ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សុខាភិបាល​សាធារណៈ​ស.រ.អ.​ថា ការរឹតត្បិត​ថ្មី​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ជា​«ការឆ្លើយតប​ត្រឹមត្រូវ»


រូបឯកសារ៖ ប្រធាន​ផ្នែក​សុខាភិបាល​សាធារណៈ​សហរដ្ឋ​អាមេរិក​លោក Vivek Murthy ថ្លែង​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​មួយ​នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ប្រធាន​ផ្នែក​សុខាភិបាល​សាធារណៈ​សហ​រដ្ឋ​អាមេរិក​លោក​ Vivek Murthy ​កាលពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ការពារ​បទ​បញ្ជា​ថ្មី​របស់​លោក​ប្រធានាធិបតី​ Joe Biden ​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​រាប់​លាន​នាក់​ចាក់​វ៉ាក់សាំងបង្ការវីរុស​កូរ៉ូណា​ ដោយ​គំរាម​អំពី​លទ្ធភាព​បាត់បង់​ការងារ​របស់​ពួកគេ ​ទោះជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​អភិបាល​រដ្ឋ​ខាង​គណបក្ស​សាធារណ​រដ្ឋ​ក៏ដោយ។ ​

លោក ​Murthy ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​ABC​ ក្នុង​កម្មវិធី​ This Week​ ថា ​«នេះ​មិន​មែន​ជា​វិធាន​ការ​មិន​ប្រក្រតី​នោះ​ទេ។ ​នេះ​ជា​ការ​ឆ្លើយតប​ដ៏​ត្រឹម​ត្រូវ»។​

ដោយ​សហ​រដ្ឋ​អាមេរិក​មាន​កំណត់ត្រា​ការ​ឆ្លង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​(Delta ) ​ប្រហែល​១៥០.០០០​ករណី​ និង​មនុស្ស​ស្លាប់​ជាង​១៥០០​នាក់​ជា​រៀង​រាល់​ថ្ងៃ​នោះ​ ​លោក ​Biden ​កាល​ពី​សប្តាហ៍​មុន ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ចាប់ពី​១​រយ​នាក់​ឡើង​ទៅ​ ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បើ​ពុំ​ដូច្នេះ​ទេ​ តម្រូវ​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំង​នោះ ​ធ្វើ​តេស្ត​កូវីដ​១៩​ជា​រៀងរាល់​សប្តាហ៍ ​ប្រសិន​បើ​ពួកគេ​មិន​ចាក់​វ៉ាក់សាំង។​

អ្នក​ធ្វើការ​ប្រហែល​៨០​លាន​នាក់​នៅ​ក្នុង​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក ​ដែល​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ អាច​រង​ផល​ប៉ះពាល់​ដោយ​បទបញ្ជា​របស់​លោក ​Biden ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ការងារ​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ចាក់​វ៉ាក់សាំង ឬ​ធ្វើ​តេស្ត។​

លោក​ប្រធានាធិបតី​ ក៏​បាន​បញ្ជា​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​ប្រហែល​ ២​លាន ​៥​សែន​នាក់​ចាក់​វ៉ាក់សាំង​ ប្រសិន​បើ​ពួកគេ​មិន​ទាន់​បាន​ចាក់ ​ហើយ​លោក​បាន​បញ្ចប់​ជម្រើស​កាលពី​ពេល​មុន​ដែល​ថា ​ពួកគេ​ធ្វើ​តេស្ត​ជារៀងរាល់​សប្តាហ៍ ​ប្រសិន​បើ​ពួកគេមិន​ចាក់​វ៉ាក់សាំង។​

ក្រុមហ៊ុន​ធំៗ​ខ្លះ ​បាន​ចាប់ផ្តើម​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​រួចហើយ ​ហើយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សំខាន់ៗ​ ជា​ទូទៅ​បាន​បង្ហាញ​ការគាំទ្រ​បទ​បញ្ជា​របស់​លោក​ Biden។ ​ ក៏​ប៉ុន្តែ​អភិបាល​រដ្ឋ​ចំនួន​១៩​របស់​គណបក្ស​សាធារណរដ្ឋ ​ដែល​ភាគ​ច្រើន​ជា​អ្នក​តែងតែ​រិះគន់​បទ​បញ្ជា​របស់​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នោះ ​បាន​ប្រឆាំង​សេចក្តី​ណែនាំ​របស់​លោក​ហើយ​ថា ​ ពួកគេ​កំពុង​ពិចារណា​ប្តឹង​តាម​ផ្លូវ​ច្បាប់៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG