ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អាមេរិក ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩


រូបឯកសារ៖ យោធា​អាមេរិក ត្រៀម​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដើម្បី​ចាក់​ដល់​អ្នក​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​ទីក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ សមាជិក​យោធា​អាមេរិក​ខ្លួនឯង នឹងត្រូវ​ចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុង​ពេល​ឆាប់ៗ​នេះ។
រូបឯកសារ៖ យោធា​អាមេរិក ត្រៀម​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដើម្បី​ចាក់​ដល់​អ្នក​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​ទីក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ សមាជិក​យោធា​អាមេរិក​ខ្លួនឯង នឹងត្រូវ​ចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុង​ពេល​ឆាប់ៗ​នេះ។

កងទ័ព​អាមេរិក ​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ ជាបន្ទាន់។​ នេះ​បើ​យោង​តាម​លិខិត​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិកលោក ​Lloyd Austin។​

បទ​បញ្ជា​នេះ​ បាន​កើត​ឡើង​ពីរ​ថ្ងៃ ​បន្ទាប់ពី​ទីភ្នាក់ងារ​ចំណី​អាហារ​និង​ឱសថ ​(FDA)​អាមេរិក​ បាន​ផ្តល់​ការ​យល់​ព្រមចុង​ក្រោយ​ដល់​វ៉ាក់សាំង ​Pfizer ​ដោយ​បើក​ផ្លូវ​ឱ្យ​បុគ្គលិក​យោធា​ជាង​៨០០.០០០​នាក់​ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​ចាក់​ថ្នាំបង្ការ​នេះ។

បទ​បញ្ជា​នេះ​មិន​បាន​បញ្ជាក់​ថា​ ការ​ចាក់​វ៉ាក់សាំង​ត្រូវតែ​បញ្ចប់​នៅពេលណា​នោះ​ទេ ​ប៉ុន្តែ​វា​តម្រូវ​ឱ្យ​សាខា​យោធា​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រចាំ​ថា ​តើ​ដំណើរការ​យ៉ាង​ណា។​

លោក​ Austin ​បាន​និយាយ​នៅ​ក្នុង​បទបញ្ជា​នេះ​ថា ​«ដើម្បី​ការពារ​ប្រទេស​ជាតិ​នេះ​ ​យើង​ត្រូវ​ការ​កម្លាំង​ដែល​មាន​សុខភាព​ល្អ និង​ត្រៀម​ខ្លួន​ជាស្រេច។ បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់​យ៉ាង​ល្អិតល្អន់​ជាមួយ​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ និង​ថ្នាក់​ដឹកនាំ​យោធា​ និង​ដោយ​មាន​ការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី​ ខ្ញុំបាន​កំណត់​ថា​ ការ​ចាក់​វ៉ាក់សាំង​ដែល​ជា​តម្រូវការ​ចាំបាច់​ប្រឆាំង​ជំងឺ​កូវីដ១៩​ គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​ការពារ​កង​កម្លាំង​និង​ការពារ​ប្រជាជន​អាមេរិក»។​

យោធា​អាមេរិក​ នឹង​ចាត់​ចែង​ការ​ចាក់​វ៉ាក់សាំង​កងទ័ព​នៅ​សហរដ្ឋអាមេរិក ​និង​នៅ​ជុំវិញ​ពិភពលោក។​ បុគ្គលិក​យោធា​ អាច​ជ្រើស​រើស​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង​បាន។

ការ​ចាក់​ថ្នាំ​បង្ការដល់​កងទ័ព​ឆ្មាំជាតិ​ អាច​មាន​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ ពីព្រោះ​ពួកគេ​ប្រចាំការ​នៅ​រាយ​ប៉ាយ​ពាសពេញ​សហ​រដ្ឋ​អាមេរិក ​ហើយ​ពួកគេ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ហ្វឹកហាត់​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។​ បទ​បញ្ជានេះ​ អនុវត្ត​ចំពោះ​តែ​វ៉ាក់សាំង​របស់​ Pfizer ប៉ុណ្ណោះ។ ​វ៉ាក់សាំង​ Moderna ​បាន​ដាក់​សំណើ​ទៅ​ទីភ្នាក់ងារ​ចំណី​អាហារ​និង​ឱសថ​ដើម្បី​សុំ​ការ​យល់​ព្រម​ពេញលេញ​សម្រាប់​វ៉ាក់សាំង​របស់​ខ្លួន។​ ក្រុមហ៊ុន​ Johnson & Johnson ​បាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា​ នឹង​ដាក់​សំណើ​នៅ​ចុង​ឆ្នាំ​នេះ។​

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​សីហា ​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា ​កងទ័ព​ឆ្មាំ​ជាតិ​និង​ឆ្មាំ​ជាតិ​សកម្ម​និង​បម្រុង​ ដែលមាន​ចំនួន​ជាង ១​លាន​នាក់ ​ត្រូវ​បាន​ចាក់​វ៉ាក់សាំងពេញលេញ​ ហើយ​ជិត​ ២,៥​សែននាក់​ទៀត ​បាន​ចាក់យ៉ាង​ហោចណាស់​មួយ​ដូស។​

មាន​កងទ័ព​សកម្ម​ជាង ​១,៣​លាន​នាក់​ និង​ជិត ​៨០០.០០០​ នាក់​ផ្សេង​ទៀត ​កំពុង​បម្រើ​ការ​នៅ​ក្នុង​ឆ្មាំជាតិ​និង​កម្លាំង​បម្រុង៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press

XS
SM
MD
LG