ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ៦ចំណុចថ្មីប្រឆាំងកំណើនករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រួមមានតម្រូវការចាក់វ៉ាក់សាំងទូទៅ និងវិធានការផ្សេងទៀត។
លោក Biden បានបញ្ជាឱ្យបុគ្គលិកសហព័ន្ធ និងអ្នកមានកិច្ចសន្យាការងារសហព័ន្ធចំនួន ២លាន ៥សែននាក់ និយោជិតនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពភាគច្រើន និងនិយោជិតក្រុមហ៊ុនដែលមានបុគ្គលិកលើសពី១០០នាក់ ត្រូវចាក់វ៉ាក់សាំងកូរ៉ូណាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងថ្មីដើម្បីទប់ទល់ជំងឺឆ្លងនេះ។
និយោជិកនៃក្រុមហ៊ុនឯកជនធំៗ អាចមានជម្រើសធ្វើតេស្តរកវីរុសប្រចាំសប្តាហ៍ ឬចាក់ថ្នាំបង្ការ។ ប៉ុន្តែបទបញ្ជាថ្មីនេះ បានលុបចោលជម្រើសធ្វើតេស្តសម្រាប់បុគ្គលិកសហព័ន្ធ។ ក្រុមហ៊ុនខ្លះ កំពុងតម្រូវឱ្យបុគ្គលិកចាក់វ៉ាក់សាំង ឬបើមិនដូច្នេះទេ នឹងបាត់បង់ការងារ។
លោក Biden បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «បើអ្នកចង់ធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធ ឬធ្វើអាជីវកម្មជាមួយយើង សូមចាក់វ៉ាក់សាំង»។
លោកសង្កត់ធ្ងន់ថា លោកចង់ការពារកុំឱ្យពលករអាមេរិកដែលបានចាក់វ៉ាក់សាំងរួចហើយ ឆ្លងជំងឺពីអ្នកដែលមិនបានចាក់វ៉ាក់សាំង។
លោក Biden ក៏បានប្រកាសផងដែរថា ក្រសួងការងារនឹងតម្រូវឱ្យអាជីវកម្មពាក់ព័ន្ធផ្តល់ពេលឱ្យបុគ្គលិកទៅចាក់ថ្នាំបង្ការដោយមិនកាត់ប្រាក់ឈ្នួល។
យើងមិនទាន់ដឹងច្បាស់ភ្លាមៗទេថា តើបទបញ្ជារបស់លោក Biden ចំពោះបុគ្គលិកសហព័ន្ធ និងអ្នកមានកិច្ចសន្យាការងារនោះ លើកលែងចំពោះអ្នកដែលសុំលើកលែងដោយលើកហេតុផលខាងសាសនា ឬវេជ្ជសាស្ត្រ ឬយ៉ាងណាទេ។
លោកប្រធានាធិបតី ក៏បានបង្ហាញពីកិច្ចប្រឹងប្រែងថ្មី ដោយបញ្ចុះបញ្ចូលជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំងឱ្យចាក់វ៉ាក់សាំង ការពារអ្នកដែលចាក់វ៉ាក់សាំងរួចហើយដោយចាក់ដូសជំរុញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្តបើកសាលារៀន បង្កើនការធ្វើតេស្ត និងតម្រូវឱ្យពាក់ម៉ាសក្នុងស្ថានភាពខ្លះ ជំរុញការស្តារសេដ្ឋកិច្ច និងបង្កើនការថែទាំអ្នកឆ្លងជំងឺកូវីដ១៩៕
អ្នកស្រី Patsy Widakuswara នៃវីអូអេ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។