ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងផ្សព្វផ្សាយយុទ្ធសាស្ត្រថ្មីមួយប្រយុទ្ធប្រឆាំងនឹងកំណើនយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្នុងសុន្ទរកថាដ៏សំខាន់មួយនៅសេតវិមាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា លោក Biden នឹងពន្យល់វិធី ៦យ៉ាង ដើម្បីលើកទឹកចិត្តពលរដ្ឋអាមេរិកាំងកាន់តែច្រើនចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ រួមមានការចូលរួមរបស់ផ្នែកឯកជនផងដែរ។
សុន្ទរកថារបស់លោក Biden ធ្វើឡើងនៅពេលសហរដ្ឋអាមេរិកកំពុងប្រឈមកំណើនការឆ្លងជំងឺកូវីដ១៩ អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងការស្លាប់បណ្តាលមកពីវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)ដែលឆ្លងខ្លាំង ដែលបានបន្ថយលទ្ធផលប្រឹងប្រែងរបស់រដ្ឋបាលលោក Biden អំឡុងប៉ុន្មានខែដំបូងនៃការកាន់តំណែងរបស់លោក។
ការឆ្លងថ្មីភាគច្រើនក្នុងចំណោមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនោះ រួមមានកំណើនការឆ្លងយ៉ាងខ្លាំងដល់ពួកកូនក្មេងដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន។
បណ្ឌិត្យសភាអាមេរិកផ្នែកពេទ្យកុមារបានបញ្ជាក់ថា ករណីឆ្លងក្នុងចំណោមកូនក្មេងបានកើនឡើងដល់ ៧៥០.០០០ ករណី នៅចន្លោះថ្ងៃទី៥ ខែសីហា និងថ្ងៃទី២ ខែកញ្ញា។
កំណើនការឆ្លងថ្មីៗបំផុតនេះ បានជំរុញឲ្យមន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពនៅទូទាំងសហរដ្ឋអាមេរិកទទួលបន្ទុកហួសលទ្ធភាព ដោយកន្លែងសង្គ្រោះបន្ទាន់ពោរពេញទៅដោយអ្នកជំងឺកូវីដ១៩ ហើយបានធ្វើឲ្យគាំងការងើបឡើងវិញនូវសេដ្ឋកិច្ចចេញពីការរាតត្បាត ដែលជាគោលដៅដ៏សំខាន់នៅឆ្នាំដំបូងនៃការកាន់តំណែងរបស់លោកប្រធានាធិបតី Biden៕