយ​នឹង​នាវា​របស់​ចិន​២​គ្រឿង។​ កងទ័ព​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ ក៏​នឹង​ចូលរួម​ជាមួយ​នាវា​តូចៗ​ និង​ឧទ្ធម្ភាគចក្រ​ផង​ដែរ។​

សេចក្តី​រាយ​ការណ៍​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សមយុទ្ធ​នោះ​ នឹង​ធ្វើ​លើ​ផ្ទៃ​សមុទ្រ​ទំហំ​១៧០០០​គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាង​ជើង​មហាសមុទ្រ​ឥណ្ឌា​ ហើយ​រួម​ទាំង​ការ​ប្រយុទ្ធ​នៅពេល​យប់ ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ និង​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​ផង​ដែរ។​

នេះ​ ជា​សមយុទ្ធ​នាវា​រួម​គ្នា​លើក​ទី៣​រវាង​ប្រទេស​ទាំង៣​នេះ​ ចាប់តាំង​ពីឆ្នាំ​២០១៩​មក។ ​សមយុទ្ធ​នេះ ​គាប់ជួនជាមួយ​នឹង​ដំណើរទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​Ebrahim Raisi ​ទៅ​ប្រទេស​រុស្ស៊ី​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

ទីភ្នាក់​ព័ត៌មាន​រដ្ឋ​ IRNA របស់​អ៊ីរ៉ង់ បានរាយ​ការណ៍​ថា បន្ទាប់ពី​វិល​ត្រឡប់​មកពី​ប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​សុក្រ​នេះ​ លោក ​Raisi ​បាន​និយាយថា ​«ការធ្វើ​ឲ្យ​ប្រសើឡើង​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ ​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​លើក​កម្ពស់​សន្តិសុខ​តំបន់​ និង​មុខមាត់​លើ​ឆាក​អន្តរជាតិ»។​

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ បាន​ស្វះស្វែង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​មូស្គូ ​នៅពេលមាន​ការ​តានតឹង​ជាមួយ​សហ​រដ្ឋ​អាមេរិកនៅ​ក្នុង​តំបន់​នោះ។ ​ដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដោយតំណាង​នាវា​រុស្ស៊ី​ និង​ចិន​ក៏​បាន​កើន​ឡើង​ដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕

XS
SM
MD
LG